កម្ពុជា-វៀតណាម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 24 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 24 មិថុនា 2012

បង្គោល​ព្រំដែន​លេខ ៣១៤​ត្រូវ​បាន​សម្ពោធ​ដោយ​ប្រមុខ​ដឹកនាំ​កម្ពុជា​វៀតណាម

នាយករដ្ឋមន្រ្តី​កម្ពុជា និង​វៀតណាម​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ខណ្ឌ​ចែក​ខេត្តកំពត​របស់​កម្ពុជា​ជាមួយ​ខេត្ត​កៀង​យ៉ាង​របស់​វៀតណាម​
នាយករដ្ឋមន្រ្តី​កម្ពុជា និង​វៀតណាម​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ខណ្ឌ​ចែក​ខេត្តកំពត​របស់​កម្ពុជា​ជាមួយ​ខេត្ត​កៀង​យ៉ាង​របស់​វៀតណាម​
©Reuters

ដោយ ប៉ែន បូណា

ដូច​ការគ្រោងទុក បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ខណ្ឌ​ចែក​ខេត្តកំពត​របស់​កម្ពុជា​ជាមួយ​ខេត្ត​កៀងយ៉ាង​របស់​វៀតណាម​ត្រូវបាន​បើកសម្ពោធ​រួចហើយនៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៤ មិថុនា ដោយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ថ្លែង​ការពារ​ការបោះ​បង្គោលព្រំ​ដែន​ជាមួយ​វៀតណាម​ថាបានធ្វើ​ឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ ដោយឡែក​មេដឹកនាំ​ស្ថាប័ន​កំពូល​ផ្សេងទៀត​ដូចជា ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា រហូតដល់​ព្រះមហាក្សត្រ ក៏បាន​ផ្ញើសារ​អបអរ​ខួប​ទី ៤៥ ឆ្នាំ​នៃ​ចំណង​ការទូត​កម្ពុជានិង​វៀតណាម ដោយ​សម្តែង​ការដឹងគុណ​ចំពោះ​ប្រទេសជិតខាង​មួយ​នេះ។
 

សេចក្តីរាយការណ៍របស់ ប៉ែន​ បូណា
 

24/06/2012 by ប៉ែន បូណា

 

ក្នុងឱកាស​បើកសម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ រវាង​ខេត្តកំពត និង​ខេត្ត​កៀង​យ៉ាង នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ក្រុមការងារ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំងពីរ​ដែល​បានសម្រេច​លទ្ធផល​យ៉ាង​ល្អ​ក្នុង​ការកំណត់​ខណ្ឌសីមា​ព្រំដែន​គោក​ជាមួយគ្នា។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ការងារ​នេះ​មិនមែន​មានន័យ​ត្រឹមតែ​ជាការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បានច្បាស់លាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏បាន ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ជីវភាព​របស់​ប្រជាជន​នៅតាម​ព្រំដែន​ផងដែរ។
 
នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តឹនយុង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា កម្ពុជានិង​វៀតណាម​ក៏​គ្រោង​នឹង​ចាប់ផ្តើម​កំណត់​ខណ្ឌសីមា​ព្រំដែនទឹក​ជាមួយគ្នា​ផងដែរបន្ទាប់ពី​ការបោះបង្គោល​ព្រំដែន​ដីគោក​ដែល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១២នេះ។ ថ្លែង​ការពារ​ការបោះ​បង្គោលព្រំ​ដែន​ជាមួយ​វៀតណាម​ដែល​រង​ការចោទប្រកាន់​ថាបានធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​នោះ ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​បញ្ជាក់ថា ការងារ​នេះ​បានធ្វើ​ឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ត្រឹមត្រូវពោលគឺ​ការវាស់វែង​ព្រំដែន​បាន​គោរព​ទាំងស្រុង​ទៅតាម​ផែនទី​តាំងពី​សម័យ​បារាំង។
 
ការសម្ពោធ​បង្គោល​ព្រំដែន​នៅថ្ងៃនេះ​បានធ្វើ​ឡើង​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​ទី៤៥ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​កម្ពុជានិង​វៀតណាម។ នេះ​ជា​ឱកាស​ដែល​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​ផ្សេងទៀត​ដូចជា ប្រធាន​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ ផ្ញើសារ​អបអរសាទរ​ដល់​សមភាគី​វៀតណាម​ផងដែរ។ ក្នុង​ព្រះរាជសារ​ជូន​លោក ង្វៀន ភូចុង អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​រម្លឹក​អំពី​ការចងចាំនិង​ការដឹងគុណ​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវបាន​រំដោះ​ឲ្យ​រួច​ផុតពី​សោកនាដកម្ម​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ដោយមាន​ជំនួយ​ពី​ប្រទេស​វៀតណាម។ ព្រះអង្គ​ក៏បាន​កោតសរសើរ​ដល់​ការគាំទ្រ​របស់​វៀតណាម​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ផងដែរ។
 
សូមបញ្ជាក់ថា នេះ​ជា​លើក​ទី២ហើយ​ដែល​កម្ពុជានិង​វៀតណាម​បាន​សម្ពោធ​បង្គោល​ព្រំដែន​រួមគ្នា​បន្ទាប់ពី​ការសម្ពោធ​បង្គោល​ព្រំដែន​លេខ ១៧១ បាវិត-ម៉ុកបាយកាលពី​ប៉ុន្មាន​ឆ្នាំមុន។ ប្រទេស​កម្ពុជានិង​វៀតណាម​ដែលមាន​ព្រំដែន​រួមគ្នា​ប្រវែង​ជាង ១២០០ គ.ម កំពុង​បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​បោះបង្គោល​ព្រំដែន(ទាំង​ដែនគោកនិង​ដែនទឹក)ឲ្យ​បាន​ចប់​សព្វគ្រប់​ក្នុង​ពេលឆាប់ៗនេះបើទោះបីជា​មានការ​ចោទប្រកាន់​ថាធ្វើ​ឲ្យ​បាត់​ទឹកដី​កម្ពុជា​ក៏ដោយ៕


 

tags: កម្ពុជា - ជម្លោះព្រំដែន - ទំនាក់ទំនងអន្តរជាតិ - ព្រំដែន - វៀតណាម - អាស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

Yun incraoch Cambodia Country

និយាយដូចវ៉ាគឹមហុង និយាយបែបក្មេងមិនចេះអក្សរ ក្នុងប្រវត្តិសាស្រ្ត នរណាក៏គេដឹងដែរថា​ ដែនដីខ្មែរមិនមែនមានត្រឹមតែដីភូមិរបស់ ហេង សំរិនប៉ុណ្ណោះទេ មានរហូតដល់ជ្រៅជាងហ្នឹងទៀត ម្តេចវ៉ាគឹមហុង មិននិយាយថា​ ដីភូមិទាំងប៉ុន្មាននោះ ជាដីដែលយួនឈ្លានពានយក តាំងពីរបបហ៊ុន សែនដឹកនាំប្រទេស។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close