អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​ប្រាប់​Tepco ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ Fukushima​ឲ្យ​ធ្វើការ​មាន​តម្លាភាព

ស្ថានការណ៍​នៅប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ហាក់​បាន​ប្រសើរ​ឡើងបន្តិច​នៅរោងចក្រ​នុយក្លេអ៊ែរ Fukushima Daicy ដោយ​អ្នកជំនាញ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ជប៉ុន​បានអះអាង​ថា គេ​អាច​តបណ្តាញ​ទឹកត្រជាក់​ឡើងវិញ ដើម្បី​បន្ថយកំដៅ​របស់​ម៉ាស៊ីន​ប្រតិកម្ម និងអាច​ជៀសវាង​ការផ្ទុះ​នុយក្លេអ៊ែរ។ ប៉ុន្តែ នៅថ្ងៃ​អាទិត្យនេះ រដ្ឋាភិបាល​ជប៉ុន​បែរ​ជា​ចេញមុខ​ប្រកាស ថា នឹង​អាច​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ ជា​ថ្មី និង​ទាមទារ​ឲ្យ​ក្រុមហ៊ុនTepco ធ្វើការ​មាន​តម្លាភាព និង​ផ្តល់​ព័ត៌មាន​ជាក់ស្តែង​ស្តីពីស្ថានភាព​គ្រោះថ្នាក់ នៅក្នុង​រោងចក្រ​នុយក្លេអ៊ែរ ​ Fukushima Daicy។

បុគ្គលិក​របស់​ក្រុមហ៊ុន​Tepco ត្រូវ​គេ​ជម្លៀសចេញ​នៅថ្ងៃ​អាទិត្យទី ២៧ មីនា​នេះ នៅពេល​កម្រិត​ធាតុ​វិទ្យុសកម្ម​ឡើង​ខ្ពស់​ខ្លាំង
បុគ្គលិក​របស់​ក្រុមហ៊ុន​Tepco ត្រូវ​គេ​ជម្លៀសចេញ​នៅថ្ងៃ​អាទិត្យទី ២៧ មីនា​នេះ នៅពេល​កម្រិត​ធាតុ​វិទ្យុសកម្ម​ឡើង​ខ្ពស់​ខ្លាំង ©REUTERS/Tokyo Electric Power Co./Kyodo
ផ្សាយពាណិជ្ជកម្ម

07:12

បទអន្តរាគមន៍​របស់​ឈាង បុប្ផា​

ឈាង បុប្ផា

នៅថ្ងៃ​អាទិត្យ​នេះ គេ​បាន​រកឃើញ​ថា មាន​ធាតុ​វិទ្យុសកម្ម​កម្រិត​ខ្ពស់​ដល់​ជាង​១០​លានដង ក្នុង​ទឹក ដែល​គេ​សង្ស័យ លេច​ចេញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​ទីពីរ។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Tepco ដែល​ជា​ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ Fukushima បាន​និយាយ​ថា ពេលនេះ លទ្ធភាព​ដែល​ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​រលាយ មាន​កម្រិត​ខ្ពស់។ បើស្នូលប្រតិកម្ម​រលាយ ដូច្នេះ ទឹក​ដែល​គេ​បាញ់​បញ្ចូល​យក​ទៅ​រក្សា​សីតុណ្ហភាព​ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​នោះ និង​ដែល​លេច​ចេញមកក្រៅ ដោយ​នាំមក​​ជាមួយ​នូវ​ធាតុ​វិទ្យុសកម្ម​កម្រិត​ខ្ពស់។

 
ក្រុមហ៊ុន Tokyo Electric Power (Tepco)​ នៅពេល​នេះ កំពុង​រកមធ្យោបាយ​បូម​ស្តុក​ទុក​ទឹក​ដែល​មាន​ធាតុ​វិទ្យុសកម្ម​ខ្ពស់ កុំ​ឲ្យ​វា​ហូរ​ចេញ​មកក្រៅ និង​ហូរចូល​ទៅក្នុង​ទឹកសមុទ្រ​ក្បែរនោះ។ ធាតុ​វិទ្យុសកម្ម​កម្រិតខ្ពស់​១០លានដង នេះ គឺ​មាន​តែ​នៅក្នុង​ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​ទេ។ ដូច្នេះ បើ​សិនវា លេច​ចេញ​មក​ក្រៅ គឺ​គ្រោះថ្នាក់​សុខភាព ដោយរង​ធាតុ​វិទ្យុសកម្ម ក៏​មាន​កាន់តែ​ខ្លាំងដែរ។

នៅប៉ុន្មាន​ថ្ងៃ​នេះ ក្រុមហ៊ុន Tepco ​បាន​រង​ការរិះគន់​ខ្លាំង​ពី​បទ បាន​បិទបាំង​ព័ត៌មាន​ស្តីពី​ទំហំ​គ្រោះថ្នាក់​នុយក្លេអ៊ែរ។ រដ្ឋាភិបាល​ក៏​បានស្តីបន្ទោស​ដល់​ ក្រុមហ៊ុន Tepco ដែល​ធ្វេសប្រហែសមិន​អាច​គ្រប់គ្រង​ស្ថានភាព និង​ការពារ​សុវត្ថិភាព​ដល់​បុគ្គលិក​ដែល​កំពុង​ធ្វើការ​នៅ ​រោងចក្រ​នុយក្លេអ៊ែរ។ គួរ​បញ្ជាក់​ថា បុគ្គលិក​ពីរនាក់​ដែល​គេ​ដឹក​ចូល​មន្ទីរពេទ្យ​ម្សិលមិញ ត្រូវ​គេ​រក​ឃើញ​ថា មិន​បាន​ពាក់គ្រឿង​បិទបាំង​ការពារ​តាម​ស្តង់ដារ ក្នុងពេល​ដែល​ពួកគេធ្វើការ​នៅក្បែរ​ម៉ាស៊ីន​ប្រតិកម្ម​សំបូរ​ដោយ​ធាតុ​វិទ្យុសកម្ម។

មិនមែន​ជា​លើកទីមួយ​ទេ​ដែល ក្រុមហ៊ុន Tepco​រងការរិះគន់។ ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​អគ្គិសនី​ផ្តាច់មុខ​សម្រាប់​ទីក្រុង​តូក្យូ ជា​ក្រុមហ៊ុន​ថាមពល ធំ​ទី​បួន ​នៅក្នុង​ពិភពលោក ធ្លាប់​មាន​រឿង​អាស្រូវ និង​ល្បី​ខាង​ពូកែ​កុហកភូតភរ ដរាបមក។ នៅឆ្នាំ ២០០២ ប្រធានក្រុមហ៊ុន​Tepco ម្នាក់​បាន​លាលែង​ចេញពីតំណែង បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ដែល​ថា ចាប់តាំង ពីឆ្នាំ ១៩៧៧ ដល់​ឆ្នាំ ២០០២ ក្រុមហ៊ុន​តែង​បាន​បន្លំ ផ្លាស់ប្តូរ​ឯកសារ ផ្តល់​ព័ត៌មាន​មិនពិត​ស្តី​ពី​គ្រោះថ្នាក់​ដែល​កើតមាន ជា​បន្តបន្ទាប់ នៅ​រោងចក្រ​នុយក្លេអ៊ែរ​របស់ខ្លួន​កន្លងមក។

នៅឆ្នាំ ២០០៧ នៅក្រោយ​ពេល​ដែល​គ្រោះរញ្ជួយដី​ដូចគ្នា​បាន​ធ្វើ​ឲ្យ​ឆេះ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Kariwa ប្រធាន​ក្រុមហ៊ុន Tepcoថ្មី​​បាន​ទើប​ចេញ​មុខ​ទទួលស្គាល់​ ថា​ក្រុមហ៊ុន​ខ្វះប្រសិទ្ធិភាព​ក្នុង​រឿង​ពន្លត់​អគ្គិភ័យ និង​រោងចក្រ​​មាន​បញ្ហា​ជាង​៥០​កន្លែង។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ជាង​ហ្នឹង​ទៅទៀត គឺ​នៅ ១០​ថ្ងៃ​មុន គ្រោះរញ្ជួយ​ដី​នៅ​ជប៉ុន នៅថ្ងៃ​ទី ១១​មីនា ក្រុមហ៊ុន​Tepco សារភាព​ថា នៅក្នុង​ឯកសារ​ដែល​ខ្លួន​បាន​ផ្តល់​ដល់​អាជ្ញាធរ​ជប៉ុន ទិន្នន័យ និង​ព័ត៌មាន​ទាំងឡាយ​សុទ្ធ​តែ​បាន​កែបន្លំ ឡើងវិញ។ ក្នុងនោះ Tepco​សារភាព​ថា ប្រព័ន្ធ​ វាស់ស្ទង់ និង​រក្សា​ សីតុណ្ហភាព​របស់​ម៉ាស៊ីន​ប្រតិកម្ម​មិន​ត្រូវ​បាន​គេ​ត្រួតពិនិត្យ ជាង ១០​ឆ្នាំ​មកហើយ។ គឺ​ប្រព័ន្ធ​ទាំងអស់នេះ​ហើយ​ដែល​កំពុង​មាន​​បញ្ហា ដោយសារ​គ្រោះរញ្ជួយដី​លើកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ