អានតួអត្ថបទ
កម្ពុជា

ដល់​​​ពេល​​​វេលា​​​អ្នក​​​នយោបាយ​​​បន្ទន់​​​ឥរិយាបទ​​​ដាក់​​​រាស្រ្ត​​​

បើ​ទោះបី​ជា​ពេលវេលា​នៃ​ការ​ឃោសនា​បោះឆ្នោត​មិន​ទាន់​បាន​មកដល់​ក៏ដោយ​ក្តី ក៏​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា អ្នកនយោបាយ​ស្ទើរគ្រប់​គណបក្ស​បាន​និង​កំពុង​នាំគ្នា​ចុះ​តាម​ភូមិឃុំ ​​ដើម្បី​អន្ទង​ចិត្ត​អ្នក​បោះឆ្នោត។ លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត និហ្វ្រិក បាន​និយាយ​ថា យុទ្ធសាស្រ្តនេះ​អាច​អនុញ្ញាត​អោយ​ពួកគេ​ទទួល​បាន​ការ​គាំទ្រ។

មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​បោះឆ្នោត​អោយ​គណបក្ស​ណាមួយ​ ប្រជាពល​រដ្ឋ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ភូមិឃុំ​របស់​ខ្លួន​មាន​ការ​អភិវឌ្ឍន៍​ប្រសើរ​ជាង​មុន​ឬ​ទេ?
មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​បោះឆ្នោត​អោយ​គណបក្ស​ណាមួយ​ ប្រជាពល​រដ្ឋ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ភូមិឃុំ​របស់​ខ្លួន​មាន​ការ​អភិវឌ្ឍន៍​ប្រសើរ​ជាង​មុន​ឬ​ទេ? © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

បោះឆ្នោត​ហើយ អ្នក​នយោបាយ​ឃ្លាត​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​នៅពេល​ដែល​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ខិត​ជិតមកដល់ អ្នក​នយោបាយ​ងាក​មក​កៀក​ក​នឹង​ប្រជាពល​រដ្ឋ​សារជាថ្មី​ម្តង​ទៀត។ នេះ​គឺ​សកម្មភាព​ជាក់ស្តែង​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជាក់ស្តែង ជាង​បួន​ខែ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ អ្នក​នយោបាយ​ភាគច្រើន ជាពិសេស​មក​ពី​គណបក្ស​នយោបាយ​ធំៗ ​បាន​នាំគ្នា​ចុះមូលដ្ឋាន​នៅតាម​ភូមិ​ គ្រប់​ខេត្ត​ទាំងអស់​នៃ​ប្រទេស​កម្ពុជា។ យុទ្ធនាការ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ត្រូវ​បាន​អ្នក​នយោបាយ​ធ្វើ​ឡើង​ខ្លះៗ​ ក្រោយ​ការ​ឆ្នោត​ម្តងៗ។ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​លក្ខណៈ​រស់រវើក ​នៅ​មុន​ថ្ងៃបោះ​ឆ្នោត។

នៅក្នុង​អំឡុង​ពេលនេះ អ្នក​នយោបាយ​ហាក់​បីដូច​ជា​មាន​ទឹកចិត្ត​ជ្រះថ្លា បង្ហាញ​សន្តាន​ចិត្ត​ស្រលាញ់​អាណិត​ប្រជាពលរដ្ឋ​ បង្ហាញក្តីមេត្តាចំពោះ​ប្រជាជនទន់ខ្សោយ និង​សន្យា​ធ្វើនេះ​ឬ​ធ្វើនោះ​ នៅ​ពេល​គណបក្ស​គេ​ជាប់​ឆ្នោត។ នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ក្នុង​សប្តាហ៍ គេ​សង្កេត​ឃើញ​អ្នក​នយោបាយ​ណាត់​គ្នា​ដើម្បី​ចុះ​មូលដ្ឋាន។ ហើយ​អ្នកខ្លះ​ ត្អូញត្អែរ​អំពី​រឿង​ចំណាយច្រើន​ សម្រាប់​ការ​ចុះ​មូលដ្ឋាន។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការ​បោះឆ្នោត​ និហ្វ្រិក បាន​កត់​សម្គាល់​ឃើញ​ថា ក្នុង​អំឡុង​ពេល​នេះ អ្នក​នយោយបាយ​ជា​ច្រើន​នាំគ្នា​ចុះ​មូលដ្ឋាន។ ការ​ចុះ​មូលដ្ឋាន​ដោយ​ប្រើប្រាស់​ពាក្យ​ផ្អែមល្ហែម​ជាមួយ​ប្រជាជន​ អាច​អនុញ្ញាត​អោយ​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ។

លោក កែម ឡី អ្នក​វិភាគ​ស្ថានភាព​សង្គម​នយោបាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​និយាយនៅថ្ងៃ​អាទិត្យនេះ​ថា ការចុះ​មូលដ្ឋាន​គគ្រឹក​គគ្រេង​នៅពេល​នេះ​ អនុញ្ញាត​អោយ​គណបក្ស​នីមួយៗ​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​ច្រើន។ ទីមួយ អ្នក​នយោបាយ​អាច​ផ្លាស់​ប្តូរ​សារ​នយោបាយ​ជាមួយ​ប្រជាជន​បាន។ ទីពីរ អ្នកនយោបាយ​អាច​ពន្យល់​បកស្រាយ​បន្ថែម​ពី​គោល​នយោបាយ​គណបក្ស​របស់​ខ្លួន​ទៅ​កាន់​អ្នក​គាំទ្រ​ និងទីបី អ្នក​នយោបាយ​អាច​ផ្តល់​អំណោយ​ទ្រាប់ដៃ និង​ធ្វើ​ការ​សន្យា​ផ្សេងៗ​ទៅ​ដល់​សមាជិក​របស់​ខ្លួន។

លោក កែម ឡី បាន​រម្លឹក​ប្រជាពល​រដ្ឋ​ថា អ្នក​នយោបាយ​ចុះ​ទៅ​កាន់​មូលដ្ឋាន​គឺ​ជា​សិទ្ធិ​របស់​ពួកគេ។ ប៉ុន្តែ មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​បោះឆ្នោត​អោយ​គណបក្ស​ណាមួយ​ ប្រជាពល​រដ្ឋ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ភូមិឃុំ​របស់​ខ្លួន​មាន​ការ​អភិវឌ្ឍន៍​ប្រសើរ​ជាង​មុន​ឬ​ទេ? តើ​ជីវភាព​គ្រួសារ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ ឬ​ក៏​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន? តើ​អ្នក​នយោបាយ​ប្រកាន់​ពាក្យ​សន្យា​របស់​ខ្លួន​ដែរឬ​ទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ