ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 20 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 20 សីហា 2012

រដ្ឋាភិបាល​ភូមា​បាន​សម្រេច​លុបចោល​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន

រដ្ឋាភិបាល​ភូមា​បាន​សម្រេច​លុបចោល​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន
រដ្ឋាភិបាល​ភូមា​បាន​សម្រេច​លុបចោល​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន
REUTERS/Soe Zeya Tun

ដោយ គួច គន្ធារ៉ា

នៅ​ប្រទេស​ភូមា រដ្ឋាភិបាល​ភូមា​បាន​សម្រេច​លុបចោល​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន។ ចាប់​ពី​ពេល​នេះ​ត​ទៅ គ្រប់​សារព័ត៌មាន និង​ទស្សនាវដ្តី​ទំាង​អស់​មិន​ចំា​បាច់​បញ្ជូន​អត្ថបទ​ទាក់ទង​នឹង​រឿង​នយោបាយ និង​សាសនា​ទៅ​ឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ដើម្បី​សុំ​ការ​អនុញ្ញាត​បោះផ្សាយ​ដូច​មុន​ទៀត​ឡើយ។ តែ​គេ​ត្រូវ​រង់ចំា​មើល​ថា តើ​វិធានាការ​នេះ​នឹង​ត្រូវ​គេ​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ឬ​ទេ។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​សម្រេច​ព្យួរ​ការ​ផ្សាយ​របស់​ទស្សនាវដ្តី​ប្រចំា​សប្តាហ៍​ចំនួន​ពីរ។ ឃើញ​ថា នេះ​គឺ​ជា​កាយវិការ​មួយ​ដែល​បាន​បង្ហាញ​ថា រដ្ឋអំណាច​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ឈប់​ការ​ត្រួតពិនិត្យ​ទំាង​ស្រុង​លើ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ទេ។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

20/08/2012 by គួច គន្ធារ៉ា

តាម​ទ្រឹស្តី គ្មាន​ទៀត​ឡើយ ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ភូមា មាន​ន័យ​ថា អ្នក​កាសែត​អាច​ចុះ​ផ្សាយ​គ្រប់​អត្ថបទ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​សាសនា​ដោយ​មិន​ចំា​បាច់​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទេ។ គួរ​ជម្រាប​ជូន​ថា មក​ទល់​ពេល​នេះ មុន​នឹង​បោះផ្សាយ​អត្ថបទ​អ្វី​មួយ ពិសេស​អត្ថបទ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​សាសនា អ្នក​កាសែត​ចំាបាច់​ត្រូវ​តែ​បញ្ជូន​អត្ថបទ​របស់​ខ្លួន​ទៅ​ឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ ជាមុន​សិន។ បន្ទាប់​ពី​គណៈកម្មាធិការ​ត្រួតពិនិត្យ​ធ្វើ​ការ​កែសម្រួល​រួច​ហើយ ទើប​អ្នកកាសែត​អាច​យក​អត្ថបទ​របស់​ខ្លួន​ទៅ​ចុះ​ផ្សាយ​បាន។
 
ជាមួយ​នឹង​វិធានការ​ថ្មី​នេះ រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​មិន​បាន​រំលាយ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ចោល​ទេ ក៏​ប៉ុន្តែ គណៈកម្មាធិការ​នេះ​នឹង​លែង​ធ្វើ​ការងារ​ត្រួតពិនិត្យ​លើ​សារព័ត៌មាន​ដូច​មុន​ទៀត​ឡើយ។ តែ​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​បាន​បង្កើត​ចេញ​នូវ​ក្រុមប្រឹក្សា​សារព័ត៌មាន​ភូមា​មួយ។ ក្រុមប្រឹក្សា​នេះ​មាន​តួនាទី​ជា​អ្នក​សិក្សា​លើ​គ្រប់​បញ្ហា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សារព័ត៌មាន។
 
យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកកាសែត​ភូមា​នៅ​មិន​ទាន់​ហ៊ាន​សម្តែង​ការ​ត្រេកត្រអាល​របស់​ខ្លួន​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​រង់ចំា​មើល​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​រដ្ឋាភិបាល​ជាមុន​សិន។ គួរ​រម្លឹក​ជូន​ថា ការ​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ មាន​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​ចំនួន​ពីរ​បាន​ត្រូវ​រដ្ឋអំណាច​ផ្អាក​សកម្មភាព​មួយ​រយៈ បន្ទាប់​ពី​បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្លួន ដោយ​មិន​បាន​បញ្ជូន​អត្ថបទ​ទៅ​ឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ជាមុន។ តែ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆំាង​ពី​សំណាក់​ក្រុម​អ្នកកាសែត​មក ទើប​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​ទំាង​ពីរ​នោះ​មាន​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ។
 
ម្យ៉ាង​ទៀត អ្នក​កាសែត​ភាគច្រើន​បាន​យល់​ឃើញ​ថា ក្រុមប្រឹក្សា​សារព័ត៌មាន​ភូមា​ដែល​ទើប​បង្កើត​ឡើង ដោយ​មាន​សមាជិក​តែងតំាង​ដោយ​រដ្ឋាភិបាល និង​ដឹក​នំា​ដោយ​អតីត​ចៅក្រម​នោះ នឹង​គ្មាន​ឯករាជ្យ​ទេ៕

tags: ភូមា
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close