អានតួអត្ថបទ
បារាំង-លីប៊ី

កាដាហ្វីប្រហែលជា​​​បាន​ផ្តល់​​ហិរញ្ញប្បទាន​​​ឲ្យ​​​សាកូហ្ស៊ី​​​សម្រាប់​​​ធ្វើការ​​​ឃោសនា​បោះឆ្នោត​​​នៅឆ្នាំ​​២០០៧​​​

មូអាម៉ារ​ កាដាហ្វី​ មេដឹកនាំ​នៃ​របប​ផ្តាច់ការ​លីប៊ី​ប្រហែលជា​បាន​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​លោក​នីកូឡា​សាកូហ្ស៊ី​សម្រាប់​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ឆ្នាំ២០០៧។​ នេះ​ជាការ​បង្ហើប​​ឲ្យ​ដឹង​ដោយ​គេហទំព័រ​នៃ​ព័ត៌មាន​បារាំង​ឈ្មោះ​ ​ Mediapart ​ដែលបាន​ផ្សាយ​នៅ​ថ្ងៃសៅរ៍​ទី២៨​មេសា​បង្ហាញ​ឲ្យឃើញ​នូវ​ឯកសារ​ផ្លូវការ​ចេញពី​ក្រសួង​យកការ​សម្ងាត់​លីប៊ី។​ ទាំងនេះ​ធ្លាក់​ចំពេល​មួយ​សប្តាហ៍​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ជុំទីពីរ។

លោក​ Nicolas Sarkozy ​បេក្ខជន​​ប្រធានាធិបតី​​បារាំង​​ឆ្នាំ២០១២​
លោក​ Nicolas Sarkozy ​បេក្ខជន​​ប្រធានាធិបតី​​បារាំង​​ឆ្នាំ២០១២​ REUTERS/Jacques Brinon/Pool
ផ្សាយពាណិជ្ជកម្ម

៥០លាន​អឺរ៉ូ​គឺជា​ចំនួន​ទឹកប្រាក់​ដែល​ប្រហែលជា​មូអាម៉ារ​ កាដាហ្វី​ មេដឹកនាំ​នៃ​របប​ផ្តាច់ការ​លីប៊ី​ បាន​ផ្តល់ជា​ហិរញ្ញប្បទាន​ឲ្យ​លោក​នីកូឡា​សាកូហ្ស៊ី​សម្រាប់​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅឆ្នាំ២០០៧។​ ៥០លាន​អឺរ៉ូ​នេះ​បានឲ្យ​ទៅ​លោក​ Brice Hortefeux ​ដែល​បន្ទាប់​មក​បាន​ក្លាយជា​រដ្ឋមន្ត្រី។​ លោក​ Brice Hortefeux ​ជា​មិត្ត​ជំនិត​របស់​លោក​នីកូឡា​សាកូហ្ស៊ី​ ហើយ​ក៏​ជា​មិត្តភ័ក្តិរបស់​ឈ្មួញ​អន្តរជាតិ​ម្នាក់​ឈ្មោះ​ Ziad Takieddine​ ។​ នេះ​ជាការ​បង្ហើប​ឲ្យ​ដឹង​ដោយ​គេហទំព័រ​នៃ​ព័ត៌មាន​បារាំង​ឈ្មោះ​ ​ Mediapart ​ដែលបាន​ផ្សាយ​នៅ​ថ្ងៃសៅរ៍​ទី២៨​មេសា​ឆ្នាំ២០១២​ម្សិលមិញ​ ​ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ជា​សំអាង។

 
ឯកសារ​នោះ​ចុះថ្ងៃ​ទី១០ធ្នូ​ឆ្នាំ២០០៦​ដែលមាន​ហត្ថលេខា​របស់​លោក​ Moussa Koussa ​ដែល​កាលណោះ​មាន​មុខតំណែង​ជា​ប្រមុខ​យកការ​សម្ងាត់​លីប៊ី។​ ឯកសារ​ដែល​និយាយ​ពី​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​នាឱកាស​ជំនួប​ប្រជុំ​នៅ​ថ្ងៃទី​៦តុលា​ឆ្នាំ២០០៦។

បើយោងតាម​អ្នក​ស្គាល់​របប​គ្រប់គ្រង​ផ្តាច់ការ​លីប៊ី​ ​ ឯកសារនេះ​ជាឯកសារ​មាន​លក្ខណៈ​សមស្រប​ចេញពី​ក្រសួង​យកការ​សម្ងាត់​លីប៊ី។​ ហើយ​ឈ្មួញ​អន្តរជាតិ​ឈ្មោះ​ Ziad Takieddine​ បាន​បញ្ជាក់​ថា​ ​ លោក​គ្មាន​វត្តមាន​ឡើយ​នាឱកាស​ជំនួប​ប្រជុំ​នោះ​ ​ ក៏​ប៉ុន្តែ​លោក​​ Ziad Takieddine​ ក៏​ពុំបាន​ប្រកែក​ពី​លក្ខណៈ​ពិត​ប្រាកដ​នៃ​ឯកសារ​នោះដែរ​ ​ នេះបើ​យោងតាម​ Mediapart ។

ពាក់ព័ន្ធ​នឹង​បញ្ហានេះ​ ​ លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ធ្លាប់បាន​ឆ្លើយតប​តាមរយៈ​ទូរទស្សន៍​បារាំង​ TF1 ​ថា​ ​ “ជាការ​ចោទ​ប្រកាន់​ពុំសមហេតុ​ផល​”។​ ចំណែកឯ​អ្នកនាំពាក្យ​ម្នាក់​​របស់​លោក​ហ្វ្រង់ស្វ័រ​ ហូឡង់​បាន​ទាមទារ​ឲ្យ​លោក​នីកូឡា​សាកូហ្ស៊ី​ថ្លែង​ពន្យល់​ប្រជាជន​បារាំង​ពី​បញ្ហានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ