
ថ្ងៃនេះ Jean-François TAIN សូមបន្តលើកឡើងពីភូមិសាស្ត្រនយោបាយនៃភូមិភាគដើមបូព៌ា ដោយសូមលើកឡើងអំពីស្ថានភាពនៃប្រទេសអៀរ៉ាក់ ប្រាំពីរឆ្នាំ ក្រោយពីរបបSaddam Hussein បានរលំរលាយបាត់ទៅ។
នៅថ្ងៃទី២០មីនាឆ្នាំ២០០៣ សង្គ្រាមអាមេរិកនៅអៀរ៉ាក់បានផ្តើមឡើង។ ទីក្រុងBagdad បានធ្លាក់នៅថ្ងៃទី៩មេសា។ កូនប្រុសទាំងពីរនាក់របស់Saddam Hussein ត្រូវបានកងទ័ពអាមេរិកាំងបាញ់សម្លាប់ នៅថ្ងៃទី២២កក្កដា។ Saddam Husseinត្រូវបានចាប់ខ្លួន នៅខែធ្នូឆ្នាំ២០០៣ រួចហើយត្រូវបានកាត់ទោស និងប្រហារជីវិត នៅខែធ្នូឆ្នាំ២០០៦។
ប្រាំពីរឆ្នាំក្រោយមក ប្រាំពីរឆ្នាំក្រោយពីរបប Saddam Hussein បានរលំបាត់ទៅ គេអាចនិយាយបានថា សហរដ្ឋអាមេរិកបានពង្រីកវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឈូងសមុទ្រPerse និងបានពង្រឹងវត្តមានពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់ តាមរយៈការលក់អាវុធ។ ទន្ទឹមជាមួយគ្នានេះ គេក៏អាចនិយាយបានដែរថា អាមេរិកបានកាត់បន្ថយអស់មិនតិចទេ ឥទ្ធិពលរបស់អឺរ៉ុប នៅក្នុងភូមិភាគដើមបូព៌ា។ ម្យ៉ាងគឺមកអំពីសង្គ្រាមអាមេរិកាំង នៅអៀរ៉ាក់បានធ្វើឲ្យអឺរ៉ុបបែកបាក់គ្នា មានប្រទេសអឺរ៉ុបខ្លះ ដូចជាអង់គ្លេស អ៊ីតាលី និងអេស្ប៉ាញបានគាំទ្រសង្គ្រាម និងមានប្រទេសអឺរ៉ុបខ្លះទៀត ដូចជាបារាំង និងអាល្លឺម៉ង់ បានប្រឆាំងនឹងសង្គ្រាម។ ម្យ៉ាងទៀត ការដែលប្រទេសអឺរ៉ុបខ្លះបានចូលដៃជាមួយអាមេរិកធ្វើសង្គ្រាមនៅអៀរ៉ាក់ បានបណ្តាលឲ្យបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ អស់មានទំនុកទុកចិត្ត ទៅលើសហភាពអឺរ៉ុប។
ក៏ប៉ុន្តែ ប្រាំពីរឆ្នាំក្រោយមក គេអាចនិយាយបានថា សង្គ្រាមនៅអៀរ៉ាក់ ជាបរាជ័យមួយធំសម្រាប់រដ្ឋការអាមេរិកាំងរបស់លោកBush។ ជាបឋម គឺជាបរាជ័យនយោបាយ ៖ ពិភពអារ៉ាប់មិនដែលស្អប់ខ្ពើមអាមេរិកខ្លាំងដូចពេលនេះទេ។ បន្ទាប់មកទៀត គឺជាបរាជ័យសីលធម៌ ៖ ការដែលរដ្ឋការលោកBush បាននិយាយភូតកុហកថា របបSaddam Hussein មានទំនាក់ទំនងជាមួយអង្គការភេរវកម្មAl-Qaida និងថារបបSaddam Hussein មានអាវុធប្រល័យលោក បានធ្វើឲ្យពិភពលោកអស់មានទំនុកទុកចិត្តទៅលើសហរដ្ឋអាមេរិក។ នៅចុងក្រោយបង្អស់ គឺជាបរាជ័យផ្នែកសន្តិសុខ ៖ ពិតមែនហើយ របបផ្តាច់ការនៅអៀរ៉ាក់បានរលាយ។ ពិតមែនហើយ មានការបោះឆ្នោតដោយសេរី និងតាមបែបផែនប្រជាធិបតេយ្យ នៅអៀរ៉ាក់ ក៏ប៉ុន្តែអំពើហិង្សាបានកើតឡើងសឹងឥតលស់ថ្ងៃ នៅក្នុងប្រទេសនេះរហូតដល់ឆ្នាំ២០០៧។
*
អំពើហិង្សានៅអៀរ៉ាក់ គឺជាអំពើហិង្សាតាមរយៈភេរវកម្មអត្តឃាតប្រឆាំងនឹងប្រជាជនស៊ីវិល ប្រឆាំងនឹងកងទ័ពអាមេរិកាំង ប្រឆាំងនឹងបុគ្គលិករបស់អង្គការសហប្រជាជាតិ និងរបស់កាកបាទក្រហមអន្តរជាតិ។ ធ្ងន់ធ្ងរជាងនេះទៅទៀត គឺការប្រយុទ្ធគ្នារវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយSunnite ដែលជាអ្នកអាឡោះអាល័យរបបSaddam Hussein និងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយChiite ដែលជាអ្នកគាំទ្ររដ្ឋាភិបាលអៀរ៉ាក់បច្ចុប្បន្ន។
គួរនិយាយថា ពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៩នេះ ទាហានអាមេរិកាំងជាង៤ពាន់នាក់ និងជនជាតិអៀរ៉ាក់ជាង១ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ប្រជាជនស៊ីវិលអៀរ៉ាក់ជាង៤លាននាក់បានភៀសខ្លួនទៅនៅប្រទេសអារ៉ាប់ផ្សេង ដូចជានៅSyrie និង នៅJordanie ឬក៏បានធ្វើបន្លាស់ទី ទៅនៅកន្លែងផ្សេងក្នុងទឹកដីអៀរ៉ាក់។
យ៉ាងណាក៏ដោយ តាំងពីឆ្នាំ២០០៧មក អំពើហិង្សានៅអៀរ៉ាក់បាននិងកំពុងបន្តបាត់បង់កម្លាំងរបស់វាបន្តិចទៅវិញហើយ។ ម្យ៉ាង គឺដោយសារតែអាមេរិកបានបញ្ជូនទាហានបន្ថែមទៅកាន់អៀរ៉ាក់ ដើម្បីពង្រឹងសន្តិសុខ នៅជុំវិញទីក្រុងBagdad។ ម្យ៉ាងទៀត គឺប្រហែលមកពីការប្រយុទ្ធគ្នារវាងពួកSunnite និងពួកChiite កំពុងមកដល់ទីបញ្ចប់ ហើយដោយជោគជ័យត្រូវបានទៅពួកChiite។
ទន្ទឹមជាមួយគ្នានេះ ពួកSunniteខ្លះ បានយល់ព្រមចូលដៃជាមួយអាមេរិកាំង ប្រឆាំងនឹងAl-Qaida ជាហេតុធ្វើឲ្យអង្គការភេរវកម្មមួយនេះខ្សោយ និងដកថយបណ្តើរៗចេញពីទឹកដីអៀរ៉ាក់។ មិនតែប៉ុណ្ណោះ Moqtada al-Sadr ដែលជាមេទ័ពChiiteជ្រុលនិយមម្នាក់ដ៏មានមហិទ្ធិឫទ្ធិ និងដែលធ្លាប់បានវាយប្រហារទៅលើទ័ពអាមេរិកាំង នៅSadr City ប៉ែកខាងត្បូងនៃប្រទេស បានយល់ព្រមអនុវត្តកិច្ចឈប់បាញ់គ្នាជាមួយកងទ័ពអាមេរិកាំង តាំងពីថ្ងៃទី១០ឧសភាឆ្នាំ២០០៨មកម៉្លេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







