អានតួអត្ថបទ
កម្ពុជា

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​ដែល​អាច​កើត​ពី​ទំ​នាស់​ដីធ្លី​

នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​១៩​​មករា​​នេះ​ ភារធារី​​​ស្ថានទូត​​អាមេរិក​ប្រចាំ​​កម្ពុជា​ លោក ​Jeff Daigle ​បាន​​លើក​​ឡើង​​ថា« បញ្ហា​​ទំនាស់​​ដី​ធ្លី​និង​​ការ​​បណ្តេញ​​ចេញ​​ពលរដ្ឋ​​ទាំង​​បង្ខំ​នៅ​​កម្ពុជា​សព្វថ្ងៃ​ អាច​​នាំ​​ទៅ​​រក​​ការ​​មិន​​មាន​​ស្ថិរភាព​​ក្នុង​​សង្គម​។​ អាមេរិក ​​បាន​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​និង​​អ្នក​​ពាក់ព័ន្ធ​ ដោះ​ស្រាយ​​បញ្ហា​​ជម្លោះ​​ដីធ្លី​ប្រកប​​ដោយ​​តម្លាភាព​​និង​​ការ​​ទទួល​​ខុសត្រូវ។

ពលរដ្ឋ​បុរី​កីឡា​​ប្រឈម​មុខ​នឹង​ប៉ូលិស ក្នុង​ព្រឹត្តិការណ៍​រុះរើ​ផ្ទះ​ កាលពី​ថ្ងៃ​ទី​៣ មករា​ឆ្នាំ​២០១២
ពលរដ្ឋ​បុរី​កីឡា​​ប្រឈម​មុខ​នឹង​ប៉ូលិស ក្នុង​ព្រឹត្តិការណ៍​រុះរើ​ផ្ទះ​ កាលពី​ថ្ងៃ​ទី​៣ មករា​ឆ្នាំ​២០១២ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

តប​​នឹង​​សំណួរ​របស់​អ្នកកាសែត ចំពោះ​បញ្ហា​ពលរដ្ឋ​នៅ​បុរី​កីឡា ភារធារី​ស្ថានទូត​អាមេរិក ប្រចាំ​​កម្ពុជា លោក Jeff Daigle បាន​លើកឡើង​ថា អាមេរិក​បាន​តាមដាន​នូវ​សភាពការណ៍​ជម្លោះដីធ្លី​នោះដោយ​យកចិត្តទុកដាក់ ហើយ​ដូច​សេចក្តីថ្លែងការណ៍កន្លងមក គឺថាបញ្ហា​ទំនាស់​ដីធ្លី និង​ការ​បណ្តេញ​ប្រជាពលរដ្ឋអាច​នាំ​ទៅរក​ការ​មិន​មាន​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​។​

​បន្ទាប់ពី​ពិធី​សម្ពោធ​ជា​ផ្លូវការនូវ​គម្រោង​ប្រឆាំង​ការជួញដូរ​មនុស្សនៅ​កម្ពុជាជំហាន​ទី​២ លោក​ Jeff Daigle ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជានិង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ដោះ​ស្រាយ​​បញ្ហា​ជម្លោះ​ដីធ្លី ប្រកបដោយ​តម្លាភាពនិង​ការទទួលខុសត្រូវ​។

​ជម្លោះ​​ដីធ្លី​​រវាង​ប្រជាពលរដ្ឋ​បុរី​កីឡានិង​ក្រុមហ៊ុន ផាន អ៊ី​មិច បាន​កើតឡើង​កាលពីដើម​ខែ​មករារហូតមកដល់​ពេលនេះ នៅ​មិនទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​។ ពលរដ្ឋ​បុរី​កីឡា​ប្រមាណ ៣០០ គ្រួសារ ត្រូវបាន​អាជ្ញាធរនិង​ក្រុមហ៊ុន រុះរើ​ផ្ទះសម្បែង​ទាំង​បង្ខំនិង​បណ្តេញ​​ទៅ​រស់នៅ​ក្រៅ​ក្រុង​។​

ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅឯ​ខេត្ត​ក្រចេះ រហូតមកដល់​ម៉ោង ១១ព្រឹកថ្ងៃទី​១៩មករា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​រាប់សិប​នាក់ បាន​បើក​ផ្លូវជាតិ​លេខ ៧៦ អា ពី​ខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​មណ្ឌល​គិរី​ ​វិញ​ហើយ​។ ពលរដ្ឋ​តវ៉ា​បិទផ្លូវ កាលពី​ព្រឹក​ថ្ងៃទី​១៨​មករាឆ្នាំ​២០១២ ដោយសារ​តែ​សន្តិសុខ​ក្រុមហ៊ុន​ដាំ​កៅស៊ូ ធី​ធី​វ៉ា​យរបស់​លោក​ឧកញ៉ាណា​ម៉ារ​ឌីបាន​បាញ់រះ បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ ៤ នាក់ រងរបួស​។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ  អាជ្ញាធរ​ខេត្ត​ក្រចេះបាន​សម្របសម្រួលនិង​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ ៤ ចំណុច​។

ទី​១-​តម្រូវឲ្យ​ក្រុមហ៊ុន ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។
ទី​២-​ប៉ូលិស​នឹង​តាម​ចាប់ខ្លួន​អ្នក​បាញ់រះ​លើ​ប្រជាពលរដ្ឋ យក​មក​ផ្តន្ទាទោស​។
ទី​៣-​ក្រុមហ៊ុន ត្រូវ​ចេញ​ថ្លៃ​ព្យាបាល និង​សងជំងឺចិត្ត​ដល់​អ្នក​របួស​ទាំង ៤ នាក់ និង
​ទី​៤-​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការ​ឈូសឆាយ​លើដី​ដាំដំឡូង​មី​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ​នោះ លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទង្វើ​របស់​ទាហាន​ការពារ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ TTY ដែល​បាន​បាញ់រះ​មកលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ បង្ក​ឱ្យ​រងរបួស​ធ្ងន់​។

​តាម​សេចក្តីថ្លែងការណ៍​នៅថ្ងៃនេះ ការ​បណ្ដោយ​របស់​អ្នកដឹកនាំ ធ្វើឱ្យ​មាន​អំពើ​ឃោរឃៅនិង​អយុត្តិធម៌​ធ្ងន់ធ្ងរ​មកលើ​ប្រជារាស្ត្រ​តូចតាច ដែល​ជា​អ្នកទន់ខ្សោយ និង​ក្រីក្រ ដោយសារ​តែ​ជម្លោះដីធ្លី​បែប​ប​នេះ អាច​នាំឱ្យ​កើត​មាន​អស្ថិរភាព​នៅ​កម្ពុជា នាពេលខាងមុខ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ