បារាំង-ឥណ្ឌា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 01 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 01 កុម្ភៈ 2012

ឥណ្ឌា​​បាន​​​ជ្រើស​ទិញ​​យន្តហោះ​​ប្រដេញ​ ​Rafale​​ បារាំង​​១២៦​គ្រឿង​​

យន្តហោះ​ប្រដេញ​​ Rafale​​ ​ផលិត​​ដោយ​​ក្រុមហ៊ុន​​បារាំង​​ Dassault​
យន្តហោះ​ប្រដេញ​​ Rafale​​ ​ផលិត​​ដោយ​​ក្រុមហ៊ុន​​បារាំង​​ Dassault​
© Reuters/Pascal Rossignol

ដោយ សៀក សារិន

ក្រោយពីបាន​ស្គាល់ការ​ខកខាន​ក្នុងការ​លក់​យន្តហោះ​ប្រដេញ​ Rafale ​របស់​ខ្លួន​ជាច្រើនលើក​រួចមក​ ​ ម្តងនេះ​ក្រុមហ៊ុន​ Dassault ​របស់​បារាំង​ទទួល​បាន​ជោគជ័យ​ ​ ដោយ​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​បារាំង​១២៦គ្រឿង​ដែលមាន​តម្លៃ​សរុប​ដល់ទៅ​ជាង​៩ពាន់លាន​អឺរ៉ូ។​ នេះពិតជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​អាកាសយាន​បារាំង។

បទវិភាគរបស់​ សៀក សារិន
 

01/02/2012 by សៀក សារិន

នេះពិតជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រដេញ​បារាំង​ Dassault ​ ​ ដែល​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​បារាំង​១២៦គ្រឿង​។​ មូលហេតុ​ចម្បង​ដែលនាំឲ្យ​អ្នកដឹកនាំ​ឥណ្ឌា​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​របស់​បារាំង​គឺ​កត្តា​​ “តម្លៃ”​ ។​ បើយោងតាម​ព័ត៌មាន​បាន​មកពី​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​ឲ្យដឹងថា​ ​ យន្តហោះ​ប្រដេញ​នីមួយៗ​របស់​បារាំង​មាន​តម្លៃ​ថោកជាង​ ​ យន្តហោះ​ប្រដេញ​ Typhoon របស់​ក្រុមហ៊ុន​អឺរ៉ុប​ Eurofighter ដែលជា​គូប្រជែង​ ​ ដល់ទៅ​៣ឬ៤លាន​អឺរ៉ូ​ឯណោះ។​ ហើយម្យ៉ាងទៀត​ ​ យន្តហោះ​ប្រដេញ​ Rafale ​បារាំង​មាន​រាងតូច​ហើយ​ស្រាល​ជាង​យន្តហោះ​ប្រដេញ​របស់​ប្រទេស​ដទៃទៀត។

 
ក្រៅពី​បញ្ហា​ “តម្លៃ”​ ​ ទំនាក់​ទំនង​នយោបាយ​និង​ទំនាក់​ទំនង​យោធា​ដ៏ល្អ​រវាង​ប្រទេស​បារាំង​និង​ប្រទេស​ឥណ្ឌា​ក៏ជា​កត្តា​មួយ​ដ៏​សំខាន់​មក​ជួយ​ជំរុញ​ឲ្យ​អ្នកដឹកនាំ​ឥណ្ឌា​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​បារាំង។​ ហើយនៅមាន​កត្តា​មួយទៀត​ដ៏​សំខាន់​សម្រាប់​ប្រទេស​ឥណ្ឌា​គឺ​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​ Dassault ​ យល់ព្រម​ធ្វើ​សហការ​ក្នុងការ​សាងផ្ទេរ​បច្ចេកវិទ្យា​ឲ្យទៅ​ភាគី​ឥណ្ឌា។​ ដោយហេតុថា​ ​ ក្នុងចំណោម​ យន្តហោះ​ប្រដេញ​ Rafale ​បារាំង​១២៦គ្រឿង​ដែលបាន​សម្រេច​ជ្រើសទិញ​ដោយ​ប្រទេស​ឥណ្ឌា​ ​ មានតែ​១៨គ្រឿង​ប៉ុណ្ណោះ​ដែល​ផលិត​នៅ​ប្រទេស​បារាំង។​ ចំណែកឯ​១០៨គ្រឿងទៀត​ ​ ភាគី​បារាំង-ឥណ្ឌា​ព្រមព្រៀងគ្នា​ផលិត​នៅ​មជ្ឈមណ្ឌល​អាកាសយាន​ឥណ្ឌា​មួយ​ដ៏​ធំនៅ​តំបន់​ Bangalore ​ដែលឋិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។​ ទាំងនេះ​អនុលោមតាម​កិច្ចព្រមព្រៀង​ដើម្បី​សាងផ្ទេរ​បច្ចេកវិទ្យា​ឲ្យទៅ​ភាគី​​ឥណ្ឌា។
 
ហើយ​ម្យ៉ាងទៀត​ក៏ដោយសារតែ​កងកម្លាំង​អាកាស​ឥណ្ឌា​ក៏មាន​យន្តហោះ​ប្រដេញ​របស់​បារាំង​ជាច្រើនគ្រឿង​រួចទៅហើយ​ ​ មានដូចជា​ យន្តហោះ​ប្រដេញ​ Mirage 2000 ជាដើម។​ ចំណែកឯ​ជោគជ័យ​នៃ​ប្រតិបត្តិការ​យោធា​របស់​យន្តហោះ​ប្រដេញ​ Rafale ​បារាំង​នៅ​ប្រទេស​លីប៊ី​នៅពេល​ថ្មីៗ​កន្លង​ទៅនេះ​ ​ ក៏​ពិតជា​កត្តា​មួយ​ពុំអាច​គេចផុត​ពី​ក្រសែ​ចក្ខុ​របស់​អ្នកដឹកនាំ​ឥណ្ឌា​ឡើយ។
 
ដូច្នេះ​ ​ នៅខណៈនេះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​ Dassault ​ពិតជា​បាន​ទទួល​ជោគជ័យ​ ​ ក៏ប៉ុន្តែ​ភាគី​បារាំង​និង​ភាគី​ឥណ្ឌា​នៅ​ពុំទាន់​បាន​ចុះ​ហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​នៅឡើយ​ ​ គេនៅ​រង់ចាំមើល​យ៉ាងតិច​ប៉ុន្មានខែ​ទៀត​ ​ ទើបបាន​ដឹង​ជាក់ច្បាស់​ ​ ដោយហេតុតែ​គេ​នៅ​បន្ត​ធ្វើការ​ចរចា​ទៅលើ​បញ្ហា​មួយ​ចំនួន​ទៀត។
 
ជោគជ័យ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​ Dassault ​ នៅពេលនេះ​ ​ ពិតជា​បច្ច័យ​មួយ​ដ៏​ប្រពៃ​ជួយ​សម្រាល​សេដ្ឋកិច្ច​បារាំង​ដែលកំពុង​តែ​ជួបនឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ។​ គ្រាន់តែ​បាន​ដំណឹង​ថា​ ​ ប្រទេស​​ឥណ្ឌា​​បាន​​សម្រេច​​ជ្រើសទិញ​​យន្តហោះ​​ប្រដេញ​​ Rafale ​​បារាំង​​១២៦គ្រឿង​​ភ្លាម​​ ​ តម្លៃ​​ភាគហ៊ុន​​របស់​​ក្រុមហ៊ុន​​ផលិត​​យន្តហោះ​​បារាំង​​ Dassault​ ​ បាន​កើន​ឡើង​​+១៨,៤៦%​​ភ្លាម​​ ​ ពោលគឺ​​កើនឡើង​ដល់​​៧២៥អឺរ៉ូ។​​ ដូច្នេះ​​ បើ​កិច្ច​ព្រមព្រៀង​​បារាំង-ឥណ្ឌា​​ក្នុងការ​​លក់​​យន្តហោះ​​​ប្រដេញ​​​នេះ​​​សម្រេច​​​បាន​​​ជោគជ័យ​​​មែន​នោះ​​ ​វានឹង​​​អាច​​​​ផ្តល់​​​​​​​​​​​​​ការងារ​​​ឲ្យ​​​ប្រជាជន​​​បារាំង​​​បាន​ដល់​ទៅ​​​៧ពាន់​​កន្លែង៕​

tags: បារាំង - សេដ្ឋកិច្ច - ឥណ្ឌា
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close