រុស្ស៊ី-អ៊ីរ៉ង់ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 10 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 10 សីហា 2012

ទីក្រុងម៉ូស្គូ​កំញើញ​ឈប់គាំទ្រ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​

ទីក្រុងម៉ូស្គូ​កំញើញ​ឈប់គាំទ្រ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​
ទីក្រុងម៉ូស្គូ​កំញើញ​ឈប់គាំទ្រ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​
© កែវ​ ឆាយា

ដោយ កែវ ឆាយា

ឈប់គាំទ្រនេះ​ ប្រសិន​បើអ៊ីរ៉ង់​នៅតែ​ពុំព្រម​ដក​ទៅវិញទេ​ពាក្យប្តឹង​ទៅ​ “តុលាការ​មជ្ឈត្ត​វិនិច្ឆ័យ” ​( Cour d’arbitrage )​ នៅក្រុង​ ហ្សឺណែវ​ ទល់នឹង​រុស្ស៊ី ​ឲ្យរុស្ស៊ី​សង​ជម្ងឺចិត្ត​អ៊ីរ៉ង់​ក្នុងទឹកប្រាក់​ដល់ទៅ ​៤.០០០​លាន​ដុល្លារអាមេរិក​ចំពោះការ​ដែល​ទីក្រុង​ម៉ូស្គូ ​ដោយបំពេញ​តាម​សេចក្តី​សម្រេច​ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ប្រកែក​មិនលក់​ទៅឲ្យ​អ៊ីរ៉ង់​នូវ​ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែនអាកាស​ធុន​ S-300​ តែក្នុង​តម្លៃ​ ៨០០លាន​ដុល្លារ​ប៉ុណ្ណោះ។

សេចក្តីរាយការណ៍របស់​ កែវ ឆាយា
 

10/08/2012 by កែវ ឆាយា

ដំណឹងនេះ​ ទើបចុះ​ផ្សាយ​ដោយកាសែត​ដ៏ហំហួន​នៃក្រុង​ម៉ូស្គូ​ ឈ្មោះ ​Kommersant យោង​ទៅលើ​ប្រភព​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី​ ដែល​ហៅ​ពួក​អ៊ីរ៉ង់​ ថាជាពួក​”អកតញ្ញូ”​ ពីព្រោះ​ពួកគេ​ មិនចេះ​ឲ្យតម្លៃ​ដល់ការ​ខិតខំ​របស់​ម៉ូស្គូ​ ការពារ​យ៉ាង​ខ្ជាប់ខ្ជួន​ មហិច្ឆិតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។​ រួច​ឥឡូវ​ ដោយ​មក​ពីកាយវិការ​”មិនល្អមើល”​ របស់​អាជ្ញាធរ​អ៊ីរ៉ង់​ដែល​បាន​ដាក់ពាក្យ​ប្តឹង​ទល់​នឹង​រុស្ស៊ី ​ហើយ​ប្រកែក​ពុំព្រម​ដកពាក្យ​ប្តឹងនោះ​ទៅវិញ​ ម៉ូស្គូ​នឹងមួលខ្ចៅ​បន្តឹង​គោល​ជំហរ​ខ្លួន​ ដោយ​ចម្លង​រឿង​ដែលមាន​ ចេញ​ពី​ផ្ទៃតុលាការ​ទៅក្នុង​ផ្ទៃនយោបាយ​តែម្តង។

 
ប្រភព​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី ​ក៏បង្ហើប​ឲ្យកាសែត​ Kommersant​ ដឹងថា ៖​ទៅទល់​កិច្ច​ប្រជុំ​មួយ​លើកថ្មី​ នៃ ​៦អន្តរការី​អន្តរជាតិ​ទទួល​បន្ទុក​ខាង​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង​ ពោលគឺ​ ៥ប្រទេស​ សមាជិក​អចិន្ត្រៃយ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​. និង​អាល្លឺម៉ង់​ដែល​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ ដែល​នឹងធ្វើ​នៅម៉ូស្គូ​ចុង​ខែសីហា​នេះ ​គណៈប្រតិភូ​រដ្ឋាភិបាល​រុស្ស៊ី ​នឹងសាកល្បង​បញ្ចុះ​បញ្ចូល​អ៊ីរ៉ង់​ ឲ្យដក​ពាក្យ​បណ្តឹង​នោះ​ទៅវិញ​ទៅ​ ពុំនោះ​សោតទេ​ អ៊ីរ៉ង់​នឹង​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​ខ្លួន​លើឆាក​អន្តរជាតិ​ គឺតែ​ដោយម្ចាស់ការ​ខ្លួនឯងទៅ។
 
រីឯ​ប្រភព​ក្នុង​ក្រសួង​ការបរទេស​រុស្ស៊ី​ ខ្សឹបប្រាប់​កាសែត​នេះថា​ ពួកអ្នក​ការទូត​រុស្ស៊ី​ បាន​ទទួល​បទបញ្ជា​ឲ្យនា​កិច្ចចរចា​ជាមួយ​ភាគី​អ៊ីរ៉ង់​ប្រកាន់​ខ្ជាប់នូវ​បន្ទាត់​ខាងលើ។
ចំណែក​ប្រភព​ក្នុងវិមាន​ក្រេមឡាំង​ បានថ្លែងថា​ ៖ “ម៉ូស្គូ ​នៅតែ​សង្ឃឹម​ និយាយ​ឲ្យបាន​ត្រូវគ្នា​ជាមួយ​ក្រុង​តេហេរ៉ង់​ក្នុងស្មារតី​ ”យល់យោគគ្នា​ និង​ នៅក្រៅ​ផ្លូវតុលាការ”
 
ដូចគេដឹងស្រាប់ ​ម៉ូស្គូ​តែង​ចេញមុខ​ប្រឆាំង​នឹងការ​បន្តឹង​ទណ្ឌកម្ម​ថែមទៀត​ទល់នឹង​អ៊ីរ៉ង់​ហើយ ​រមែង​ស្ថិត​នៅខាង​ធ្វើដំណោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​តែតាម​ផ្លូវចរចា។​ ប៉ុន្តែ​ បើកិច្ច​ចរចានោះ ​នៅតែ​ធ្លាក់​ក្នុងបរាជ័យ​ ហើយ​ក្នុង​លក្ខណៈ​កាល​ដែល​រុស្ស៊ី​ដកខ្លួន​ ឈប់គាំទ្រ​អ៊ីរ៉ង់​នោះ​ប្រទេសនេះ​ មុខជា​នឹង​ក្រោម​ការ​គំរាម​ជាពុំខាន​ដោយ​ការវាយ​ប្រហារ​ពីខាង​អ៊ីស្រាអែល។
 
គួររំលឹកថា ​គឺក្នុងឆ្នាំ​២០០៧​ដែល​អ៊ីរ៉ង់​បានចុះ​កុងត្រា​ទិញ​ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែន​អាកាស​ ធុន ​S-300 ​ចំនួន​៤ប្រព័ន្ធ​ពី​រុស្ស៊ី​ក្នុង​ទឹកប្រាក់​ ៨០០លាន​ដុល្លារ​ ប៉ុន្តែ​ លោកប្រធានាធិបតី ​មេដវេដេវ​ នៅខែ​មិថុនា​ឆ្នាំ២០១០​ ដោយ​គោរព​តាម​សេចក្តី​សម្រេច​លេខ ១៩២៩ ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាងលក់​អាវុធ​ទៅក្រៅ ​ហៅថា ​RosOboronExport ​កុំឲ្យ​បំពេញ​កុងត្រា​នេះអី។​ ទោះបី​រុស្ស៊ី ​បានសង​ទៅអ៊ីរ៉ង់​នូវ​ប្រាក់កក់​ ក្នុង​ទំហំ​ ១៦៧លាន​ដុល្លារក្តី​ ក៏អ៊ីរ៉ង់​នៅតែ​មិនស្ងប់ចិត្ត​ ហើយ​មានះ​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ​មជ្ឈត្ត​វិនិច្ឆ័យ​ក្រុង​ Genève​ ទារ​ជម្ងឺចិត្ត​ពីរុស្ស៊ី​ដល់ទៅ ​៤.០០០លាន​ដុល្លារឯណោះ៕

tags: ដើមបូព៌ា - ទំនាក់ទំនងអន្តរជាតិ - នុយក្លេអ៊ែរ - រុស្ស៊ី - អាស៊ី - អឺរ៉ុប - អ៊ីរ៉ង់
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close