អានតួអត្ថបទ
កម្ពុជា

គណបក្ស​សិទ្ធិ​មនុស្ស​ប្រកាស​ខ្លួន​ជា​គូប្រជែង​ទី១ របស់​គណបក្ស​ប្រជាជន

គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ​ដែល​មាន​តែ​បី​កៅអី​ក្នុង​រដ្ឋសភា​បាន​បើក​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​ លើក​ទី២​របស់​ខ្លួន នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ឯ​ទីស្នាក់ការ​គណបក្ស​នៅ​ទីក្រុង​ភ្នំពេញ។ សន្និបាត​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ ការបោះឆ្នោត​ខាង​មុខ។ ដោយ​មិន​ខ្វល់ខ្វាយ​អំពី​គណបក្ស​សម រង្ស៊ី​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ​លោក​កឹម សុខា ​បាន​ប្រកាស​ថា ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កំពុង​ក្លាយ​ជា​គូ​ប្រជែង​ទី១​របស់​គណបក្ស​ កាន់​អំណាច។

លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស (កណ្តាល)និង​ថ្នាក់ដឹកនាំ​គណបក្ស​ នៅក្នុង​សន្និបាត​គណបក្ស​ នៅថ្ងៃ​ទី​៣០​កក្កដា ២០១១
លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស (កណ្តាល)និង​ថ្នាក់ដឹកនាំ​គណបក្ស​ នៅក្នុង​សន្និបាត​គណបក្ស​ នៅថ្ងៃ​ទី​៣០​កក្កដា ២០១១ ©RFI/siv channa
ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​គណបក្ស​សិទ្ធិមនុស្ស​មាន​តែ​បី​កៅអី​ក្នុង​រដ្ឋសភា​ក៏ដោយ​ ក៏​លោក​ កឹម សុខា​ ប្រធាន​នេះ​បាន​ប្រកាស ដោយ​ឥត​រារែក នៅ​ថ្ងៃ​នេះ​ថា​ អំណើះ​​តទៅ​មាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​តែ​១​ប៉ុណ្ណោះ​ដែល​ប្រជែង​តទល់​ជាមួយ​គណបក្ស​កាន់អំណាច ដើម្បី​ឲ្យមាន​ការ​ផ្លាស់ប្តូរ​សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣។​ សេចក្តី​ថ្លែងការណ៍​របស់​លោក​កឹម សុខា​បាន​ធ្វើ​ឡើង នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២​របស់​គណបក្ស​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០១១​នេះ។

 
ចំពោះ​មុខ​សកម្មជន​ច្រើន​រយ​នាក់​ដែល​បាន​មក​ជួបជុំ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិមនុស្ស​ នៅ​ទីក្រុង​ភ្នំពេញ​ លោក ​កឹម សុខា ​បាន​អះអាង​ថា​ គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​មាន​សកម្មជន​មក​ពី​គណ​បក្ស​ជាច្រើន​បាន​មក​ចូល​រួម​ ដូចជា ​សកម្មជន​គណបក្ស​សម រង្ស៊ី​, ហ្វ៊ុនស៊ិនប៉ិច​, គណបក្ស ​នរោត្តម រណឫទ្ធិ ​រួម​ទាំង​មកពី​គណបក្ស​កាន់អំណាច​ទៀត​ផង។

កាលពី​ពេល​ថ្មីៗ​នេះ ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​មួយ​ស្តីពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​កឹម សុខា។ ​កិច្ចសន្ទនា​ដែល​នាំឲ្យ​មនុស្ស​ជាច្រើន​ជឿ​ថា គណបក្ស​សិទ្ធិមនុស្ស​បាន​កកើត​ឡើង ក្រោម​ការជួយ​ជ្រោមជ្រែង​របស់​លោក​នាយករដ្ឋមន្ត្រី។ ឯកសារ​សម្ងាត់​នេះ​បាន​កាត់ផ្តាច់​ចំណង​មេត្រីភាព​រវាង​គណបក្ស​សិទ្ធិមនុស្ស​ជាមួយ​គណបក្ស​សម រង្ស៊ី​ជារៀង​រហូត​មក។

យ៉ាងណា​ក៏ដោយ ​នៅ​ថ្ងៃ​នេះ​ លោក​កឹម​សុខា​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ថា មិន​អាច​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ​ដូចជា ​បញ្ហា​បូរណភាព​ទឹកដី​, ការកាប់​បំផ្លាញ​ព្រៃឈើ ​និង​អំពើ​ពុករលួយ​ជាដើម។ លោក​កឹម សុខា​ក៏​មិន​ភ្លេច​វាយប្រហារ​លើ​អតីត​ដៃគូ​របស់​ខ្លួន​ក្នុង​សម្ព័ន្ធភាព​អ្នកប្រឆាំង​ដែរ។​ លោក​អះអាង​ថា​ គណបក្ស​សម រង្ស៊ី ​មិន​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​ឲ្យ​គណបក្ស​នេះ​រួប​រួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស។

លើស​ពី​នេះ ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​អះអាង​ថា​ គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​កំពុង​រង្គោះរង្គើ​យ៉ាង​ខ្លាំង​ដែរ។ ​ដូច្នេះ ​មាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​មួយ​ប៉ុណ្ណោះ​ដែល​កំពុង​ក្លាយ​ទៅ​ជា​អ្នកប្រជែង​តែ​មួយ​គត់ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត នាពេល​ខាងមុខ។ ការ​បោះឆ្នោត​ដែល​គណបក្ស​សម រង្ស៊ី​សង្ឃឹម​ថា​ មាន​សំឡេង​គាំទ្រ​កើន​ឡើង​ រីឯ​គណបក្ស​ប្រជាជន​បាន​ព្យាករ​ថា​ខ្លួន​នឹង​ដណ្តើម​យក​ឲ្យ​បាន​ជាង​១០០​កៅអី​ឯណោះ ក្នុង​ចំណោម ​១២៣​ កៅអី​ក្នុង​រដ្ឋសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ