ប្រមុខរដ្ឋាភិបាលកម្ពុជាជំរុញឲ្យរដ្ឋមន្ត្រីអាស៊ានដោះស្រាយបញ្ហាប្រឈម

ប្រមុខរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យរដ្ឋមន្ត្រីអាស៊ាន ដែលបានជួបប្រជុំ ក្នុងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ អាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យខិតខំដោះស្រាយបញ្ហាប្រឈមនានា របស់បណ្តាប្រទេសទាំង ១០ ជាសមាជិកអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានរួមមួយ នៅឆ្នាំ២០១៥។ ការកាត់បន្ថយគម្រាតនៃភាពក្រីក្រ ការពង្រឹងធនធានមនុស្ស កិច្ចការពារពលករចំណាកស្រុក និងការសម្របសម្រួលខាងជំនឿសាសនា ជាដើម គឺជាបញ្ហាប្រឈមចំពោះមុខ ដែលរដ្ឋមន្ត្រី នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ អាស៊ាន ត្រូវពិភាក្សាដោះស្រាយ។
ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបីរបស់អាស៊ាន ដែលរួមមានសសរស្តមពីរទៀត គឺក្រុមប្រឹក្សាសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន ព្រមទាំងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន។ សសរស្តម្ភទាំងបីនេះ សម្រាប់កសាងសហគមន៍ឤស៊ាន ឱ្យបានសម្រេចនៅឆ្នាំ២០១៥ ខាងមុខនេះ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី៨ ត្រូវបានធ្វើឡើង នៅទីក្រុងភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥តុលានេះ។ ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ឤស៊ាន បានឆ្លងកាត់ការវិវឌ្ឍគួរឱ្យកត់សម្គាល់ ក្រោយពីបានចាប់បដិសន្ធិក្នុងឆ្នាំ១៩៦៧។ រយៈពេលជាង ៤ ទសវត្សរ៍មកនេះ តំបន់ឤស៊ីឤគ្នេយ៍ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយទៅជាតំបន់ ដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ឤស៊ាននៅប្រឈមមុខចំពោះបញ្ហាជាច្រើនទៀត សម្រាប់ការធ្វើឱ្យសម្រេចជោគជ័យយ៉ាងពិតប្រាកដ ក្នុងការប្រែក្លាយឤស៊ាន ដែលមានប្រជាជនប្រមាណ ៦០០ លាននាក់ ឱ្យទៅជាមហាគ្រួសារ ដែលដូចពាក្យថា "សហគមន៍តែមួយ វាសនាតែមួយ"។
តាមប្រមុខរដ្ឋាភិបាលកម្ពុជា ក្រៅពីជាតិសាសន៍ និងជំនឿសាសនាខុសគ្នា អាស៊ានទាំង ១០ ប្រទេស ក៏នៅប្រឈមនឹងធនធានមនុស្សមានកម្រិត ការយល់ដឹងខុសៗគ្នា គម្លាតអភិវឌ្ឍន៍របស់បណ្តាប្រទេស ក្នុងឤស៊ាន មានកម្រិតខ្ពស់ ជាដើម។
ចំពោះមុខនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន យល់ថា ផ្លូវដែលក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ត្រូវធ្វើដំណើរ ពិតជានៅវែងឆ្ងាយ ដូច្នេះឤស៊ានចាំបាច់ត្រូវបន្តពង្រឹង និងពង្រីកជំហរឯកភាពគ្នា ឱ្យបានជាធ្លុងមួយ ដើម្បីរួមគ្នាដោះស្រាយ និងជួយបំពេញចន្លោះប្រហោងឱ្យគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីអាស៊ាន ក្នុងនាមជាក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បន្តពិភាក្សាគ្នាឱ្យស៊ីជម្រៅ រកឱ្យឃើញនូវចំណុចគន្លឹះសំខាន់ៗ សម្រាប់គាំទ្រដល់ការបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ប្រមាណ ៥០០ លានដុល្លារ, បង្កើតកិច្ចការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានកម្លាំងពលកម្មរបស់ឤស៊ានប្រមាណ ២៨៥ លាននាក់ និងពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពី គោលនយោបាយការពារសង្គមក្នុងតំបន់។
ខណៈដែលពិភពលោក និងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន កំពុងមានជម្លោះសាសនា នាពេលបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្ត្រីអាស៊ាន យកចិត្តទុកដាក់ ដល់ការសិក្សាធ្វើសុខដុមនីយកម្មលើជំនឿសាសនា នៅក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែប្រសើរឡើង៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ