អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​អហិង្សា​ជា​សេចក្តី​ត្រូវការ​ចាំបាច់​របស់​សង្គម​ខ្មែរ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន ដោយសារ​តែ​អំពើ​ហិង្សា​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​មនុស្ស​ខ្មែរ​មួយ​ចំនួន ​ហើយ​អំពើ​ហិង្សា​ក៏​ជា​បញ្ហា​សង្គម​ដ៏​ធំ​មួយ​នៅ​ឡើយ​នោះ ​គេ​អាច​និយាយ​បាន​ថាព្រះពុទ្ធ​សាសនា​ឬ​គំរូ​របស់​អង្គ​សម្តេច​ឪ នៅ​មិន​ទាន់​ត្រូវ​បាន​យក​មក​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ ប្រទេស​មួយ​ដែល​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ហើយ​ដែល​មាន​ព្រះ​មហាវីរក្សត្រ​ជា​គំរូ​មួយ​ព្រះអង្គ គួរ​តែ​ជា​សង្គម​ដែល​វៀរចាក​អំពើ​ហិង្សា។ តើ​ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា និង​គំរូ​របស់​ព្រះ​មហា​វីរក្សត្រ​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​កសាង​វប្បធម៌​អហិង្សា​ក្នុង​សង្គម​ខ្មែរ? 

ព្រះពុទ្ធ​​ឧវាទ​ និង​អង្គ​សម្ត​ច​ឪ​ជា​គំរូ​​​ ក្នុង​​​វប្បធម៌​អហឹង្សា​
ព្រះពុទ្ធ​​ឧវាទ​ និង​អង្គ​សម្ត​ច​ឪ​ជា​គំរូ​​​ ក្នុង​​​វប្បធម៌​អហឹង្សា​ RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

កា​រយំ​ស្តាយ​ស្រណោះ និង​ការ​លើក​សរសើរ​គ្រប់​មាត់​ពី​គំរូ​វីរភាព និង​គុណ​សម្បត្តិ​រាប់​មិន​អស់​របស់​អង្គ​សម្ត​ច​ឪ នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​ប្រហែល​ជា​បាន​ស្ងប់សុខ​ជាង​នេះ​ប្រសិន​បើ​កូន​ចៅ ចៅ​ទួត​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ អនុវត្ត​តាម​បណ្តាំ និង​គំរូ​ដែល​ព្រះអង្គ​បាន​បង្ហាញ។

«វប្បធម៌​អហិង្សា»ដែល​ស្តែង​ឡើង​ជានិច្ច​កាល ​តាម​រយៈ​ពាក្យ​ពេចន៍ កាយ​វិការ និង​ទង្វើ​របស់​ព្រះ​មហា​វីរក្សត្រ គឺជា​គំរូ​ដែល​គេ​បាន​ឃើញ​ញឹកញាប់​បំផុត។ វប្បធម៌​អហិង្សា​នេះ​ហើយ​ដែល​ជា​សេចក្តី​ត្រូវការ​ចាំបាច់ ​សម្រាប់​សង្គម​បច្ចុប្បន្ន។ ចាំបាច់​ពីព្រោះ​ថា «ធម៌​ហិង្សា»​ហាក់​ដូច​ជា​កំពុង​យក​ឈ្នះ​ និង​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ខ្មែរ​ជា​ច្រើន។ ជាក់​ស្តែង អសន្តិសុខ​សង្គម​ដែល​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​គឺ​មាន​ប្រភព​ចេញ​ពី​ការ​បាត់បង់​អធ្យាស្រ័យ​គ្នា ​រវាង​មនុស្ស​ក្នុង​សង្គម ​ហើយ​ងាក​មក​ពឹង​ពាក់​លើ​ធម៌​ហិង្សា​ទៅវិ​ញ​ សូម្បី​តែ​រឿង​បន្តិច​បន្តួច​សោះ​ក៏​ដោយ។

នៅ​ក្នុង​ឆាក​នយោបាយ​ឯណោះ​វិញ ធម៌​ហិង្សា​ក៏​នៅ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ដែរ ​ជា​ពិសេស​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់។ ស្តាប់​សុន្ទរកថា​របស់​អ្នក​នយោបាយ​ម្តងៗ គេ​ពិត​ជា​បាន​លឺ​ច្បាស់​នូវ​សង្គ្រាម​ពាក្យ​សម្តី ​ដែល​បង្កប់​ដោយ​ន័យ​ហិង្សា​គួរ​ឲ្យ​ព្រឺ​ខ្លាច បើ​ទោះ​បី​ជា​អំពើ​ហិង្សា​ទៅ​លើ​រូបរាង​កាយ​ បាន​ថយ​ចុះ​យ៉ាង​ច្រើន​ហើយ​ក៏​ដោយ។ ពាក្យ​សម្តី​ដែល​បង្កប់​​ដោយ​គំនុំ ការ​ស្អប់​ខ្ពើម និង​ការ​ប្រមាថ​គ្នា សុទ្ធ​តែ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ថា ​វប្បធម៌​ហិង្សា​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​ នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា។ ឬ​គេ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា នេះ​គឺ​ជា​បញ្ហា​ប្រឈម​ថ្មី​នៃ​សង្គម​ខ្មែរ ​ក្រោយ​សម័យ​សង្គ្រាម។

ជា​ការ​ពិត សង្គ្រាម​វិនាសកម្ម​ពោរ​ពេញ​ដោយ​អំពើហិង្សា​ កាប់​សម្លាប់​បង្ហូរ​ឈាម​គ្នា ​មិន​គ្រាន់តែ​ជា​រឿង​ដ៏​ឆ្អែត​ឆ្អន់​តែ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ក្លាយ​ជា​ស្លាក​ស្នាម​របួស​ផ្លូវ​ចិត្ត​ ដែល​ពិបាក​ព្យាបាល​ទៀត​ផង ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំង​មូល។ នេះ​ជា​បទ​ពិសោធន៍​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា ​រាប់​តាំង​ពី​មនុស្ស​សាមញ្ញ​បំផុត​ ដល់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ប្រទេស សច្ចា​ថា​មិន​ចង់​ជួប​ទៀត​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​នាំ​គ្នា​បន្សាប​វប្បធម៌​ហិង្សា​នេះ​ទេ ប្រវត្តិសាស្ត្រ​អាច​នឹង​ច្រំ​ដែល​ក៏​ថា​បាន។

ដំណោះ​ស្រាយ​សំខាន់​បំផុត ​គឺ​ការ​បណ្តុះ​វប្បធម៌​អហិង្សា​ ដើម្បី​បន្សាប​ធម៌​ហិង្សា​ទាំង​នោះ។ អ្នក​នយោបាយ, អ្នក​មាន​អំណាច ​និង​មាន​ឥទ្ធិពល​ក្នុង​សង្គម​ គឺ​ជា​អ្នក​ដែល​ត្រូវ​ចាប់​ផ្តើម​មុន​គេ​ក្នុង​ការ​បណ្តុះ​វប្បធម៌​អហិង្សា​នេះ។ ពុម្ព​គំរូ​មាន​រួច​ស្រេច​ហើយ ដោយ​មិន​ចាំ​បាច់​ទៅ​ចម្លង​ពី​ប្រទេស​ណា​ឡើយ។ ពុម្ព​គំរូ​នោះ​គឺ​ព្រះ​មហាវីរក្សត្រ​ដែល​ទើប​សោយ​ទិវង្គត​ ដែល​គ្រប់​គ្នា​សម្តែង​ការ​គោរព​ស្រឡាញ់​បំផុត​នោះ។ លើស​ពី​នេះ​ទៅ​ទៀត ព្រះ​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ​ក៏​ជា​គំរូ​នៃ​ធម៌​អហិង្សា​ដ៏​សំខាន់​មួយ​ដែរ។

ជា​ការ​ពិត​ណាស់ ពុទ្ធ​សាសនិក​ជន​ពិត​ប្រាកដ​គឺ​ទាល់​តែ​ជា​អ្នក​គោរព និង​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​ឱវាទ​ដ៏​ត្រឹមត្រូវ​ នៅ​ក្នុង​ជម្រៅ​ចិត្ត។ សកម្មភាព​ខាង​ក្រៅ​ដោយ​គ្រាន់​តែ​កាន់​ស្រាក់​ទៅ​វត្ត​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។ យ៉ាងណា​មិញ ការ​សម្តែង​ក្តី​អាលោះអាល័យ ​និង​លើក​សរសើរ​ពី​គំរូ​វីរភាព​របស់​អង្គ​សម្តេច​ឪ ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដែរ តែ​ត្រូវ​យក​ចំណុច​ល្អ​របស់​ព្រះអង្គ​ទាំង​អម្បាល​មាណ​មក​ប្រតិបត្តិ​ជាក់​ស្តែង ​ទើប​ក្លាយ​ជា​អ្នក​ស្រឡាញ់​ព្រះអង្គ​ពិត​ប្រាកដ​បាន។

ដូច្នេះ នេះ​ជា​ពេល​វេលា​ដ៏​សម​ស្រប​មួយ​ដែល​គ្រប់​គ្នា ទាំង​ប្រជា​ពលរដ្ឋ ទាំង​អ្នក​នយោបាយ គួរ​សង្រួម​ចិត្ត​កាយ ​ដើម្បី​ក្លាយ​ជា​ពុទ្ធ​សាសនិក​ជន​ និង​ជា​អ្នក​ស្រឡាញ់​សម្តេច​ឪ​ដ៏​ពិត​ប្រាកដ។ ការ​កម្ចាត់​ចោល​ធម៌​ហិង្សា ពី​ក្នុង​​កាយ​វាចា​និង​ចិត្ត ​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​ដើម្បី​ជូន​ដំណើរ​ព្រះអង្គ​ ទៅ​កាន់​ទី​ស្ថាន​បរមសុខ​ដ៏​ខ្ពង់ខ្ពស់​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ