កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 15 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 16 កក្កដា 2012

លោក​ម៉ម ​សូណង់ដូ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ទាក់ទង​បញ្ហា​ដីធ្លី​

លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz​ នៅព្រលានយន្តហោះភ្នំពេញ​នាពេលត្រឡប់មកកម្ពុជាវិញ
លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz​ នៅព្រលានយន្តហោះភ្នំពេញ​នាពេលត្រឡប់មកកម្ពុជាវិញ
RFI/Siv Channa

ដោយ ប៉ែន បូណា

លោក​ម៉មសូណង់ដូ​ប្រធាន​​សមាគម​​អ្នក​ប្រជាធិបតេយ្យ​និង​​ជា​នា​យក​​វិទ្យុ​​សំបុក​​ឃ្មុំ​FM ​105​ MHz​ ត្រូវ​បាន​​សមត្ថកិច្ច​​ចាប់​ខ្លួន​​បញ្ជូន​ទៅ​​ក្រសួង​មហាផ្ទៃ​​ហើយ​​នៅ​​ព្រឹក​ថ្ងៃ​អាទិត្យ​​នេះ។​ការ​ចាប់​ខ្លួន​​នេះ​​បាន​ធ្វើ​​ឡើង​​តាម​​ដីកា​​របស់​​តុលាការ​ខេត្ត​​ក្រចេះ​​ក្រោម​​បទ​ចោទ​ប្រកាន់​​ចំនួន​៤​ករណី​​ទាក់ទង​​នឹង​​ការ​​ញុះញង់​​ប្រជាពលរដ្ឋ​​ឲ្យ​​កាន់​​អាវុធ​​ខុសច្បាប់​និង​​ប្រឆាំង​​អាជ្ញាធរ​​ស្រប​ច្បាប់។​ អង្គការ​​ការពារ​​សិទ្ធិ​មនុស្ស​​បាន​​ហៅ​​ការ​ចាប់​ខ្លួន​​នេះ​ ​ថា​​ជា​ការ​​រំលោភ​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ​និង​​អំពាវនាវ​​ឲ្យ​​សមត្ថកិច្ច​​ដោះលែង​​លោក​ ម៉ម ​សូណង់ដូ​ឲ្យ​​មាន​​សេរីភាព​​ឡើង​វិញ។

សេចក្តី​រាយការណ៍​របស់ ប៉ែនបូណាពីភ្នំពេញ
 

15/07/2012 by ប៉ែន បូណា

ក្នុង​កម្លាំង​​ប៉ូលិស​​ក្រសួង​មហាផ្ទៃ​​​រាប់​សិប​​នាក់​​បាន​​ចុះ​ទៅ​​ចាប់​ខ្លួន​​លោក​​ម៉ម​ សូណង់ដូ​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​ ក្នុង​​គេហដ្ឋាន​​របស់​លោក​​នៅ​ក្នុង​​សង្កាត់​​​បឹងទំពុន​ខណ្ឌ​មានជ័យ​​រាជធានី​​ភ្នំពេញ។​ ក្រុមប៉ូលិស​បានបង្ហាញ​ដីកាចាប់ខ្លួន​ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្តក្រចេះ​ចុះ​ថ្ងៃទី២ខែកក្កដា​ឆ្នាំ២០១២ ។

 
យោងតាម​ដីកាចាប់ខ្លួន​នោះ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ទាក់ទង​នឹង​ការ​ផ្តួ​ម​ផ្តើមគំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ, បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុសច្បាប់​ទៅ​នឹង​​ការបំពេញ​មុខងារសាធារណៈ​របស់​អាជ្ញាធរ, បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់​និងបទ​ប្រឆាំង​អាជ្ញាធរ​ស្របច្បាប់។ បន្ទាប់ពី​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ ត្រូវបាន​បញ្ជូនទៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។
 
ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ នៅពេលនេះ​គឺជា​ប់​ពាក់​ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ រហូតដល់​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្ក្រាប កាលពី​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១២ ​កន្លងទៅ។ រដ្ឋាភិបាល​បាន​ហៅ​ករណី​នោះ​ថា​ជា​ចលនា​ចាប់ដី​ខុសច្បាប់​ដែលមាន​មេខ្លោង​នៅ​ពី​ក្រោយខ្នង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​តំបន់អបគមន៍។
 
ព្រឹត្តិការណ៍​បង្ក្រាប​នោះបាន​នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់​ខ្លួន។ មនុស្ស​យ៉ាងហោចណាស់៥នាក់​ផ្សេងទៀត​ក្នុងនោះ​មានឈ្មោះ​ប៊ុន រដ្ឋាដែលជា​សមាជិក​​​សមាគម​អ្នកប្រជាធិបតេយ្យ​របស់​លោកម៉មសូណង់ដូត្រូវបាន​គេ​ចាត់ទុកជា​មេ​ខ្លោង​​ដែល​ត្រូវ​តាម​ចាប់ខ្លួន។
 
ក្រោយមកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាស​ជា​សាធារណៈ​ថាជាមេខ្លោង​នៅ​ពី​ក្រោយ​​​ខ្នង​ធំ​បំផុត​ក្នុង​រឿងនេះ​គឺប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យដែល​គេ​ស្គាល់​ថា​គឺ លោក​ ​ម៉ម សូណង់ដូ ។ ប៉ុន្តែ លោក​ម៉ម សូណង់ដូដែល​កាលណោះ​កំពុងស្ថិត​នៅឯ​សហ​រដ្ឋ​អាមេរិក​បាន​បដិសេធ​ការចោទប្រកាន់​នេះ។ លោក​បាន​វិលត្រឡប់​មកដល់​ភ្នំពេញ​វិញ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​នេះ។
 
លោក ចាន់ សូ​វ៉េ​តមន្ត្រី​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​របស់​សមាគម អាដហុក បាន​ហៅ​ការ​ចាប់​ខ្លួន​​លោក ម៉ម សូណង់ដូ ថា​ជាការ​រំ​លោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរនិង​ជាការ​គំរាមកំហែង​អ្នក​ប្រជា​ធិបតេយ្យ។ លោក​អះអាងថា មុននឹង​ចាប់ខ្លួន​អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់​លាស់។ បើតាម​លោក ចាន់ សូ​វ៉េ​ត ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ផ្តល់​មេធាវី​ម្នាក់​គឺ លោក​មេធាវី សុក សំអឿន នាយក​គម្រោង​ការពារ​សិទ្ធិ​កម្ពុជា( CDP) ដើម្បី​ការពារ​លោក ម៉ម សូណង់ដូ។
 
លោក បាន​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក​ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​គ្រោង​ជួបប្រជុំគ្នា​នៅ​ថ្ងៃស្អែក និង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ ផងដែរ៕

 

tags: កម្ពុជា - ជម្លោះដីធ្លី - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close