អានតួអត្ថបទ
អាស៊ាន

អាល្លឺម៉ង់៖ អាស៊ាន​គួរ​ពិចារណា​លើ​ភូមា​ដែល​​ចង់​ធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ ២០១៤

នៅក្នុង​វេទិកា​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​សិង្ហបុរី នៅថ្ងៃ​ព្រហស្បតិ៍ទី ២ មិថុនា នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ជម្រុញ​ឲ្យ​សមាគម​អាស៊ាន​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់ និង និយាយ​បើកចំហ​​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅភូមា មុន​នឹង​ប្រគល់​តំណែង​ប្រធាន​អាស៊ាន ទៅ​ឲ្យ​ភូមា កាន់កាប់ សម្រាប់​ឆ្នាំ ២០១៤។ សម្រាប់​លោកស្រី Angela Merkel បេសកកម្ម​ដើម្បី​ភូមា​គោរព​​​លទ្ធិ​ប្រជាធិបតេយ្យ​​មិន​មែន​ជា​ការងារ​របស់​របស់​​តំបន់​អាស៊ីអាគ្នេយ៍​តែមួយ​ប៉ុណ្ណោះទេ ប៉ុន្តែ​វាជា​ករណីកិច្ច​​ដែល​ពិភពលោក​ទាំងមូល​ត្រូវ​តែអនុវត្ត​ឲ្យ​បាន។

លោកស្រី Angela Merkelថ្លែង​នៅក្នុង​វេទិកា​ក្នុង​ទីក្រុង​សិង្ហបុរី នៅថ្ងៃទី ២ មិថុនា ២០១១ ដោយ​សុំ​ឲ្យ​អាស៊ាន​ពិចារណា​ល្អិតល្អន់​លើរឿង​ដែល​ភូមា​ចង់​ធ្វើ​ជា​ប្រធាន​អាស៊ាន ឆ្នាំ ២០១៤
លោកស្រី Angela Merkelថ្លែង​នៅក្នុង​វេទិកា​ក្នុង​ទីក្រុង​សិង្ហបុរី នៅថ្ងៃទី ២ មិថុនា ២០១១ ដោយ​សុំ​ឲ្យ​អាស៊ាន​ពិចារណា​ល្អិតល្អន់​លើរឿង​ដែល​ភូមា​ចង់​ធ្វើ​ជា​ប្រធាន​អាស៊ាន ឆ្នាំ ២០១៤ ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​សិង្ហបុរី ដែល​ជាស្ថាបនិក​ដំបូងគេ សមាគម​អាស៊ាន លោកស្រី​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​បង្ហាញ​ជំហរ​រារែក មិន​គាំទ្រ​ឲ្យ​ភូមា​ធ្វើ​ជា​ប្រទេស​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅឆ្នាំ ​២០១៤។ និយាយ​ទៅកាន់​មន្រ្តី​រដ្ឋាភិបាល មន្រ្តីទូត​បរទេស នៅក្នុង​វេទិកា រៀបចំ នៅថ្ងៃនេះ ក្នុង​ទីក្រុង​សិង្ហបុរី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​បញ្ជាក់​ត្រង់ៗ​ថា លោកស្រី​មាន​ការព្រួយ​បារម្ភ នៅពេល​ឃើញ​ភូមា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ប្រាថ្នា​ចង់​ធ្វើ​ជា​ប្រធាន​អាស៊ាន ឲ្យ​ខានតែបាន នៅឆ្នាំ ២០១៤។

 
បើតាម​លោកស្រី Angela Merkel ថ្នាក់ដឹកនាំ​ភូមា​បច្ចុប្បន្ន មិន​ទាន់​បាន​បង្ហាញ​ពីចេតនា​ពិតប្រាកដ​របស់​ពួកគេ​ក្នុង​ការដើរ​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ ដូច្នេះ​លោកស្រី​សុំ​​ជម្រុញ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​និយាយ​លើក​ឡើង​ពី​បញ្ហា​នៅ​ភូមាឲ្យ​បាន​ទូលំទូលាយ។ ​ភូមា​បានរៀបចំ​ការបោះឆ្នោត និង​បាន​ប្តូរ​​នយោបាយ​ពី​ការគ្រប់គ្រង​ដោយ​របបសឹក មក​ជា​រដ្ឋាភិបាល​ស៊ីវិល ប៉ុន្តែ ភូមា នៅតែ​ត្រូវ​អង្គការ​ការពារ​សិទ្ធិមនុស្ស​រិះគន់​ថា នៅ​បន្ត​នយោបាយ​បិទ​សេរីភាព និង​គាបសង្កត់ គណបក្ស​ប្រឆាំង។ ថ្មីៗនេះ អាមេរិក​ទើប​សម្រេច​បន្ត​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ភូមា។

សូម​រំលឹកថា ដោយសារ​អន្តរជាតិ​បាន​ដាក់គំនាប​ខ្លាំង​លើ​ស្ថានភាព​មិន​គោរពសិទ្ធិ​មនុស្ស ភូមា​ត្រូវ​បោះចោល​តំណែង​ប្រធាន​អាស៊ាន ឆ្នាំ ២០០៦ ទៅ​ឲ្យ​ប្រទេស​ឡាវ។ ដើម្បី ឆ្លើយតប​នឹង​ការទាមទារ​របស់​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត របបសឹក​បាន​រៀបចំ​ការបោះឆ្នោត ប្តូរ​របបនយោបាយ ថ្មី និង ចេញមុខ ប្រញាប់រួសរាន់​ដើម្បី​ទាមទារ​តំណែង​ខ្លួនមក​វិញ គឺ​ធ្វើ​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ ២០១៤។ ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន​ ថ្នាក់​រដ្ឋមន្រ្តីការ​បរទេស អាស៊ាន នៅដើម​ខែ​ឧសភា បាន​សម្រេច​ឲ្យ​ភូមា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០១៤។

អ្នកវិភាគ​ខ្លះ​មើលឃើញថា ប្រតិកម្ម​របស់​ថ្នាក់ដឹកនាំ​​អាល្លឺម៉ង់ មក​ពី​អឺរ៉ុប នឹង​អាច​ធ្វើ​ប្រទេស​សមាជិក​អាស៊ាន​គិតពិចារណា​ឡើងវិញ​ថា​តើ​គេ​គួរទុក​ឲ្យ​ភូមា​ឡើង​ធ្វើ​ប្រធាន​អាស៊ាន ដែរឬទេ? ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ធ្លាប់​បាន​និយាយ​ថា ភូមា​បច្ចុប្បន្ន​នៅតែ​រុំព័ន្ធ​ដោយ​ការរិះគន់ ដូចជា​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​ការចាប់ឃុំ​អ្នកទោស​នយោបាយ​ជាង ២០០០​នាក់។ ដូច្នេះ ការ​ផ្តល់តំណែង​ប្រធាន​ដឹកនាំ​អាស៊ាន​ទៅ​ឲ្យ​ភូមា នឹង​ធ្វើប្រទេស​សមាជិក​​អាស៊ាន​ដទៃ​ទៀតទើសទាល់ខ្លាំង ពីព្រោះ​អាស៊ាន​ពេលនេះ​កំពុង​ស្វែងរក​ការជឿទុកចិត្ត ក្នុង​នយោបាយ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ