លីបង់ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 23 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 23 តុលា 2012

លីបង់​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​ឃាតកម្ម​សម្លាប់​ប្រធាន​ក្រសួង​ស៊ើកការណ៍​សម្ងាត់

លីបង់​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​ឃាតកម្ម​សម្លាប់​ប្រធាន​ក្រសួង​ស៊ើកការណ៍​សម្ងាត់
លីបង់​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​ឃាតកម្ម​សម្លាប់​ប្រធាន​ក្រសួង​ស៊ើកការណ៍​សម្ងាត់
REUTERS/Jamal Saidi

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​លីបង់ ក្រោយ​ពី​មាន​ការ​ប្រទូសរ៉ាយ​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លំាង​បូលិស និង​ក្រុមសកម្មជន​របស់​គណបក្ស​ប្រឆំាង​មក កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ដើម្បី​ប្រឈម​ទប់​នឹង​ភាព​វឹកវរ និង​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ។ ក្រុមសកម្មជន​របស់​គណបក្ស​ប្រឆំាង​ដែល​បាន​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​លា​ចុះ​ពី​មុខតំណែង បន្ទាប់​ពី​មាន​អំពើភេរវកម្ម​សម្លាប់​លោក​ប្រធាន​ក្រសួង​ស៊ើបការណ៍​សម្ងាត់​លីបង់ Wissam al-Hassan កាល​ពី​ថ្ងៃសុក្រ ទី១៩ តុលា។ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​នៃ​៥ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាពជាតិ។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

23/10/2012 by គួច គន្ធារ៉ា

នៅ​ទីបំផុត និង​​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ កងទ័ព​បាន​ចេញ​ប្រតិបត្តិការ​បង្រ្កាប​ក្រុមបាតុករ និង​រុញច្រាន​ក្រុមប្រដាប់អាវុធ ដោយ​បាន​បើក​ផ្លូវ​ឲ្យ​មាន​ចរាចរណ៍​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​បេរូត។ នៅ​ស្រុក​ទ្រីប៉ូលី​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​ដែល​ជា​ស្រុក​កំណើត​របស់​លោក​នាយករដ្ឋមន្រ្តី ណាយីប មីកាទី (Najib Mikati) ស្ថានការណ៍​នៅ​មិន​ទាន់​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​ឡើយ​ទេ។ ជា​រួម​នៅ​ទូទំាង​ប្រទេស ស្ថានការណ៍​ហាក់​ដូច​ជា​ធ្លាក់​ចុះ​មួយ​កម្រិត តែ​វិបត្តិ​នយោបាយ​បាន​នឹង​កំពុង​ចាក់​ឫស​ប្រទេស​លីបង់​ជាថ្មី។
 
ក្រុម​គណបក្សប្រឆំាង​បាន​ច្រាន​ចោល​សំណើ​របស់​លោក​ប្រធានាធិបតី​លីបង់ ក៏​ដូច​សហគមន៍​អន្តរជាតិ​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា។ ទន្ទឹម​គ្នា​នេះ ក្រុម​គណបក្សប្រឆំាង​បាន​ធ្វើ​ពហិការ​សំណើ​របស់​គណៈកម្មការ​សភា និង​ទាមទារ​ជា​ថ្មី​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​លា​ចុះ​ពី​មុខតំណែង។
 
អ្វី​ជា​ការ​កត់សម្គាល់ វិបត្តិ​បច្ចុប្បន្ន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​សភា​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ខែ​ឧសភា ឆ្នំា​២០១៣​ខាង​មុខ។ ក្រុម​គណបក្ស​ប្រឆំាង​បាន​បដិសេធ​រួច​ជា​ស្រេច​នូវ​ការ​រៀបចំ​បោះឆ្នោត​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី ណាយីប មីកាទី (Najib Mikati) និង​បាន​ទាមទារ​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​រៀបចំ​ដោយ​ស្ថាប័ន​អព្យាក្រឹត​មួយ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ការ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៣ ខាង​មុខ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ជ្រើសរើស​អនាគត​ប្រធានាធិបតី​ថ្មី​សម្រាប់​ឆ្នំា ២០១៤​ដែរ។
 
ដូច្នេះ​ឃើញ​ថា ចង់ ឬ​មិន​ចង់ ភាព​ពុះកញ្រ្ជោល​ប្រកប​ដោយ​អំពើហិង្សា​ក្នុង​រយៈពេល​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា វិបត្តិ​នយោបាយ​បាន​នឹង​កំពុង​ចាក់​ឫស​ប្រទេស​លីបង់​ជាថ្មី​ម្តង​ទៀត៕

tags: លីបង់
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close