អានតួអត្ថបទ
ស.រ.អា.-រុស្ស៊ី-អ៊ុយក្រែន

អនុប្រធានាធិបតី​​អាមេរិក​​ថ្កោល​ទោស​​រុស្ស៊ី​ថា​​រឹប​អូស​ទឹក​ដី​គ្រីមេ

ប្រតិកម្ម​បាន​ធា្លក់​មក​ជា​ហូរ​ហែ បន្ទាប់​ពី​លោក​ប្រធានធិបតី​រុស្ស៊ី ពូទីន បាន​ចុះ ហត្ថលេខា​ លើ​សន្ធិសញ្ញា​ ភ្ជាប់​​គ្រីមេនឹង​រុស្ស៊ី នៅ​រសៀល​ថ្ងៃអង្គារ​ទី​១៨​មីនា។ ជាមួយ​នឹង​ការ​គំរាម ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត លោក ចូ បៃឌិន (Joe Biden) អនុប្រធានាធិបតី​អាមេរិក ដែល​កំពុង​បំពេញទស្សនកិច្ច​នៅ​ប្រទេស​ប៉ូឡូញ​ជិត​ខាង​អ៊ុយក្រែន បាន​ថ្កោល​ទោស​រុស្ស៊ី និង​ចាត់​ទុក​សកម្មភាព​ក្តោបយក​​គ្រីមេមក​ធ្វើ​ជា​ចំណុះ​រុស្ស៊ី  ថា​ជា​"ការ​រឹប​អូស​ទឹក​ដី​"។

លោក​អនុប្រធានាធិបតី​អាមេរិកJoe Biden ថ្លែង​សុន្ទរកថា​នៅ​ប្រទេស​ប៉ូឡូញ​ ថ្ងៃ​ទី ១៨​មីនា ២០១៤
លោក​អនុប្រធានាធិបតី​អាមេរិកJoe Biden ថ្លែង​សុន្ទរកថា​នៅ​ប្រទេស​ប៉ូឡូញ​ ថ្ងៃ​ទី ១៨​មីនា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

“រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ទទួល​យក​គ្រីមេ​ជា​របស់​ខ្លួន ដែល​មាន​តម្លៃ​​ស្មើ​នឹង​ការ​រឹប​អូស​យក​ទឹកដី” ! នេះ​ជា​ប្រសាសន៍​របស់​លោក ចូ បៃឌិន ពី​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ តប​ទៅ​នឹង​សុន្ទរកថា​របស់​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ដែល​ទើប​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​​ព្រមព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​ភ្ជាប់​គ្រីមេ នឹង​រុស្ស៊ី​ ជាមួយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​​គ្រីមេ ស្និទ្ធ​នឹ​ងម៉ូស្គូ។

ក្រៅ​អំពី​ពាក្យ​ថ្កោល​ទោស លោក​ចូ បៃឌិន​ ក៏​បាន​បញ្ជាក់​ជំហរ​ដាច់​ខាត​របស់​អាមេរិក ក្នុងការ​បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី និង​រុញ​រុស្ស៊ី​ឱ្យ​កាន់​តែ​ឯកា​លើ​ឆាក​អន្តរជាតិ។ អាមេរិក​នឹង​បើក​ជំនួប​ប្រជុំ​ពិសេស​ នៅ​សប្តាហ៍​ក្រោយ ជាមួយ​នឹង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប ដើម្បី​រិះ​រក​មធ្យោបាយ​ធានា​សុវត្ថិភាព​ថាមពល​ ជាពិសេស​ថាមពល​ឧស្ម័នដែល​សមាជិក​សហភាព​អឺរ៉ុបខ្លះ​​រំពឹង​យ៉ាង​ខ្លាំង​លើ​​រុស្ស៊ី។ ​

សូម​បញ្ជាក់​ថា​លោក​​អនុប្រធានាធិបតី​​អាមេរិក​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​ប៉ូឡូញ ថ្ងៃ​អង្គារ​នេះ ដើម្បី​បង្ហាញ​ពី​សម្ព័ន្ធ​ភាព និង​ការ​គិតគូរ​របស់​អាមេរិក​ចំពោះ​ប្រទេស​ជា​មិត្ត​ ប្រឈម​នឹង​ការ​គំរាម​កំហែង​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ប៉ូឡូញ លោក​បៃឌិន​បាន​​បន្ត​ជួប​ជាមួយ​ប្រធានាធិបតី​អេស្តូនី នៅក្រុង​វ៉ាសូវី និង​ត្រូវជួប​​ពិគ្រោះ​ជាមួយ​ប្រធានាធិបតី​លីទុយអានី នៅ​ថ្ងៃ​ពុធ​នេះ។

ទស្សនកិច្ច​មួយ​ជុំ​នៅ​អឺរ៉ុប​ខាង​កើត​របស់​លោក​អនុប្រធានាធិបតី ជា​សារ​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​​ទៅ​កាន់​អ្នក​ដែល​ចង់​បង្ក​អស្ថិរភាព​​ក្នុង​តំបន់​ថា​អាមេរិក​​សម្ព័ន្ធ​មិត្ត​អូតង់​ គោរព​និង​ការពារ​ជានិច្ច​ប្រយោជន៍​យោធា​រួម។ ដើម្បី​ធានា​រ៉ាប់​រងការ​ពារ​មិត្ត​នៅ​អឺរ៉ុប​ខាងកើត អាមេរិក​បាន​បញ្ជូន​ជា​ស្រេច​យន្តហោះ​ប្រដេញ​ប្រភេទ F-១៦​ យន្តហោះ​ដឹក​ជញ្ជូន​និង​ទាហាន​៣០០​នាក់​មក​ប៉ូឡូញ។ អាមេរិក​ក៏​បាន​បញ្ជូន​យន្តហោះ​ប្រដេញ​ F-១៥​ ប្រាំ​មួយ​គ្រឿ​ង​ដែរ​សម្រាប់​ពង្រឹង​ការ​ល្បាត​ត្រួត​ពិនិត្យ​​តំបន់​បាល់ទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ