ការបោះឆ្នោតសភាថ្ងៃនេះ មានន័យជារបត់ក្នុងប្រព័ន្ធអំណាចនៅហ្ស៊័កហ្ស៊ី
ដ្បិតចាប់ពីថ្ងៃទី១ មករាឆ្នាំក្រោយទៅ អំណាចនៅហ្ស៊័កហ្ស៊ី ឆ្លងពីដៃប្រធានាធិបតី ទៅក្នុងដៃនាយករដ្ឋមន្ត្រីទៅវិញ នាយករដ្ឋមន្ត្រីដែលនឹងជ្រើសតាំងឡើង គឺដោយគណបក្សណាដែលចេះដណ្តើមបានអាសនៈភាគច្រើន ក្នុងការបោះឆ្នោតថ្ងៃនេះ ដែលការប្រជែងសឹង ស៊ីសាច់គ្នា ប្រព្រឹត្តទៅរវាងគណបក្សរបស់ប្រធានាធិបតី និងសម្ព័ន្ធនៃបក្សប្រឆាំងដឹកនាំដោយមហាសេដ្ឋីដែលត្រូវរដ្ឋអំណាចសព្វថ្ងៃចោទថា ជាដៃជើងរបស់ម៉ូស្គូ។
មិនមែនចៃដន្យទេ ដែលក្រោយពីទម្លាក់សន្លឹកឆ្នោតព្រឹកមិញ ទៅក្នុងហិបឆ្នោត លោកប្រធានាធិបតី Saakashvili ដែលជាប្រធាននៃបក្សកាន់អំណាច “ ចលនាជាតិរួមធ្លុងមួយ” ថ្លែងថា ថ្ងៃ១ តុលានេះ ជាថ្ងៃអារកាត់ តើរដ្ឋហ្ស៊័កហ្ស៊ីនឹងអាចរក្សាទុកតទៅទៀតឬទេ សេរីភាពដែលប្រជាជនជាច្រើនស្រកររបស់ខ្លួន ខំតស៊ូទម្រាំដណ្តើមបាន។ តាមសំដីគាត់ ក្នុងប្រវត្តិខ្លួន ហ្ស៊័កហ្ស៊ីមិនដែលខិតទៅជិតនឹងសហភាពអឺរ៉ុប ដូចបច្ចុប្បន្ននេះឡើយ។ ស្អែក ខ្មាំងរបស់យើងនឹងលែងមានភ័ព្វសំណាង ច្រានយើងឲ្យខ្ទាតចេញពីមាគ៌ាឯករាជ្យរបស់យើងឡើយ។ ជាការកត់សម្គាល់ ពាក្យថា”ខ្មាំង” នោះ គឺពិតជាសំដៅមកលើរុស្ស៊ីតែម្តង ពីព្រោះរុស្ស៊ីទទួលស្គាល់ ដែនដីអបគមរបស់ហ្ស៊័កហ្ស៊ី គឺអាប់ខាស៊ី និងអូសេទីខាងត្បូង ជារដ្ឋឯករាជ្យ ធ្វើឲ្យហ្ស៊័កហ្ស៊ីបាត់បង់ដែនដី អស់ ២០%។
រីឯពួកប្រឆាំងតែងចោទមេដឹកនាំហ្ស៊័កហ្ស៊ីនេះ ថាចេះតែរំលោភគ្មានឈប់ លើសិទ្ធិមនុស្ស ហើយប្រើអំណាចក្តោបក្តាប់រាល់ស្ថាប័នប្រទេស ឲ្យស្ថិតនៅក្រោមការត្រួតត្រាផ្តាច់មុខរបស់ខ្លួន។ បណ្តាបក្សប្រឆាំងពួតដៃគ្នា ចងជាសម្ព័ន្ធក្រោមឈ្មោះថា “ សុបិនហ្ស៊័កហ្ស៊ី” ដែលដឹកនាំដោយមហាសេដ្ឋី Ivanishvili គឺក្នុងគោលដៅរាំងរាលោក Saakashvili ដែលឆ្នាំក្រោយ ត្រូវផុតអាណត្តិជាប្រធានាធិបតី កុំឲ្យគាត់ឆ្លងទៅធ្វើជានាយករដ្ឋមន្ត្រីក្តាប់អំណាចទៀតឡើយ។ ពិតជាមហាសេដ្ឋី Ivanishvili នេះ ដែលធ្លាប់បានប្រកប Business នៅរុស្ស៊ី គឺរមែងត្រូវលោក Saakashvili ចោទថា ជាភ្នាក់ងាររបស់រុស្ស៊ី ហើយបំភ័យប្រជាជនកុំឲ្យបោះឆ្នោតគាំទ្រឡើយ។
អំពីការបោះឆ្នោតសភានៅហ្ស៊័កហ្ស៊ី គួរនិយាយថា រដ្ឋសភាប្រទេសនេះ ដែលជ្រើសតាំងឡើង សម្រាប់អាណត្តិ៤ឆ្នាំ មាន១៥០អាសនៈ ពីក្នុងនោះ ៧៧ អាសនៈ គឺបោះឆ្នោតជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដែលដើម្បីមានអាសនៈប្រចាំក្នុងសភា គណបក្សប្រជែងត្រូវទទួលការគាំទ្រដោយសំឡេងអ្នកស្រុកម្ចាស់ឆ្នោតយ៉ាងហោចណាស់ ៥% និង៧៣ អាសនៈទៀត គឺបោះឆ្នោតជ្រើសតាំងតាមប្រព័ន្ធឯកតនាម ដោយសន្មត់ថាជាប់ឆ្នោត លុះណាតែបេក្ខជនដណ្តើមបានសំឡេងគាំទ្រចាប់ពី៥០%+១សំឡេង នៅតាមមណ្ឌលខ្លួន។
ជាសរុប មានគណបក្សចំនួន១៤ និងបេក្ខជនចំនួន២.៨០៥នាក់ ចូលប្រឡូកដើម្បីដណ្តើមយកអាសនៈទាំង១៥០នោះ។ នៅហ្ស៊័កហ្ស៊ី ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺចំនួនជាង៣លាន ៦សែននាក់ដែលថ្ងៃនេះ ទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួន ៣.៧១០ កន្លែងដែលតាមដាន ដោយអ្នកសង្កេតការណ៍ជាតិ និងបរទេសដល់ទៅជាង ៦ម៉ឺននាក់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ