សាលាឧទ្ធរណ៍បន្តសម្រេចឲ្យលោក មឿង សុន ជាប់ពន្ធនាគារ
នៅរសៀលថ្ងៃអង្គារនេះ ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សេចក្តីសម្រេច ផ្តន្ទាទោសកំបាំងមុខលោក មឿង សុន ដោយដាក់ពន្ធនាគារ ២ ឆ្នាំ។ ក៏ប៉ុន្តែតុលាការ បាន បន្ធួរបន្ថយលើការបង់ប្រាក់ពិន័យ និងកែប្រែបទចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត មកជាបទញុះញង់។ លោក មឿង សុន ជាប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការខាងវប្បធម៌ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ ១៥ លានរៀល ពីបទផ្សាយព័ត៌មានមិនពិត។ ការផ្តន្ទាទោស ដោយសារតែលោក មឿង សុន បានរិះគន់លើការដាក់អំពូលភ្លើង នៅប្រាសាទអង្គរវត្ត កាលពីខែកក្កដា ឆ្នាំ២០០៩។
លោកស្រី ចាំង ម៉ាឌីណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដែលមានចៅក្រម ៣ រូប របស់តុលាការសាលាឧទ្ទរណ៍ បានប្រកាសតម្កល់សេចក្តីសម្រេចផ្តន្ទាទោសកំបាំងមុខលើករណីលោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ កាលពីរសៀលថ្ងៃអង្គារនេះ។ នោះគឺការរក្សាការផ្តន្ទាទោស លោក មឿង សុន ដែលកំពុងស្នាក់នៅប្រទេសថៃ ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ។
ក៏ប៉ុន្តែក្នុងសាលដីកា ដែលប្រកាសនៅមុននេះ ចៅក្រមក៏បានសម្រេចបន្ធូរបន្ថយលើការពិន័យបង់ប្រាក់ពី ១៥ លានរៀល មកនៅត្រឹម ៤ លានរៀល និងកែប្រែបទចោទប្រកាន់លោក មឿង សុន ពីបទផ្សាយព័ត៌មានមិនពិត មកជាបទញុះញង់ ស្របតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី។
កាលឆ្នាំ២០០៩ លោក មឿង សុន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ ១៥ លានរៀល ពីបទផ្សាយព័ត៌មានមិនពិត តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានប្តឹងលោក មឿង សុន បន្ទាប់ពីលោកបានថ្លែងតាមកាសែតចំពោះការដាក់អំពូលភ្លើង លើជញ្ជាំងប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នៅពេលយប់។ តាមលោក មឿង សុន ការដាក់អំពូលភ្លើងកាលនោះ នាំអោយជះកំដៅ ប៉ះពាល់ប្រាង្គប្រាសាទអង្គរវត្ត។
ក្រោយពីកើតរឿងប្តឹងផ្តល់នៅតុលាការ អំពូលភ្លើងដែលជាការវិនិយោគរបស់ក្រុមហ៊ុនឯកជន ត្រូវបានដកចេញអស់រលីង ពីប្រាសាទអង្គរវត្ត។
យ៉ាងណាក៏ដោយ លោក សុក សំអឿន មេធាវីការពារក្តីលោក មឿង សុន គ្រោងនឹងប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល ដើម្បីប្រឆាំងសេចក្តីសម្រេច របស់តុលាការសាលាឧទ្ធរណ៍ខាងលើ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







