អានតួអត្ថបទ
ស រ អា-កាណាដា

លោក​John Kerry​ ទស្សនកិច្ច​ប្រទេស​កាណាដា​

កាល​ពី​ថ្ងៃ​អង្គារម្សិលម៉ិញ​ ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​ លោក​ John Kerry ​បាន​ទស្សនកិច្ច​​នៅ​​ទីក្រុង​អូតាវ៉ា​ រដ្ឋធានី​ប្រទេស​កាណាដា។​ ទស្សនកិច្ច​ប្រព្រិត្ត​ទៅ​មួយ​សប្តាហ៍​ក្រោយ​ការ​វាយ​ប្រហារ​ចំនួន​ពីរ​លើក​ដាច់​ដោយឡែក​ពីគ្នា​នៅ​ប្រទេស​កាណាដា។ ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ជា​ការ​បង្ហាញ​សាមគ្គីភាព​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​ ជា​ពិសេស​ការ​គាំទ្រ​​របស់​​សហរដ្ឋ​ក្នុង​កិច្ច​សហការ​ប្រយុទ្ធ​ប្រឆាំង​អំពើរ​ភេរវកម្ម។​ 

ពី​ឆ្វេង​ទៅ​ស្តាំ​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ Stephen Harper​,លោក John kerry  និងលោក John  Baird
ពី​ឆ្វេង​ទៅ​ស្តាំ​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ Stephen Harper​,លោក John kerry និងលោក John Baird REUTERS
ផ្សាយពាណិជ្ជកម្ម

 

ទស្សនកិច្ច​ខ្លី​រយៈ​ពេល​មួយ​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម​ឡើង​ដោយ​លោក​ John Kerry ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​និង​លោក​ John Baird ​រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​ ដាក់​កំរង​ផ្កា​នៅ​បូជីយដ្ឋាន​​រំលឹក​អនុស្សាវរីយ៍​យុទ្ធជន​ពលី​សម័យ​សង្គ្រាម​លោក​។​ ការ​គោរព​វិញ្ញាណ​ក្ខន្ធ​នេះ​ក៏​ជា​និមិត្ត​រូប​ឩទ្ទិស​ដល់​ទាហាន​កាណាដា​ចំនួន​ពីរ​នាក់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​សប្តាហ៍​មុន​ ក្នុង​ព្រិត្តិការណ៍​វាយ​ប្រហារ​ជា​លក្ខណៈ​ភេរវកម្ម​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។

បន្ទាប់​មក​ ប្រមុខ​ការ​ទូត​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្តោត​លើ​ប្រធាន​បទ​សំខាន់ៗ​ដូច​ជា​ ការ​គំរាម​កំហែង​របស់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ ស្ថាន​ភាព​វិបត្តិ​នៅ​អ៊ុយ​ក្រែន​ ការ​ត្រួត​ពិនិត្យ​សន្តិសុខ​ព្រំដែន​កាណាដា​-សហរដ្ឋ​អាមេរិក​ និង​សន្តិសុខ​ផែ្នក​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ។​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​អ្នក​សារព័ត៌មាន​ លោក​ Kerry ​បាន​ថ្លែង​ពី​ «ឯកភាព» ​និង​ «ការ​ប្តេជ្ញា​ចិត្ត» ​ដែល​ប្រទេស​កាណាដា​បង្ហាញ​ចំពោះ​មុខ​ព្រិត្តិការណ៍​វាយ​ប្រហារ​បែប​ភេរវកម្ម​កាល​​ពី​សប្តាហ៍​មុន។​ លោក​ក៏​បាន​ថ្លែង​សារ​បង្ហាញ​ពី​សាមគ្គី​ភាព​ មិត្តភាព​ដ៏​ជ្រាល​ជ្រៅ​ និង​ការ​កោត​សរសើរ​ដល់​ជា​ប្រជា​ពលរដ្ឋ​កាណាដា។

ដោយ​ទុក​អោយ​អាជ្ញាធរ​កាណាដា​ប្រកាស​សេចក្តី​សន្និដ្ឋាន​ជា​ផ្លូវការ​ក្រោយ​ការ​ស៊ើប​អង្កេត​ ប្រមុខ​ការ​ទូត​អាមេរិក​រូប​នេះ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ​។​ លោក​ក៏​បាន​បញ្ជាក់​ពី​គំរោង​ផែន​ការ​កែរប្រែ​ផែនការ​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​បង្ការ​ និង​ចៀស​វាង​មិន​អោយ​មាន​ហេតុការណ៍​នេះ​កើតឡើង​ទៀត​ទៅ​ថ្ងៃ​អនាគត។​

ប្រមុខ​ការទូត​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​លើ​ចំនុច​រួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​​ក្នុង​នោះ​គឺ​ ការ​ធ្វើ​សង្គ្រាម​បែប​យោធា​ ការ​ទប់​ស្កាត់​មធ្យោបាយ​ហិរញ្ញវត្ថុ​របស់​ក្រុម​នោះ​ និង​ការ​កាត់​ផ្តាច់​ការ​ផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជ្រុល​និយម​នៅ​តាម​បណ្តាញ​អ៊ិនធ័រណេត​ និង​បណ្តាញ​សង្គម។​

ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃ​របស់​លោក​ John Kerry ​បាន​បញ្ចប់​តាម​រយៈ​ជំនួប​ពិភាក្សា​ជា មួយ ​លោក​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ Stephen Harper។ ​សូម​បញ្ជាប់​ថា​លោក John Kerry ​និង​លោក​ Barak Obama ​ត្រូវ​រដ្ឋាភិបាល​កាណាដា​ទទួល​ស្គាល់​ថា​ ជា​ឥសរ្សជន​ពីររូប​តំបូង​គេ​បង្អស់​ ដែល​បាន​បង្ហាញ​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ព្រិត្តិការណ៍​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ