ឥណ្ឌា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 06 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 06 តុលា 2012

សមាជិក​គ្រួសារ ៥នាក់​បាន​ទទួល​ទោស​ប្រហារជីវិត​ពី​បទឧក្រិដ្ឋ​កិត្តិយស

សមាជិក​គ្រួសារ ៥នាក់​បាន​ទទួល​ទោស​ប្រហារជីវិត​ពី​បទឧក្រិដ្ឋ​កិត្តិយស
សមាជិក​គ្រួសារ ៥នាក់​បាន​ទទួល​ទោស​ប្រហារជីវិត​ពី​បទឧក្រិដ្ឋ​កិត្តិយស
Flickr / fdrca'n'dave

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​សុក្រ ទី៥ តុលា​ម្សិលមិញ តុលាការ​ទីក្រុង​ញូដែលី​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស ៥នាក់​ជា​សមាជិក​ក្នុង​គ្រួសារ​តែ​មួយ​ពី​បទបាន​ធ្វើ​ទារុណកម្ម​លើ​សមាជិក​ក្មេងស្រី​ម្នាក់​របស់​ខ្លួន​ឈ្មោះ Asha និង​បុរសសង្សារ​របស់​ក្មេងស្រី​នោះ​ឈ្មោះ Yogesh រហូត​ដល់​ស្លាប់​កាល​ពី ២ឆ្នំា​មុន។ មូលហេតុ មក​ពី​គ្រួសារ​របស់​ក្មេងស្រី​នោះ​មិន​ចង់​ឲ្យ​កូនស្រី​ខ្លួន​ឯង​ទៅ​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​មាន​វណ្ណៈទាប​ជាង​ខ្លួន។ នៅ​ឥណ្ឌា ឃាតកម្ម និង​បទឧក្រិដ្ឋ​កិត្តិយស​របៀប​នេះ​បាន​កើត​មាន​រាប់រយ​ករណី​ជា​រៀងរាល់​ឆ្នំា។ តែ​នា​ពេល​បច្ចុប្បន្ន តុលាការ​បាន​ផ្តើម​ចាត់​ការ ដោយ​លែង​ទុក​បណ្តោយ​ទៀត​ឡើយ។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

06/10/2012 by គួច គន្ធារ៉ា

យោង​តាម​របាយការណ៍​បាន​មក​ពី​ការ​វះពិនិត្យសព គូសង្សារ​វ័យក្មេង​ទំាង​ពីរ​នាក់​ត្រូវ​បាន​គេ​ចាប់​ចង រួច​វាយ​នឹង​ដំបង បន្ទាប់​មក​យក​ទៅ​ឆក់​នឹង​ខ្សែភ្លើង​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់។ មូលហេតុ មក​ពី​នារីវ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​មាន​វណ្ណៈ​ខ្ពស់​រូប​នោះ​ចង់​រៀបការ​ជាមួយ​បុរស​សង្ហា​ម្នាក់​ដែល​មាន​វណ្ណៈ​ទាប​ជាង​ខ្លួន។ គឺ​វណ្ណៈទាប​របស់​បុរស​រូប​នោះ​ឯង​ដែល​គ្រួសារ​របស់​នារី​វ័យក្មេង​មិន​អាច​ទទួល​យក​បាន។ គឺ​ការ​អនុវត្តន៍​តាម​បែប​សក្តិភូមិ ចាស់​គំរិល និង​អមនុស្សធម៌​របៀប​នេះ​ហើយ ដែល​កាល​ពី​ឆ្នំា​ទៅ​មិញ តុលាការកំពូល​ឥណ្ឌា​បាន​ទាមទារ​ឲ្យ​មាន​ការ​ដាក់ទោស​ប្រហារជីវិត​ចំពោះ​គ្រប់​បទឧក្រិដ្ឋ​កិត្តិយស​ដែល​តុលាការ​ចាត់ទុក​ថា ជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​ឥណ្ឌា​បច្ចុប្បន្ន។
 
ជា​ទូទៅ បទឧក្រិដ្ឋ​កិត្តិយស​របៀប​នេះ​ច្រើន​តែ​កើត​មាន​នៅ​តំបន់​ជនបទ​ស្ថិត​ប៉ែកខាង​ជើង​ប្រទេស​ឥណ្ឌា។ តំបន់​ដែល​ប្រកាន់​វណ្ណៈ និង​អនុវត្ត​ទំនៀមទំលាប់​ប្រពៃណី​ចាស់គំរិល « នំ​មិន​ធំ​ជាង​នាល »។ ការ​សិក្សា​មួយ​ក្នុង​ឆ្នំា ២០១០ បាន​បង្ហាញ​ថា ជា​រៀងរាល់​ឆ្នំា មាន​ការ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​កិត្តិយស​ជាង ៩០០​ករណី​នៅ​ក្នុង​តំបន់​នោះ និង​ដែល​បាន​ឆ្លង​ចូល​ក្នុង​ទីក្រុង​ញូដែលី​ទៀត។ តែ​ការ​កាត់​ទោស​ប្រហារ​ជីវិត​សមាជិក ៥នាក់​ក្នុង​គ្រួសារ​តែ​មួយ​ដែល​បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​របៀប​នេះ គឺ​ជា​ភស្តុតាង​មួយ​ដែល​តុលាការ​ចង់​បង្ហាញ​ពី​ការ​មិន​ទុក​បណ្តោយ​ឲ្យ​ទង្វើ​នេះ​បន្ត​ស៊ីរូង​ផ្ទៃក្នុង​សង្គម​ឥណ្ឌា​ទេ។
 
បច្ចុប្បន្ន​នេះ ក្រុម​យុវវ័យ​ឥណ្ឌា​ចង់​បាន និង​ព្យាយាម​កសាង​អនាគត​របស់​ខ្លួន​តាម​បែប​សម័យថ្មី។ តែ​បញ្ហា​នៅ​ត្រង់​ថា គេ​តែងតែ​ជួប​នឹង​ឧបសគ្គ និង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ឪពុក ម្តាយ​ដែល​បន្ត​អនុវត្ត​តាម​ទំនៀមទំលាប់​ប្រពៃណី​ពី​បូរាណ។ សព្វថ្ងៃ រដ្ឋាភិបាល​ទីក្រុង​ញូដែលី​បាន​ព្យាយាម​គិតគូរ​កំចាត់​បញ្ហា​នេះ តែ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា មាន​ប្រជាជន​ឥណ្ឌា​មួយ​ភាគ​ធំ​ដែល​ជាប់​ពាកព័ន្ធ​នឹង​បញ្ហា​នេះ​នៅ​តែ​គំាទ្រ​បទឧក្រិដ្ឋ​កិត្តិយស​នោះ៕

tags: ឥណ្ឌា
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close