ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងប៉េកាំងកោះហៅអ្នកការទូតអាមេរិក

ក្រសួងកាបរទេសចិនបានកោះហៅអ្នកតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងប៉េកាំង ដើម្បីតវ៉ាប្រឆាំងទល់នឹងជំហររបស់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនក៏បានប្រឆាំងតវ៉ាពុំយល់ព្រមឡើយ ដោយសំអាងថា កោះមួយចំនួននៅសមុទ្រចិនខាងត្បូងក៏ឋិតនៅក្រោយអធិបតេយ្យរបស់ខ្លួនផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយឲ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី៤សីហាម្សិលមិញ ក្រសួងការបរទេសចិនបានប្រកាសឲ្យដឹងថា អនុរដ្ឋមន្ត្រីនៃក្រសួងកាបរទេសចិនបានកោះហៅអ្នកតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងប៉េកាំង លោក Robertt Wang ដើម្បីតវ៉ាប្រឆាំងទល់នឹងឥរិយាបថរបស់អាមេរិកក្នុងបញ្ហាអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។
ទាំងនេះក៏ដោយហេតុថា កាលពីថ្ងៃសុក្រកន្លងទៅ ក្រសួងការបរទេសអាមេរិកបានថ្លែងឲ្យដឹងថា “ទីក្រុងវ៉ាស៊ីតោនតាមដានស្ថានការណ៍នៅសមុទ្រចិនខាងត្បូងយ៉ាងល្អិតល្អន់ ហើយសហរដ្ឋអាមេរិកយល់ថា ការយកទ័ពទៅដាក់ក្នុងតំបន់ដោយទីក្រុងប៉េកាំងនឹងធ្វើឲ្យប៉ះពាល់ដល់ការខិតខំក្នុងវិស័យការទូតសម្រាប់កាត់បន្ថយភាពតានតឹងក្នុងតំបន់”។
គួរកត់សម្គាល់ថា ស្ថានភាពនៅសមុទ្រចិនខាងត្បូងបច្ចុប្បន្ននេះ បានក្លាយទៅជាបញ្ហាមួយដ៏ក្តៅគគុកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសចិនបានប្រកាសប្រាប់ថា មួយភាគធំនៃសមុទ្រចិនខាងត្បូងគឺឋិតនៅក្រោមអធិបតេយ្យរបស់ទីក្រុងប៉េកាំង។ ក៏ប៉ុន្តែ ប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនបានប្រឆាំងតវ៉ាពុំយល់ព្រមឡើយ ដោយសំអាងថា កោះមួយចំនួននៅសមុទ្រចិនខាងត្បូងក៏ឋិតនៅក្រោយអធិបតេយ្យរបស់ខ្លួនផងដែរ។ ការឈ្លោះដណ្តើមគ្នាយ៉ាងខ្លាំងក្លារវាងប្រទេសទាំងបីបែបនេះ ក៏ដោយហេតុតែគេយល់ថា អាចមានសម្បត្តិធម្មជាតិយ៉ាងច្រើនមហិមា ដូចជាប្រេងកាតឬឧស្ម័ននៅក្នុងតំបន់នេះ។
សូមបញ្ជាក់ថា មានបញ្ហាជាច្រើនដែលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនមានទំនាស់នឹងគ្នា មានដូចជាបញ្ហាប្រាក់យ័នចិន បញ្ហាទីបេ និងបញ្ហាតៃវ៉ាន់ ...។ល។...
ប្រទេសចិនបានសម្ដែងឲ្យឃើញនូវការខឹងក្រេវក្រោធយ៉ាងខ្លាំង ក្រោយពីសហរដ្ឋអាមេរិកបានថ្លែងឲ្យដឹងពីជំហររបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក Ain Gang បានប្រកាសថា តំបន់សមុទ្រចិនខាងត្បូងនិងកោះមួយចំនួនឋិតនៅក្រោមអធិបតេយ្យរបស់ប្រទេសចិនយ៉ាងដាច់ខាត ដូច្នេះទីក្រុងប៉េកាំងមានសិទ្ធិយ៉ាងពេញលេញក្នុងការក្តោបក្តាប់រៀបចំឲ្យមានទីក្រុងនិងគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងជាផ្លូវការ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ