មេធាវីគណបក្សសមរង្ស៊ីត្រៀមខ្លួនចូលបំភ្លឺរឿងចោទប្រកាន់

ក្រោយពីកោរសក់ស្លៀកសពាក់ស អង្គុយតាំងសមាធិ ជិតមួយខែ ចាប់តាំងពីដើមខែមករា លោក ជូង ជូងី មេធាវីការពារក្តី ប្រចាំគណបក្សសមរង្ស៊ី បានប្រកាសត្រៀមខ្លួន ដើម្បីចូលឆ្លើយបំភ្លឺនៅមុខគណៈមេធាវីព្រមទាំងចូលឆ្លើយរាល់ការចោទប្រកាន់ក្នុងរឿងរំដោះអ្នកទោសនៅតុលាការខេត្តកណ្តាល។ លោកមេធាវី ជូង ជូងី បានចាត់ទុកការចោទប្រកាន់របស់តុលាការមកលើរូបលោក ថាជាការចោទប្រកាន់ទាំងបំពាន ដែលតុលាការប្រើអំណាច មកលើរូបលោកជាមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យលោក ជួង ជូងី មេធាវីការពារក្តីប្រចាំគណបក្សសមរង្ស៊ី ចូលបំភ្លឺចំពោះការចោទប្រកាន់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។ ក៏ប៉ុន្តែដោយសារសមាជិកមួយចំនួន នៃក្រុមប្រឹក្សាគណៈមេធាវី ជាប់រវល់ ធ្វើអោយខ្វះកូរ៉ុម មិនអាចប្រជុំចោទសួរលោកជូងជូងី បានឡើយ។
នៅថ្ងៃចន្ទនេះលោកមេធាវីជូង ជូងី បានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេច រង់ចាំគណៈមេធាវី កោះហៅចូលឆ្លើយបំភ្លឺ។ គណៈមេធាវីមកដល់ពេលនេះមិនទាន់កំណត់ពេលជាថ្មីនៅឡើយ។
លោកជូង ជូងីត្រូវបានគណៈមេធាវីចោទប្រកាន់ថា បានរំលោភលើមាត្រា១៥នៃក្រមសីលធម៌មេធាវី បន្ទាប់ពីលោកគណបក្សសមរង្ស៊ី បានធ្វើសន្និសីទកាសែតស្តីពីដំណឹងការតាមចាប់ខ្លួនលោក កាលពីខែធ្នូ។ ដំណឹងនៃការតាមចាប់ខ្លួនលោកជូងជូងីក្នុងរឿងប្តឹងផ្តល់ ដែលតុលាការខេត្តកណ្តាល បានចោទប្រកាន់លោកមេធាវីពីបទរំដោះជនជាប់ចោទ ឲ្យរត់ចេញពីពន្ធនាគារ កាលពីថ្ងៃទី២៣កញ្ញា ឆ្នាំ២០១១។
រឿងក្តីនៅតុលាការ ត្រូវបានកាសែតរាយការណ៍ថា តុលាការតម្រូវឲ្យលោក ជូងជូងី ចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៣ កុម្ភៈ ក្រោយពីមេធាវីសូមលើកពេលកាលពីខែមករា។ ក៏ប៉ុន្តែនៅថ្ងៃចន្ទនេះ លោកជូងជូងី លើកឡើងថា លោកមិនទាន់ទទួលដីកាកោះរបស់តុលាការទេ។
លោកជូងជូងី បានចាត់ទុកថាតំណាងអយ្យការតុលាការខេត្តកណ្តាលបានចោទប្រកាន់លោកទាំងបំពាន និងប្រើអំណាចរំលោភលើមេធាវីយ៉ាងខ្លាំង។ មេធាវីប្រចាំគណបក្សប្រឆាំង លោកជូងជូងី ក៏បានបន្ថែមថា សំណុំរឿងក្តីនៅតុលាការខេត្តកណ្តាល គណៈមេធាវីបានចាត់មេធាវី ៧ រូប ដើម្បីការពាររូបលោក។
រីឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្តល់មេធាវីម្នាក់ដល់រូបលោកជូងជូងី។ លោកជូងជូងី បានអះអាងថា ក្រោយពីតាំងកោរសក់ ស្លៀកសពាក់ស អង្គុយតាំងសមាធិរយៈពេលជិតមួយខែ ចាប់តាំងពីថ្ងៃទី៥មករា លោកមានអារម្មណ៍ស្រលះ ហើយបានវិលមកកាន់អាជីពមេធាវី និងដំណើរការការពារក្តីជាធម្មតាវិញហើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ