គឺ Business រុស្ស៊ី ហ្ស៊័កហ្ស៊ីដែលនាំទៅកាន់ការផ្លាស់ប្តូរអំណាចនៅហ្ស៊័កហ្ស៊ី
ចំណងជើងនេះទើបចេញដោយកាសែតក្រុងម៉ូស្គូ ក្រោយពី ”សម្ព័ន្ធបក្សប្រឆាំង” ដឹកនាំដោយមហាសេដ្ឋីជាតិហ្ស៊័កហ្ស៊ីឈ្មោះ Ivanishvili ធ្លាប់រកស៊ីនៅរុស្ស៊ី ចេះដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសភាម្សិលមិញ នៅហ្ស៊័កហ្ស៊ី។ សូម្បីគូប្រជែងគាត់ គឺប្រធាននៃបក្សកាន់អំណាចសព្វថ្ងៃ លោកប្រធានាធិបតី Saakashvili ក៏ទទួលស្គាល់ជ័យជំនះនេះដែរ។
“គឺជាលើកទី១ដែលក្នុងប្រវត្តិហ្ស៊័កហ្ស៊ី ប្រជាពលរដ្ឋអាចផ្លាស់ប្តូររដ្ឋអំណាចតាមផ្លូវបោះឆ្នោត។ នេះជាព្រឹត្តិការណ៍ដ៏ធំក្នុងប្រវត្តិហ្ស៊័កហ្ស៊ី។ ព្រឹត្តិការណ៍នេះនឹងចារទៅដោយតួអក្សរមាសតែម្តង។ អ្នកស្រុកចេះបង្ខំទាំងរដ្ឋាភិបាល ទាំងភាគីប្រឆាំងឲ្យដំណើរការ តែក្នុងបរិវេណច្បាប់“។ សេចក្តីនេះថ្លែងដោយប្រធាននៃសម្ព័ន្ធប្រឆាំង ក្រោមឈ្មោះថា “សុបិនហ្ស៊័កហ្ស៊ី” គឺលោក មហាសេដ្ឋី Ivanishvili ក្រោយពីគាត់ឮ គ.ជ.ប. ប្រកាសលទ្ធផលប៉ុន្មានដំបូងនៃការបោះឆ្នោតសភាដែលបានប្រព្រឹត្តទៅថ្ងៃ១ តុលាម្សិលមិញ។
ចំណែកលទ្ធផលនេះ គិតមកទល់ម៉ោង១រសៀលថ្ងៃនេះ ក្រោយពីរាប់សន្លឹកឆ្នោតបាន ២៥,១% គឺសម្ព័ន្ធបក្សប្រឆាំងនោះ ដែលចេះដណ្តើមបានសម្លេងគាំទ្រដល់ ៥៣,២% គឺឈ្នះលើបក្សកាន់អំណាច ” ចលនាជាតិរួមធ្លុងមួយ “ ដែលបានសំឡេងគាំទ្រតែ ៤១,៥%។ លោកប្រធានាធិបតី Saakashvili ដែលជាអ្នកដឹកនាំចលនានេះ ទោះបីសារភាពទទួលស្គាល់ជ័យជំនះបក្សប្រឆាំងក្តី ក៏គាត់លំអិតថា ជ័យជំនះនេះគឺគិតតែការបោះឆ្នោត ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រប៉ុណ្ណោះ បានន័យថា ទាក់ទងនឹងអាសនៈចំនួន៧៧ ពីក្នុងចំណោម១៥០អាសនៈនៃរដ្ឋសភា ចំណែក ៧៣អាសនៈទៀតដែលជ្រើសតាំងតាមប្រព័ន្ធឯកតនាម ក្នុងចំនួនភាគច្រើន គឺ ធ្លាក់មកលើបេក្ខជនខាងបក្សកាន់អំណាចទេតើ។
ប៉ុន្តែតួលេខជាក់ស្ដែងដែលមាន គិតមកទល់ម៉ោង១១ព្រឹកគឺថា នៅតាមមណ្ឌលចំនួន៧៣ គឺបេក្ខជនខាងសម្ព័ន្ធប្រឆាំងបានទទួលសំឡេងគ្រប់គ្រាន់ ជាប់ជាតំណាងរាស្ត្រ គឺ២៦ នាក់ហើយខាងបក្សកាន់អំណាច ទើបជាប់ឆ្នោតបានតែ ២៥ នាក់។ នៅតាម២២មណ្ឌលទៀត គេនៅរង់ចាំលទ្ធផលនៅឡើយ។
ទោះបីលទ្ធផលផ្លូវការជាស្ថាពរ ស្របនឹងច្បាប់បោះឆ្នោតនៅហ្ស៊័កហ្ស៊ីនឹងត្រូវគ.ជ.ប. ប្រកាសលុះកន្លងផុត១៩ថ្ងៃក្តី ក៏តាំងពីឥឡូវទៅហើយ លោក Ivanishvili រំពឹងថា ពីក្នុងចំណោម ១៥០អាសនៈ សម្ព័ន្ធប្រឆាំងរបស់គាត់នឹងទទួលបានមិនតិចជាង ១០០អាសនៈឡើយ ដើម្បីជ្រើសតាំងរូបគាត់ជានាយករដ្ឋមន្ត្រី។ រីឯខ្លឹមសារនៃការផ្លាស់ប្តូររដ្ឋអំណាចនៅហ្ស៊័កហ្ស៊ីគឺថា ចាប់ពីថ្ងៃ១ មករាឆ្នាំក្រោយទៅ អំណាចកំពូលនឹងឆ្លងពីដៃប្រធានាធិបតី ទៅក្នុងដៃនាយករដ្ឋមន្ត្រីតែម្ដង។ ប៉ុន្តែសម្រាប់គាត់ មុនដំបូង ត្រូវស្តារសញ្ជាតិហ្ស៊័កហ្ស៊ីឡើងវិញ សញ្ជាតិដែលត្រូវបានអំណាចលោកប្រធានាធិបតី Saakashvili ដកហូតទៅ ក្នុងឆ្នាំ២០១១កន្លងទៅ ក្រោមលេសថា គាត់កាន់ Passeport ដល់ទៅ៣ គឺបារាំងផង ហ្ស៊័កហ្ស៊ីផង រុស្ស៊ីផង។ ដោយហេតុថា ឆ្នាំមុន គាត់បានប្រកែកពី Passeport រុស្ស៊ីសព្វថ្ងៃ គាត់នៅកាន់តែ Passeport បារាំង។ តាមការចុះផ្សាយនៃទស្សនាវដ្តីអាមេរិកាំង Forbes មហាសេដ្ឋី Ivanishvili ដែលមានអាយុ ៥៦ឆ្នាំ មានទ្រព្យសម្បត្តិក្នុងទឹកប្រាក់ ៦.៤០០លានដុល្លារអាមេរិក៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ