អានតួអត្ថបទ
កម្ពុជា

ចៅក្រម​ Laurent​ Kasper-Ansemet​ កំពុង​ធ្វើ​ការងារ​នៅ​សាលាក្តី​ខ្មែរក្រហម​

មួយ​​សប្តាហ៍​​ហើយ​​ដែល​​ចៅក្រម ​​Laurent Kasper-Ansemet ​បាន​​មក​​ដល់​​ការិយាល័យ​​សហ​ចៅ​ក្រម​​ស៊ើបអង្កេត​​នៅ​ក្នុង​​សាលាក្តី​​ខ្មែរក្រហម។ មន្ត្រី​​នៃ​​ការិយាល័យ​​កិច្ចការ​​សាធារណៈ​​បាន​​អះអាង​ថា ​ចៅក្រម​​ជនជាតិ​​ស្វីស​​នេះ​​បាន​​ចាប់​ផ្តើម​​ធ្វើ​ការងារ​​ធម្មតា។​ គឺ​​ការងារ​​ជា​​សហ​ចៅក្រម​​ស៊ើបអង្កេត​​អន្តរជាតិ​​បម្រុង​​សម្រាប់​​ភាគី​​ខ្មែរ​ តែ​​ជា​​ការងារ​​ពេញសិទ្ធ​​ក្នុង​​ឋានៈ​​ជា​​សហ​ចៅក្រម​​ស៊ើប​អង្កេត​​អន្តរជាតិ​សម្រាប់​​ភាគី​​អន្តរជាតិ។

សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ Laurent Kasper Ansermet
សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ Laurent Kasper Ansermet RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

ចៅក្រម Laurent Kasper-Ansemet កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​​នៅ​ក្នុង​តុលាការ​ខ្មែរ​ក្រហម នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នេត្រ ភត្រា​មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។

ចៅក្រម​ជនជាតិ​ស្វីស​ Laurent Kasper-Ansemet បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​បាន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩​មករា។ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​នៅ​ក្នុង​ពេល​នេះ។ ស្ថានភាព​នេះ ជា​ស្ថានភាព​ចម្រូងចម្រាស់​រវាង​រដ្ឋាភិបាល​កម្ពុជានិង​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​បកស្រាយ​ផ្សេងគ្នា​និយមន័យ​នៃ​នីតិវិធី​នៃ​ការ​តែងតាំង​សហ​ចៅក្រម​​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​ក្នុង​ករណី​តំណែង​សហចៅក្រម​ស៊ើបអង្កេត​នៅ​ទំនេរ។

ចៅក្រម Laurent មិន​មាន​អត្ថាធិប្បាយ​អ្វី​ឡើយ​នៅ​ពេល​នេះ ប៉ុន្តែ​មុន​មក​ដល់​កម្ពុជា លោក​ចៅក្រម​រូប​នេះ​ដែល​មាន​ទំព័រ​បណ្តាញសង្គម​Twitter និង Facebook​ផងនោះ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​របស់​លោក​ដោយ​ដាក់​ជា​សំណួរ​ថា តើ​ការ​ដែល​គេ​ដឹង​អំពី​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង ​០០៣និង ​០០៤ គឺ​ជា​មូលហេតុ​ដែល​គេ​មិន​ជ្រើសតាំង​លោក​ជា​ផ្លូវការ​​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ?

បើតាម​អះអាង​របស់​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ការងារ​មួយ​ចំនួន​ត្រូវ​ការ​ការ​យល់ព្រម​ពី​ចៅក្រម​ទាំងពីរ​ទើប​អាច​ដំណើរការ​បាន។ ហើយថា​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​បាន​បញ្ជាក់​ហើយ​ថា លោក​ចៅក្រម Laurent មិនទាន់ទទួល​បាន​នីតិសម្បទា​ពេញលេញ​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ឡើយ។

លោកមេធាវីសុខ សំអឿន​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិ​កម្ពុជា​ដែល​ជា​អ្នក​តាមដាន​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​ដែរ​នោះ បាន​អត្ថាធិប្បាយ​ការ​អវត្តមាន​នៃ​កិច្ច​សហការ​ពី​ខាង​ភាគី​កម្ពុជា នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបអង្កេត​ករណី​០០៣ និង​០០៤។

ហើយ​អ្នកតាមដាន​រូប​នេះ​បន្ត​ថា លោក​ព្រួយ​បារម្ភ​ថា ការ​មិន​ទទួលស្គាល់​តួនាទី​ពេញសិទ្ធ​ពី​ភាគី​កម្ពុជា ចំពោះ​លោកចៅក្រម Laurent អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ករណី​០០២​ដែល​កំពុង​នៅ​ក្នុង​សវនាការ​នេះ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ