សភាឌូម៉ា ត្រូវអារកាត់ តើលោក មេដវេដេវ គួរធ្វើជានាយករដ្ឋមន្ត្រី ឬទេ ?

លោក មេដវេដេវ ដែលទើបអស់អាណត្តិជាប្រធានាធិបតី ត្រូវបានលោក ពូទីន ថ្ងៃ៧ឧសភាម្សិលមិញ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីពេញសិទ្ធិភ្លាម ស្នើជាផ្លូវការឲ្យដឹកនាំរដ្ឋាភិបាលវិញ។ ប៉ុន្តែបេក្ខភាពជាប្រមុខរដ្ឋាភិបាលត្រូវទទួលការអនុម័ត ខានមិនបាន ដោយសភាឌូម៉ា។
ស្របនឹងរដ្ឋធម្មនុញ្ញ ដើម្បីជាប់ជានាយករដ្ឋមន្ត្រី បេក្ខភាពនៃសាមីបុគ្គលនោះ ត្រូវទទួលការអនុម័ត ដោយសំឡេងពួកអ្នកតំណាងរាស្ត្រ ក្នុងចំនួនយ៉ាងហោចណាស់ ៥០%+១ សំឡេងពីក្នុងចំណោម ៤៥០ អាសនៈដែលមាននៅក្នុងសភាឌូម៉ា ពោលគឺ ២២៦ សំឡេង។
ជាការរម្លឹក ក្នុងសភាឌូម៉ានីតិកាលបច្ចុប្បន្ននេះ អាសនៈបែងចែកដូចតទៅ ៖ គណបក្សកាន់អំណាច ឈ្មោះ “ប្រទេសរុស្ស៊ីរួមធ្លុងមួយ“ មានអាសនៈភាគច្រើនដល់ទៅ ២៣៨ ឯណោះ ដូច្នេះគឺគ្រប់គ្រាន់ពេកសម្រាប់គាំទ្រដល់បេក្ខភាពលោក មេដវេដេវ។ ប៉ុន្តែ ទោះបី ប្រធានក្រុមពួកអ្នកតំណាងរាស្ត្របក្សនេះបានអះអាងថា គេនឹងបោះឆ្នោតគាំទ្របេក្ខភាពលោកមេដវេដេវក្តី ក៏តំណាងរាស្ត្រខ្លះនៃបក្សនេះ ក្នុងសម្ភាសន៍ទៅកាសែតធ្លាប់បានព្រលយពាក្យថា តើលោកមេដវេដេវ មានឧបការគុណណាខ្លះ សម្រាប់ជាប់ជានាយករដ្ឋមន្ត្រី?
គណបក្សប្រឆាំងដ៏ធំបំផុត គឺបក្សកុម្មុយនិស្ត ដែលមាន៩២អាសនៈ បានថ្លែងទៅហើយថា នឹងបោះឆ្នោតជំទាស់ទល់នឹងបេក្ខភាពលោក មេដវេដេវ ពីព្រោះគាត់តែងបានប្រកាសថា អនាគតរដ្ឋាភិបាលគាត់នឹងប្រកាន់យកបន្ទាត់នយោបាយដូចមុនដដែល ហេតុដែលតាមមតិពួកកុម្មុយនិស្ត គឺនឹងនាំឲ្យអ្នកក្រកាន់តែក្រ អ្នកមានកាន់តែមាន។
គណបក្សជាតិនិយម ហៅកាត់ថា LDPR ល្បីខាងបត់បែនទៅតាមកាលៈទេសៈ ដែលមាន ៥៦អាសនៈ ហើយដែលពេលថ្មីៗ តំណាងរាស្ត្រម្នាក់របស់គេ ត្រូវបានលោកមេដវេដេវ ក្នុងឋានៈ ជាប្រធានាធិបតីនៅឡើយ ចេញក្រឹត្យតែងតាំងជាអភិបាលនៃខេត្តមួយបានថ្លែងដោយកតញ្ញូថា គេនឹងបោះឆ្នោតគាំទ្របេក្ខភាពគាត់តែម្តង។
គណបក្សប្រឆាំងឈ្មោះ “ប្រទេសរុស្ស៊ីយុត្តិធម៌” ដែលមាន៦៤អាសនៈ បានឲ្យដឹងថា គេបោះឆ្នោតគាំទ្រ ឬមិនគាំទ្រអាស្រ័យនឹង ”ការតថ្លៃគ្នា” ទាំងជុំវិញតំណែងក្នុងអនាគតរដ្ឋាភិបាល ក៏ដូចជាជុំវិញមុខព្រួញនានានៃនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនោះ។
គោលជំហរគណបក្សទាំង៤ មានរំលេចឲ្យឃើញ នាកិច្ចពិគ្រោះប្តូរយោបល់ ធ្វើដោយ លោក មេដវេដេវ ជាមួយថ្នាក់ដឹកនាំសភាឌូម៉ា តាំងពីរសៀលម្សិលមិញមក។ កិច្ចពិគ្រោះនេះ បានបន្តទៅពេញមួយព្រឹកនេះទៀត។
សម័យប្រជុំពេញអង្គផ្ទាល់នៃសភាឌូម៉ា ដើម្បីពិនិត្យមើលបេក្ខភាពលោក មេដវេដេវ នឹង ចាប់ផ្តើម គឺនៅម៉ោង៣រសៀល ដោយបទអន្តរាគមន៍ លោកប្រធានាធិបតី ពូទីន បង្ហាញ អំពីគុណសម្បត្តិលោក មេដវេដេវ សម្រាប់ធ្វើជាប្រមុខរដ្ឋាភិបាល។ បន្ទាប់មក គឺលោក មេដវេដេវ ដែលនឹងឡើងថ្លែងសុន្ទរកថា លាតត្រដាងអំពី ”កម្មវិធីអនាគតរដ្ឋាភិបាលរុស្ស៊ី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ