ហ្សកហ្ស៊ី-រុស្ស៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 03 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 03 តុលា 2012

រដ្ឋ​អំណាច​ថ្មី​នៅ​ហ្ស៊័កហ្ស៊ី ត្រៀម​ស្តារ​ឡើង​វិញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោក  Bidzina Ivanishvili អនាគត​ប្រមុខ​រដ្ឋាភិបាលហ្ស័កហ្ស៊ី
លោក Bidzina Ivanishvili អនាគត​ប្រមុខ​រដ្ឋាភិបាលហ្ស័កហ្ស៊ី
REUTERS/David Mdzinarishvili

ដោយ កែវ ឆាយា

គោលជំហរនេះ ត្រូវបានប្រកាស ដោយ​លោក Ivanishvili ជា​មេដឹកនាំ “សម្ព័ន្ធ ៨ បក្ស​ប្រឆាំង” នៅ​ហ្ស័កហ្ស៊ី ក្រោម​ឈ្មោះ​ថា “សុបិន​ហ្សកហ្ស៊ី” ដែល​ក្នុង​ការបោះឆ្នោត​សភា ថ្ងៃ​១​តុលា​កន្លង​ទៅ ចេះ​ឈ្នះ លើ​បក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី Saakashvili ប៉ុន្តែ គាត់​លំអិត​ថា ទន្ទឹម​នេះ ហ្សកហ្ស៊ី នឹង​នៅ​តែ ដាក់​ទិស​ឆ្ពោះ​ទៅ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ផង អូតង់​ផង ដោយ​មិន​ភ្លេច​ទេ ភារកិច្ច​ខាង​ស្តារ​ឡើង​វិញ​បូរណភាព​ដែនដី​រដ្ឋ​ហ្សកហ្ស៊ី។

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ
 

03/10/2012

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រុង Tbilissi លោក Ivanishvili ដែល​នឹង​ត្រូវ​រដ្ឋសភា​នីតិកាល​ថ្មី ជា​ទី​ដែល “សម្ព័ន្ធ”​គាត់​នឹង​មាន​អាសនៈ​ភាគច្រើន​លើស​លុប ជ្រើស​តាំង​គាត់​ជា នាយក​រដ្ឋមន្ត្រី ឋានៈ​ដែល​ចាប់​ពី​ថ្ងៃ​១​មករា​ឆ្នាំ​ក្រោយ​ទៅ បំពាក់​ទៅ​ដោយ​អំណាច​ខ្ពស់​ជាង​ប្រធានាធិបតី​ទៅ​ផង បាន​លើក​ឡើង​ថា ៖

 
-យុទ្ធសាស្ត្រ​នៃ​បន្ទាត់​នយោបាយ​របស់​អនាគត​រដ្ឋាភិបាល​គាត់ បន្ត​ស្ថិត​នៅ​ឥត​ប្រែប្រួល​ទេ គឺ ដាក់ទិស​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ហើយ​ក្នុង​ន័យ ធានា​ដល់​សន្តិសុខ​ជាតិ ក៏​ចូល​ជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់ រួច​ស្តារ​ឡើង​វិញ​បូរណភាព​ដែនដី​រដ្ឋ​ហ្សកហ្ស៊ី នៅ​លើ​ផ្លូវ​រៀបរយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី - រុស្ស៊ី​ដែល​តាម​សំដី​គាត់ ជា​មហាប្រទេស​ជិត​ខាង។
 
-ចំណោទ​នេះ​ពិត​ជា​ស្មុគស្មាញ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា មិន​អាច​ដោះស្រាយ​ទៅ​កើត​ឡើយ។   
 
គាត់​លើក​ជា​ឧទាហរណ៍ គឺបណ្តា​ប្រទេស​នៅ​មាត់​សមុទ្រ​បាល់ទិក ពោល​គឺ ឡេតូនី អេស្តូនី លីទុយអានី សុទ្ធ​តែ​ជា​អតីត​សាធារណរដ្ឋ​សូវៀត​ដែរ ដែល​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ផង បក្ស​សម្ព័ន្ធ​អូតង់​ផង ប៉ុន្តែ​នៅ​តែ​មាន​ទំនាក់ទំនង​ជា​ប្រក្រតី​ធម្មតា ជាមួយ​រុស្ស៊ី​ទេ​តើ។
 
តាមជំនឿ​ជឿជាក់​របស់​លោក Ivanishvili អនាគត​ប្រមុខ​រដ្ឋាភិបាល ដែល​នឹង​ក្លាយ​ទី​ជា មនុស្សទី១ នៅ​ហ្សកហ្ស៊ី គាត់​មុខ​ជា​អាច​បញ្ចុះបញ្ចូល​ក្រុង​ម៉ូស្គូ ​ឲ្យ​យល់​ថា សមាជិកភាព ហ្សកហ្ស៊ី ក្នុង​បក្ស​អូតង់​ក្នុង​ន័យ​ភូម៌សាស្ត្រ-នយោបាយ មិន​បង្កើត​ជា​គ្រោះថ្នាក់​អ្វី​ណា​ទេ​ដល់​រុស្ស៊ី ហើយ​សម្រេចសម្រួច​ទៅ​មិនមែន ជា​រឿង “ជា​គោលការណ៍” ឡើយ សម្រាប់​រុស្ស៊ី។ 
 
មាន ទៅហើយ ប្រតិកម្មពីខាង​ម៉ូស្គូ។ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដេវ ថ្លែង​ថា ម៉ូស្គូ អាច​តែ​ស្វាគមន៍​អបអរ​ប៉ុណ្ណោះ ចំពោះការ​ដែល​ក្នុង​រដ្ឋសភា​ហ្សកហ្ស៊ី មាន​លេច​ចេញ​មក ជា​កម្លាំង ដែល​ស្ថាបនា និង​ស្គាល់​នាទី​ទទួល​ខុសត្រូវ ហើយ​បក្ស​កាន់​អំណាច​នៅ​រុស្ស៊ី ឈ្មោះ “ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ“ ត្រៀម​ធ្វើ​កិច្ចចរចា ស្តី​អំពី​អនាគត​នៃ​ទំនាក់ទំនង​រុស្ស៊ី- ហ្សកហ្ស៊ី។
 
គួររំលឹកថា ភាគីហ្សកហ្ស៊ី កាល​ពី​៤​ឆ្នាំ​មុន បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​រុស្ស៊ី ក្រោយពី​ទីក្រុង​ម៉ូស្គូ បាន​ប្រកាស​ទទួល​ស្គាល់​ដែនដី​អបគម​អាប់ខាស៊ី និង អូសេទី​ខាង​ត្បូង ជា​រដ្ឋ​ឯករាជ្យ ផ្តាច់​ខ្លួន​ចេញ​ពី​ហ្សកហ្ស៊ី។ តាំងពី​ពេលនោះ​មក ថ្នាក់​ដឹកនាំ​រុស្ស៊ី រមែង​ប្រកែក​មិន​ធ្វើ​សំវាទ​អ្វី​ណា​ទេ ជាមួយ​លោក​ប្រធានាធិបតី​ហ្សកហ្ស៊ី Saakashvili ដោយ​ចាត់ទុក​រូប​គាត់ ថា​ជា ”ខ្មោច​នយោបាយ”៕
 

 

tags: រុស្ស៊ី - ហ្សកហ្ស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close