កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 08 មេសា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 08 មេសា 2012

មេដឹកនាំ​សហជីព​រៀបចំ​ញត្តិ​ដើម្បី​ដាក់​ឲ្យ​អាស៊ាន​ជួយ​ដោះស្រាយ

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា
© ចាន់ណា/rfi

ដោយ ប៉ែន បូណា

មេដឹកនាំ​សហជីព​ជាច្រើន​បាន​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះនៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ពិភាក្សា​អំពី​គម្រោង​ដាក់​ញត្តិ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​នៅមុន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ខាងមុខ​នេះ។ ញត្តិ​នោះ​មាន​គោលដៅ​ទាមទារ​ឲ្យ​អាស៊ាន​ពិភាក្សា​និង​ដោះស្រាយ​បញ្ហា​​មួយ​ចំនួន​ដូចជា ​បញ្ហា​កម្មករ ​គ្រូបង្រៀន ​បញ្ហា​ពលករ​ចំណាកស្រុក ​និង​គម្លាត​រវាង​លក្ខខណ្ឌ​ការងារ​នៅក្នុង​តំបន់។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ
 

08/04/2012

មេដឹកនាំ​សហជីព​ចំនួន​៧ បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយចំនួន​ដែល​ពួកគេ​គ្រោង​រៀបចំ​ដាក់​ញត្តិ​ទៅ​ប្រធាន​អាស៊ាន សម្រាប់​កិច្ចប្រជុំ​នាពេល​ខាងមុខ។ មេដឹកនាំ​សហជីព​ទាំងនោះ​ចង់​ឲ្យ​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​លើក​យក​បញ្ហា​របស់​កម្មករ ​គ្រូបង្រៀន ​និង​ការបាញ់​ប្រហារ​របស់​ទាហាន​ថៃ​មកលើ​ពលករ​ខ្មែរ​ជាដើម​ មក​ពិភាក្សា​និង​ដោះស្រាយ។ សហជីព​ដែល​បាន​ចូលរួម​ពិភាក្សា​អំពី​បញ្ហា​នេះ​មាន​ដូចជា ​សហភាព​សហជីព​កម្ពុជា ​សម្ព័ន្ធ​សហជីព​កម្មករ​ឧស្សាហកម្ម​កាត់ដេរ ​សហព័ន្ធ​អភិវឌ្ឍន៍​កម្ពុជា ​សហព័ន្ធ​សហជីព​ការងារ ​រួម​ជាមួយ​សហជីព​មួយ​ចំនួន​ទៀត។

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ឲ្យ​ដឹងថា​ មេដឹកនាំ​សហជីព​គ្រោង​ដាក់​ញត្តិ​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​ដូចជា ​បញ្ហា​គម្លាត​ឆ្ងាយ​គ្នា​នៅ​ក្នុង​តំបន់​ទាក់ទង​នឹង​គ្រូបង្រៀន​និង​កម្មករ។ ​បញ្ហា​លក្ខខណ្ឌ​ការងារ និង​សុខភាព​របស់​កម្មករ ​បញ្ហា​ទាក់ទង​ទៅនឹង​ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក ​ហើយ​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់ ​រួមទាំង​បញ្ហា​មួយចំនួន​ទៀត ​នៅ​ក្នុង​នោះ ក៏មាន​បញ្ហា​ដីធ្លី និង​បញ្ហា​ព្រំដែន​ផង​ដែរ។ បើ​យោងតាម ​លោក​ រ៉ុង ឈុន ​ញត្តិ​នោះ​នឹងត្រូវ​ដាក់​មុន​កិច្ចប្រជុំ​អាស៊ាន​នា​ខែកក្កដា​ខាងមុខ ដើម្បី​ឲ្យ​ប្រធាន​អាស៊ាន គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដាក់​ឲ្យ​ថ្នាក់ដឹកនាំ​អាស៊ាន ​ដែល​បាន​ចូលរួម​ពិភាក្សា​និង​ដោះស្រាយ។
 
គួរ​កត់សម្គាល់​ថា ​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ទើបតែ​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ពុធ ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ក៏បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ត្រៀម​លើក​បញ្ហា​ជាច្រើន​ប្រាប់​មេដឹកនាំ​អាស៊ាន។ ​ប៉ុន្តែ ​ទីបំផុត​ទៅ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បែងចែក​គ្នា​ជា​ពីរ​ក្រុម។ ក្រុមទី១​ ដែល​គេ​ស្គាល់​ថា ​មាន​និន្នាការ​ទៅរក​រដ្ឋាភិបាល​ត្រូវបាន​អាស៊ាន​ទទួល​ស្គាល់​ជា​ដៃគូ​ និង​អនុញ្ញាត​ឲ្យ​ចូល​ជួប​ពិភាក្សា។ ចំណែក​ក្រុម​សង្គម​ស៊ីវិល​មួយក្រុម​ទៀត​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា ​មាន​និន្នាការ​ប្រឆាំង​មិន​ត្រូវបាន​ប្រធាន​អាស៊ាន​អនុញ្ញាត​ឲ្យ​ជួប​ពិភាក្សា​ទេ។

យ៉ាងណា​ក៏ដោយ ​តំណាង​សង្គម​ស៊ីវិល​ទាំងនោះ ​បាន​ព្យាយាម​ធ្វើ​ឲ្យ​សំឡេង​របស់​ពួកគេ​បាន​ឮ​ដល់​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។ ពួកគេ​បានធ្វើ​សកម្មភាព​មួយ​ចំនួន​នៅក្រៅ​កិច្ចប្រជុំ​កំពូល​ដូចជា​ការចុះពិនិត្យ​តំបន់​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ​និង​បុរីកីឡា​ជាដើម៕

tags: កម្ពុជា - សហជីព - អាស៊ាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close