អានតួអត្ថបទ
កម្ពុជា-ថៃ

សវនាការ​រឿងក្តី​ប្រាសាទ​ព្រះវិហារ​ ត្រូវផ្សាយ​ផ្ទាល់​

ដំណើរការ​​សវនាការលើ​សំណុំរឿង​ប្រាសាទព្រះវិហារ ​ដែល​ប្តឹង​ដោយ​កម្ពុជា​នោះ នឹង​ត្រូវផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធអ៊ីនថឺនេត ក្នុង​គេហទំព័រ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ភាគី​កម្ពុជា និង​ថៃ​មាន​រយៈពេល​២ដង ​ដើម្បី​ធ្វើ​អំណះអំណាង​ផ្ទាល់មាត់​ក្នុង​រយៈ​ពេល​ដំណើរការ​សវនាការ​នេះ​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃ​ទី​១៩​មេសា។

ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សវនាការ​លើសំណុំរឿង​ប្រាសាទ​ព្រះវិហារ នឹង​ត្រូវ​ផ្សព្វផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនថឺនេត Online។ នេះ​បើយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ សវនាការ​ដែល​នឹង​ប្រព្រឹត្តិទៅ​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​១៩​មេសា​នោះ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ក្នុង​អគារ​វិមាន​សន្តិភាព​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ទីក្រុង​ឡាអេ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​សរសេរថា ដំណើរការ​សវនាការ​ផ្ទាល់មាត់នោះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​២​ជុំ។ ជុំទី​១ នឹង​ប្រព្រឹត្តិធ្វើ​នៅ​ថ្ងៃទី​១៥​មេសា​ ដោយ​ផ្តើម​ជាមួយ​ភាគី​កម្ពុជា​តែ​ម្តង។ នៅ​ថ្ងៃ​នោះ កម្ពុជា​នឹងត្រូវ​ធ្វើ​បទបង្ហាញ​ពី​ម៉ោង​១០ព្រឹក ​ដល់​ម៉ោង​១​រសៀល ម៉ោង​ក្នុង​ប្រទេស​ហូឡង់ និង​ពី​ម៉ោង៣រសៀល ​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល។ ភាគី​ថៃ​វិញនឹង​ធ្វើ​បទបង្ហាញ​នៅ​ថ្ងៃទី​១៧​មេសា នៅ​ម៉ោង១០ព្រឹក​ដល់​ម៉ោង​១រសៀល និង​ពី​ម៉ោង​៣​រសៀល​ ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល។

រីឯនៅ​ក្នុង​ជុំ​ទី​២​វិញ កម្ពុជា​ក៏​នឹង​ផ្តើម​ធ្វើ​បទបង្ហាញ​ផ្ទាល់មាត់​ នៅ​ថ្ងៃទី​១៨​មេសា ​ពី​ម៉ោង​៣រសៀល​ ដល់​ម៉ោង​៥​ល្ងាច ហើយ​ភាគី​ថៃ​នឹង​ធ្វើ​បទបង្ហាញ​របស់​ខ្លួន ​នៅ​ថ្ងៃទី​១៩​មេសា​ ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៥​ល្ងាច​ដូចគ្នា។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​ដែល​នឹង​ដឹកនាំ​ប្រតិភូតំណាង​ភាគី​កម្ពុជា​ទៅ​តុលាការ​អន្តរជាតិ​​នោះ ធ្លាប់​បាន​ប្រាប់អោយដឹងថា ការ​ធ្វើ​សវនាការ​ផ្ទាល់​នៅ​ថ្ងៃ​ខាង​មុខនេះ គឺ​ជា​សវនាការ​លើក​ចុងក្រោយ​តាម​នីតិវិធី​របស់​តុលាការ​នេះ មុន​នឹង​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សម្រេច​ថា​ត្រូវ​បកស្រាយ​ ឬ​មិន​បកស្រាយ​តាម​បណ្តឹង​របស់​ភាគី​កម្ពុជា​នោះ។ ហើយ​ថា​សេចក្តី​សម្រេច​នឹង​អាច​ចេញ​នៅ​ចុង​ឆ្នាំ​២០១៣​នេះ។

សូមរម្លឹក​ថា ដោយសារ​តែ​រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​ វេចាជីវ៉ា ​បាន​ទាមទារជាច្រើនលើក​ច្រើនសារ ​​កាន់កាប់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​តាម​រយៈ​ការ​ប្រើប្រាស់​ផែនទី​ឯកតោ​ភាគីនោះ កម្ពុជា​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​នៅ​ថ្ងៃទី​២៨​មេសា ​ឆ្នាំ​២០១១ ស្នើ​សុំ​អោយ​តុលាការ​នេះ​បកស្រាយ​សាលក្រម​​ឆ្នាំ​១៩៦២ ​ស្តីពី​ប្រាសាទព្រះវិហារ។ មន្រ្តី​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​អត្ថាធិប្បាយជាច្រើន​ដង​ហើយ​ថា អ្នក​នយោបាយ​ថៃតែង​យក​ប្រធាន​បទ​ព្រំដែន និង​ប្រាសាទ​ព្រះវិហារ​ធ្វើ​ជា​ប្រធានបទ​កេង​យក​ចំណេញ​ផ្នែក​នយោបាយ​ផ្ទៃ​ក្នុង​របស់​ពួកគេ។

នៅ​ពេល​នេះ​ក្រុម​ជាតិ​និយម​ជ្រុល​របស់​ថៃ​បាន​បង្ហាញ​គម្រោង​អុកឡុក​តាម​ព្រំដែន ខណៈ​សវនាការ​ស្តី​ពី​ប្រាសាទ​ព្រះវិហារ​ខិតជិត​ចូល​មកដល់។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ជា​អោយ​កងកំលាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​​ត្រៀម​ខ្លួន​ការពារ​ទឹកដី ប្រឆាំង​នឹង​ការ​ឈ្លានពាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ