អានតួអត្ថបទ
កម្ពុជា-អ.ស.ប.

តំណាងUN​លើកឡើង​បញ្ហាជាច្រើន​​ក្នុង​គម្រោង​ដីសម្បទាន​សេដ្ឋកិច្ច​

អ្នក​រាយការណ៍​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស៊ូរីយ៉ា ស៊ូប៊ែឌី​បាន​បញ្ចប់​បេសកកម្ម​លើក​ទី៧​របស់​លោក​នៅ​កម្ពុជា​ហើយ​ស្តី​ពី​ផល​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ពី​គម្រោង​សម្បទានដី​សេដ្ឋកិច្ច។បើទោះជា​មាន​របាយការណ៍​និយាយ​អំពី​គុណ​ប្រយោជន៍​នៃ​គម្រោង​សម្បទាន​កន្លង​មក​ក៏​ដោយ ប៉ុន្តែ​បញ្ហា​ជាច្រើន​ក៏​បាន​កើត​មាន​ដែរ ពិសេស​គឺ​តម្លាភាព​នៃ​ការ​ផ្តល់​ដី​សម្បទាន​ដែល​នៅ​មាន​កម្រិតទាប​នៅឡើយ។

ការកាប់ឆ្ការព្រៃ​ធ្វើផ្លូវ​ទៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ច​
ការកាប់ឆ្ការព្រៃ​ធ្វើផ្លូវ​ទៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ © RFI-លាង ដឺលុច
ផ្សាយពាណិជ្ជកម្ម

អ្នក​រាយការណ៍​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ស៊ូរិយ៉ា ស៊ូប៊ែឌី​បាន​បញ្ចប់​បេសកកម្ម​លើក​ទី​៧​របស់​លោក​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​សន្និសីទ​កាសែត​ដែល​លោក​ប្រកាស​អំពី​លទ្ធផល​នៃ​បេសកកម្ម​នោះ។

 
បេសកកម្ម​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ គឺ​ស្វែងរក​ឲ្យ​ឃើញ​ពី​ផល​ប៉ះពាល់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​កើត​ចេញ​ពី​ការ​ផ្តល់​សម្បទានដី​សេដ្ឋកិច្ច​។ នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ អ្នក​រាយការណ៍​ពិសេស​បាន​រៀបរាប់​អោយ​ដឹង​ថា លោក​បាន​ទទួល​ទាំង​ព័ត៌មាន​ដែល​និយាយ​អំពី​គុណ​សម្បត្តិ​នៃ​ការ​អនុវត្ត​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច។ ​ពោល​គឺ​គម្រោង​ទាំង​នេះបាន​ផ្តល់​មក​អោយ​ពលរដ្ឋ​ខ្មែរ​នូវ​ការងារ ចំណូល​ពន្ធ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ មណ្ឌល​សុខភាព និង​សាលារៀន​ជាដើម។ ​លោក​ក៏​ទទួល​បាន​ព័ត៌មាន​អវិជ្ជមាន​មិន​តិច​ដែរ​ក្នុង​ការ​អនុវត្ត​នយោបាយ​សម្បទានដី​សេដ្ឋកិច្ច​នេះ។

តម្លាភាព​នៅ​ទាប នេះ​គឺ​ជា​ការ​វាយតម្លៃ​របស់​អ្នក​រាយការណ៍​ពិសេស។ លោក​រៀបរាប់​អោយ​ដឹង​ថា ជា​ទូទៅ​សហគមន៍​តែងតែ​មិន​បាន​ដឹងថា សម្បទាន​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ត្រូវ​បាន​ផ្តល់​អោយ​ឯកជន នៅ​ពេល​ណា និង​ដោយ​របៀប​ណា​នោះ​ឡើយ។ មាន​ពេល​ខ្លះ សហគមន៍​មិន​ទាំង​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ក្នុង​តំបន់​ខ្លួន​ទៀត​ផង។ ទន្ទឹមគ្នា​នេះ​ នៅ​ក្នុង​ការ​តវ៉ា​ តែង​មាន​អំពើ​ហឹង្សា ហើយ​ថា ការ​តវ៉ា​នោះ​មាន​ច្រើន​ប្រភេទ​ទៅ​ទៀត​ ដូចជា​ការ​បិទ​ផ្លូវ​ជាដើម។

ក្នុង​ន័យ​នេះ​លោក​ស៊ូរិយា ស៊ូប៊ែឌី​បាន​ជំរុញ​អោយ​មាន​ភាគី​សហគមន៍ អាជ្ញាធរ ​និង​ក្រុមហ៊ុន​ប្រកាន់​យក​ផ្លូវ​ចរចារ​ដោយ​សន្តិវិធី​អោយ​អស់​លទ្ធភាព ហើយ​ថា ក្រុមហ៊ុន​គួរ​ប្រកាន់​យក​ការ​ផ្តល់​សំណង​សមរម្យ ប្រសិនបើ​ពួកគេ​ចង់​កាន់កាប់​ដី ឬ​អចលនទ្រព្យ​ឯកជន​នោះ។ មន្ត្រី​អង្គការ​សហប្រជាជាតិ​សន្និដ្ឋាន​ថា ការ​អភិវឌ្ឍ​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​អាច​ទទួល​ផល​វិជ្ជមាន ប្រសិនបើ​មាន​ការ​អនុវត្ត​ដែល​ប្រកបដោយ​និរន្តរភាព និង​សមធម៌​នោះ។ ត្រង់​នេះ លោក​ស៊ូបេឌី​បាន​សាទរ​សេចក្តីសម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាល​ពី​ដើម​សប្តាហ៍​នេះ​បាន​ប្រកាស​ផ្អាក​ផ្តល់​ដី​សម្បទាន។ សម្រាប់​លោក​ស៊ូបេឌី នេះ​គឺ​ជា​ជំហាន​ដ៏​ល្អ​មួយ​ក្នុង​ទិសដៅ​ត្រឹមត្រូវ។​ នៅ​ក្នុង​បេសកកម្ម​លើក​នេះ លោក​ស៊ូប៊ែឌី​ក៏​បាន​ថ្លែង​ព្រួយ​បារម្ភ​ផងដែរ​អំពី​ប្រើប្រាស់​អាវុធ​ប្រឆាំង​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ