កម្ពុជា-សហរដ្ឋ​អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 30 វិច្ឆិកា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 30 វិច្ឆិកា 2011

កងទ័ព​កម្ពុជា និង​កង​ម៉ារីន​អាមេរិក ជួបគ្នា ក្នុង​សមយុទ្ធ​សង្គ្រោះ​មនុស្សធម៌

ទាហានអាមេរិក​ជួប​ប្រជុំ​ជាមួយ​កង​ទាហាន​កម្ពុជា​ នៅ​​ព្រឹក​ថ្ងៃទី​៣០​ខែ​វិច្ឆិកា​ ឆ្នាំ២០១១។
ទាហានអាមេរិក​ជួប​ប្រជុំ​ជាមួយ​កង​ទាហាន​កម្ពុជា​ នៅ​​ព្រឹក​ថ្ងៃទី​៣០​ខែ​វិច្ឆិកា​ ឆ្នាំ២០១១។
© ចាន់ណា/rfi

ដោយ លី ម៉េងហួរ

នៅ​ថ្ងៃ​ពុធ​នេះ កងទ័ព​កម្ពុជា និង​កងទ័ព​ម៉ារីន​អាមេរិក បាន​បើក​កិច្ចប្រជុំ ស្តីពី សមយុទ្ធ​ផ្តល់ ជំនួយ​សង្គ្រោះ ក្នុង​គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌។ កិច្ចប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ គឺ​ជា​លំ​ហាត់​សមយុទ្ធ​បែប​ធ្វើ​ត្រាប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ចែក​រំលែក​បច្ចេកទេស​ឆ្លើយ​តប និង​ផ្តល់​ជំនួយ​សង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌ ដើម្បី​លើក​កម្ពស់ និង​សម្របសម្រួល​ទំនាក់ទំនង​ប្រកប​ដោយ​វិជ្ជាជីវៈ។

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ
 

30/11/2011

កិច្ចប្រជុំ​ស្តីពី​លំហាត់​សមយុទ្ធ ក្នុង​ការផ្តល់​ជំនួយ​សង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌ រវាង​កងទ័ព​កម្ពុជា និង​កង​ទាហាន​ម៉ារីន​របស់​អាមេរិក​ពេលនេះ ក្រៅ​តែ​ពី​រឹត​ចំណង​រវាង​កង​ទ័ព​​កម្ពុជា និង​អាមេរិក កិច្ចប្រជុំ​នោះ ក៏​នឹង​ជួយ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​របស់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើការ​រួមគ្នា ប្រកប​ដោយ​ប្រសិទ្ធិភាព ក្នុង​ការ​ផ្តល់​​ជំនួយ​​សង្គ្រោះ និង​ជំនួយ​មនុស្សធម៌ ក្នុង​ព្រឹត្តិការណ៍​មាន​វិបត្តិ និង​គ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងៗ។​

លោក Jeff Daigle ភារធារី​ស្ថានទូត​អាមេរិក​បាន​មាន​ប្រសាសន៍​ថា “ភាព​ជា​ដៃ​គូ​រវាង​កងទ័ព​កម្ពុជា និង​អាមេរិក គឺ​ជា​ការ​បញ្ជាក់​អោយ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​កង​ម៉ារីន​សហរដ្ឋ​អាមេរិក និង​កង​យោធពល​ខេមរ​ភូមិន្ទ ហើយ​ផ្តល់​ឱកាស​មួយ​ទៀត​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ការជួយ​លើក​កម្ពស់​សមត្ថភាព​រួម​របស់​កង​យោធពល​ខេមរភូមិន្ទ”។​
 
តាម​តំណាង​ស្ថានទូត​អាមេរិក កិច្ចប្រជុំ​និយាយ​ពី​សមយុទ្ធ​ធ្វើ​ត្រាប់​រយៈពេល ១០ ថ្ងៃ ចាប់ពី​ថ្ងៃ​៣០​វិច្ឆិកា​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ភាគី​សហរដ្ឋ​អាមេរិក និង​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ដោះស្រាយ​ក្នុង​ប្រតិបត្តិការ​គ្រោះ​ធម្មជាតិ និង​វិបត្តិ​ផ្សេងៗ។ អ្វី​ដែល​សំខាន់ កម្មវិធី​នេះ បាន​ពង្រឹង​សមត្ថភាព​របស់​ភាគី​ទាំងពីរ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធិភាព និង​វិជ្ជាជីវៈ ព្រម​ទាំង​បង្កើន​ទំនាក់ទំនង​ភាគី​ទាំងពីរ។ 
 
ចំណែក​លោក​ឧត្តមសេនីយ៍ត្រី សាត ចន្ថា ស្នង​ការ​រង​នៃ​ស្នង​ការដ្ឋាន​ផែនការ របស់​កង​រាជ​អាវុធហត្ថ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ជាមួយ​កង​ម៉ារីន​អាមេរិក​ពេលនេះ ជា​ការ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល ក៏ដូចជា​ការ​ហ្វឹក​ហាត់ ដល់​កង​រាជ​អាវុធហត្ថ និង​កង​ប្រដាប់​អាវុធ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការបំពេញ​ការងារ​ជំនួយ​មនុស្សធម៌ សង្គ្រោះ​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​នានា។​
 
កងទ័ព​កម្ពុជា ត្រូវបាន​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ ក្នុង​គ្រោះ​មហន្តរាយ ដោយសារ​ទឹកជំនន់ កាលពី​ខែ​កញ្ញា និង​តុលា ឆ្នាំ​២០១១។ ប៉ុន្តែ​កងទ័ព​កម្ពុជា ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ទាក់ទង​នឹង​សមត្ថភាព និង​ខ្វះខាត​សម្ភារៈ ជាដើម៕

tags: កម្ពុជា - គ្រោះធម្មជាតិ - ទំនាក់ទំនងអន្តរជាតិ - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close