អានតួអត្ថបទ
ភូមា

ការ​ដោះលែង​ព្រះសង្ឃ​ Gambira

អាជ្ញាធរ​ភូមា​​បន្ទាប់ពី​​បាន​​ឃុំ​​ខ្លួន​​ព្រះសង្ឃ​​ដ៏​​ល្បី​​ឈ្មោះ​Gambira​​អស់​​មួយ​​ថ្ងៃ​​ម្សិលមិញ​​មក​ ​បាន​​​​ដោះ​លែង​វិញ​ប៉ុន្មាន​ម៉ោង​ប៉ុ​ណ្ណោះ​ក្រោយ​ពី​​មាន​​ការ​​ប្រឆាំង​​ពី​​សំណាក់​​ទីក្រុង​​វ៉ាស៊ីនតោន។​យោង​តាម​អាជ្ញាធរ​ភូមា ការ​​​ចាប់​ខ្លួន​​សង្ឃ​ ​Gambira ចេញ​ពី​ទី​វត្តអារាម​នៅម្សិលមិញ​​នេះ គឺ​ដើម្បីអនុញ្ញាត​ឲ្យ ​អាជ្ញាធរ​​ ​អាច​សាកសួរ​ចម្លើយ​ពី​បទ​​ដែល​សង្ឃអង្គ​នេះ ហ៊ាន​ចូល​ទាំង​​បំពាន​ទៅ​​កម្ទេច​​សោទ្វារ​នៃ​វត្ត​អារាម​ចំនួន​៣​ដែល​ អាជ្ញាធរបាន​បិទទ្វារ។

Shin Gambira សង្ឃ​អ្នកដឹកនាំដ៏ល្បីម្នាក់​នៃ​ចលនាបដិវត្តន៍ព្រះសង្ឃ​ភូមា​នៅ​ឆ្នាំ ២០០៧​
Shin Gambira សង្ឃ​អ្នកដឹកនាំដ៏ល្បីម្នាក់​នៃ​ចលនាបដិវត្តន៍ព្រះសង្ឃ​ភូមា​នៅ​ឆ្នាំ ២០០៧​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្ត្រីទទួលខុសត្រូវម្នាក់របស់ភូមា ការចាប់ខ្លួន សង្ឃ​ Gambira ​ ដោយ​ហេតុ​មកពី​​សង្ឃអង្គនេះ បាន​បំពាន​ច្បាប់ដោយ​ បាន​​ចូល​លុកលុយ​ក្នុង​ទី​​វត្ត​អារាមចំនួន៣​ដែល​អាជ្ញាធរ​ភូមា​​បាន​​បិទ​ទ្វារបន្ទាប់ពី​ចលនា​បដិវត្តន៍​​លឿងទុំ​​នៅឆ្នាំ ២០០៧។ ​ប៉ុន្តែ បន្ទាប់ពីបាន​សាកសួរ​ចម្លើយ​ពី​សំណាក់​អាជ្ញាធរ​និងការជួយណែនាំពីមេគណរបស់ខ្លួន​មក សង្ឃ Gambira​ ក៏ត្រូវ​បាន​​​គេដោះលែងឲ្យមានសេរីភាពវិញដែរ កាលពីយប់​ថ្ងៃសុក្រម្សិល​​មិញ។​នេះជាការ​អះអាង​បញ្ជាក់​របស់មន្រ្តី​ភូមា។

ការដោះលែងនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់​ពីទីក្រុងវ៉ាស៊ីនតោនបាន​បញ្ចេញ​​​​ប្រតិកម្មយ៉ាងក្លៀវក្លា ​ទាមទារ​​ ឲ្យ​​រដ្ឋាភិបាល​​ស៊ីវិល​ភូមាដោះ​លែង​​ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌសង្ឃ​ ​Gambira​ និង​ឲ្យ​ធ្វើការពន្យល់បំភ្លឺដែរ ពីមូលហេតុ​ពិត​ប្រាកដ​នៃការ​ចាប់​ខ្លួន​នេះ -នេះជាសេចក្តីថ្លែងរបស់លោកស្រី Victoria Nulandអ្នកនាំពាក្យ​នៃ​ក្រសួងការ​បរទេស​អាមេរិក​​​ ។​​

លោកស្រី Victoria Nuland បានបន្ថែម​ទៀត​ថា៖ « ដោយយោង​ទៅលើ​សេចក្តី​​ថ្លែង​ការណ៍ នានា ​​របស់​រដ្ឋាភិបាល​ថ្មី​ភូមាដែលបាន​សន្យាថា នឹងធ្វើកំណែ​ទម្រង់​​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ស៊ី​ជម្រៅ​​​ ក៏​​ព្រមទាំង​​​​​ជំរុញ ដំណើរ​ប្រជាធិបតេយ្យូបនីយកម្មនោះ សហរដ្ឋអាមេរិក អំពាវ​នាវ​ឲ្យ​ភូមា​រក្សា ការពារ​សិទ្ធិ​សេរីភាពជាមូលដ្ឋាន របស់​ពលរដ្ឋខ្លួន​ជាទូទៅដែរ »។

គួរ​​រំលឹក​ថា ព្រះសង្ឃ ​Gambira  ​ត្រូវ​បាន​របប​សឹក​កាន់​អំណាច​នៅ​ភូមា​​ចាប់​ខ្លួន​​និង​ផ្តន្ទា​ទោស​ដាក់ ​ពន្ធនាគារ​ចំនួន​៦៨​ឆ្នាំ​ពី​បទ​បាន​ដើរ​តួ​នាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ ដឹកនាំ​ចលនា​បដិវត្តន៍​លឿង​ទុំ​ដែល​ជា​មហា​បាតុកម្ម​​របស់​ព្រះសង្ឃ​ភូមា​នៅ ​ឆ្នាំ​២០០៧។

ម្យ៉ាងទៀត​ការចាប់ខ្លួនសង្ឃ Gambira ម្សិលមិញ​ក៏បាន​ប្រព្រឹត្តទៅ នៅ​ខណៈ​ដែលរបប​ថ្មីភូមា​បង្កើន​កាយវិការ​បើកចំហ របស់ខ្លួន​ចាប់តាំង​ពី​ច្រើន​ខែ​កន្លង​មក​ហើយ ​ក្នុងគោលដៅដើម្បី កុំឲ្យ​ប្រទេសភូមា ស្ថិត​នៅ​តែល​តោល​​ឯកា ​តទៅមុខទៀត។

របបសឹក​ភូមាបានរំលាយខ្លួនឯង និង​ផ្ទេរអំណាចរបស់​ខ្លួន​ទៅ​ឲ្យរដ្ឋាភិបាល​ថ្មី​មួយ​នៅ​ឆ្នាំ​២០១១​​ដែលខ្លួន​ហៅថាជារដ្ឋាភិបាលស៊ីវិល ក៏ប៉ុន្តែនៅតែកាន់កាប់ដោយ​អតីត​មេទាហាន​ភូមា​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ