លោកម៉ម សូណង់ដូប្តឹងទាស់សាលក្រមសាលាដំបូង

ប្រធានវិទ្យុសំបុកឃ្មុំលោកម៉ម សូណង់ដូបានសម្រេចដាក់បណ្តឹងឧទ្ធរណ៍ជំទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ នេះបើតាមការអះអាងរបស់លោកស្រីឌីន សុផាន់ណារ៉ា ដែលជាភរិយារបស់លោកម៉ម សូណង់ដូ។ លោកម៉ម សូណង់ដូនឹងពឹងពាក់លោកមេធាវីសុក សំអឿនដដែលដើម្បីបន្តសំណុំរឿងក្តីក្តាំនេះទៅសាលាឧទ្ធរណ៍។
លោកម៉ម សូណង់ដូបានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ហើយ ដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសលោកដាក់ពន្ធនាគារ២០ឆ្នាំក្រោមការចោទប្រកាន់ថាធ្វើអបគមន៍។ លោកស្រីឌីន សុផាន់ណារ៉ា ភរិយារបស់លោកម៉ម សូណង់ដូបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ស្វាមីរបស់លោកស្រីបានប្រាប់អោយលោកស្រីចាប់ផ្តើមនីតិវិធីប្តឹងឧទ្ធរណ៍ហើយ។ លោកស្រី ឌីន សុផាន់ណារ៉ាបន្តថា លោកស្រីនឹងស្នើសុំជំនួយពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយលោកស្រីនឹងពឹងពាក់លោកមេធាវីសុក សំអឿនអោយជួយការពារលោកម៉ម សំណង់ដូក្នុងដំណាក់កាលប្តឹងឧទ្ធរណ៍នេះទៀត។ នៅរសៀលថ្ងៃសុក្រនេះ ភរិយារបស់លោកម៉ម សូណង់ដូបានទៅសួរសុខទុក្ខស្វាមីរបស់លោកស្រីនៅក្នុងពន្ធនាគារ។ លោកស្រីបានរៀបរាប់អោយដឹងថា ស្វាមីរបស់លោកស្រីបានប្រាប់លោកស្រីមិនអោយបារម្ភ និងតក់ស្លុតឡើយ ដ្បិតលោកមិនបានធ្វើអ្វីខុសឡើយ។
ក្រោយការប្រកាសសាលក្រមប្រឆាំងលោកម៉ម សូណង់ដូ ប្រទេសដៃគូរអភិវឌ្ឍន៍មួយចំនួនបានប្រតិកម្មសំដែងការសោកស្តាយចំពោះសេចក្តីសម្រេចនេះ ហើយថាករណីរបស់ប្រធានវិទ្យុសំបុកឃ្មុំជាករណីនយោបាយ។ នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកស្នើអោយរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ដោះលែងលោកម៉ម សូណង់ដូ រដ្ឋាភិបាលបារាំងជំរុញអាជ្ញាធរកម្ពុជាធានានីតិវិធីបណ្តឹងឧទ្ធរណ៍ដែលនឹងអនុញ្ញាតអោយមានការត្រួតពិនិត្យរឿងក្តីនេះឡើងវិញឆាប់ៗប្រកបដោយយុត្តិធម៌ និងសមធម៌៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ