បក្សប្រឆាំងចាប់ផ្តើមពិភាក្សានៅហ្វីលីពិនអំពីការរួបរួមគ្នា

ថ្នាក់ដឹកនាំគណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ចាប់ផ្តើមការពិភាក្សាគ្នានៅប្រទេសហ្វីលីពិនអំពីការរួបរួមគ្នានៅថ្ងៃចន្ទនេះ ក្នុងគោលដៅដើម្បីឲ្យគណបក្សទាំងពីរមានកម្លាំងកាន់តែខ្លាំងឡើងដើម្បីប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រោយការបញ្ចប់ការពិភាក្សាអំពីការរួបរួមគ្នាមក គណបក្សសម រង្ស៊ីនឹងនៅបន្តជជែកពីបញ្ហាផ្ទៃក្នុងទៀត។
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សត្រូវការរយៈពេល២ថ្ងៃគឺថ្ងៃទី១៦និងថ្ងៃទី១៧កក្កដា ដើម្បីជជែកអំពីផែនការរួបរួមគ្នាប្រជែងទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
មានបៀបវារៈសំខាន់ពីរដែលត្រូវគ្រោងដាក់លើតុពិភាក្សានាទីក្រុងម៉ានីប្រទេសហ្វីលីពីន។ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីលោកគីមសួរ ភីរិទ្ធ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃនេះចន្ទនេះថា គណបក្សទាំងពីរនឹងជជែកអំពីរបៀបនាំនៃការបញ្ចូលគ្នានិងយុទ្ធសាស្ត្រនៃការប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០១៣ក្រោយនេះ។
ការចរចា រួបរួមគ្នានេះ ត្រូវដឹកនាំដោយលោក សម រង្ស៊ីនិងលោកគឹម សុខា។យោងតាមលោកគីមសួរ ភីរិទ្ធ ប្រតិភូថ្នាក់ដឹកនាំរបស់គណបក្សសម រង្ស៊ីទាំងអស់ជាង២០រូប រួមមានសមាជិកអចិន្ត្រៃយ៍ និងតំណាងគណបក្សខេត្តមួយចំនួនបានទៅចូលរួមក្នុងកិច្ចប្រជុំនេះ។
តំណាងរាស្ត្រគណបក្សសម រង្ស៊ីដដែលដែលមិនបានទៅចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះអត្ថាធិប្បាយថា លោកមានគំនិតសុទិដ្ឋិនិយមចំពោះលទ្ធផលនៃកិច្ចចរចាររវាងគណបក្សដែលអះអាងថា ជាគណបក្សប្រឆាំងទាំងពីរនេះ ប្រសិនបើគណបក្សទាំងពីរទុកប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋជាធំនោះ។
ពីគណបក្សសិទ្ធិមនុស្សវិញ លោកអ៊ូ ចន្ទឬទ្ធិដែលជាអគ្គហិរញ្ញិកបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិដែរថា លោកមានក្តីសង្ឃឹមច្រើនថា គណបក្សទាំងពីរនឹងអាចសម្រេចបានលទ្ធផលល្អនៃការរួបរួមគ្នានេះ។ មូលហេតុចំបងមួយដែលលើកទឹកអោយគណបក្សប្រឆាំងទាំងពីរឈានជើងដើររកគ្នាវិញនោះ គឺការទទួលបានសំឡេងឆ្នោតគាំទ្រច្រើននៅក្នុងការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះរបស់ គណបក្សសិទ្ធិមនុស្ស នេះបើតាមលោកអ៊ូ ចន្ទឬទ្ធិ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៨កក្កដា ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សនឹងត្រឡប់មករាជធានីភ្នំពេញវិញ ចំណែកឯសមាជិកជាន់ខ្ពស់របស់គណបក្សសម រង្ស៊ីនឹងនៅបន្តជជែកអំពីការងារផ្ទៃក្នុងរបស់គណបក្សបន្តទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ