អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​សម្រេច​ដក​តំណែង​អភិបាល​ក្រុង​បាវិត ដែល​បាញ់​កម្មករ​កាត់ដេរ​របួស​ធ្ងន់

ទី​បំផុត​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ សម្រេច​ដក​តំណែង​លោក ឈូក បណ្ឌិត ចេញ​ពី​អភិបាល​ក្រុង​បាវិត ដែល​ជាប់ចោទ ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​របួស​ធ្ងន់ ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ ក៏​ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ លោក ឈូក បណ្ឌិត មិន​ត្រូវបាន​ចាប់ខ្លួន យក​ទៅ​ផ្តន្ទាទោស​នៅឡើយ​ទេ បើទោះបីជា​មាន​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ខេត្ត​ស្វាយរៀង​ក៏ដោយ។

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាប់​សង្ស័យ​ថា​បាន​បាញ់​កម្មករ​របួស
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាប់​សង្ស័យ​ថា​បាន​បាញ់​កម្មករ​របួស © VOA
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​របស់​លោក ឈូក បណ្ឌិត អភិបាលក្រុង​បាវិត ដែល​ជាប់​ចោទ​​ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ​ឲ្យ​របួសធ្ងន់ ៣ នាក់ ឲ្យ​បម្រើ​​ការងារ​​ជា​​មន្ត្រី​​នៅ​​សាលា​ខេត្ត​ស្វាយរៀង។ អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៥​មីនា ឆ្នាំ​២០១២ ក៏បាន​សម្រេច​​តែងតាំង​អភិបាលរង​ក្រុង​បាវិត​ម្នាក់ ឡើង​ជំនួស​តំណែង​លោក​ ឈូក​ បណ្ឌិត ​អភិបាល​ក្រុង ដែល​ជាប់ចោទ។ ពិធី​ផ្ទេរ​តំណែង​នោះ នឹង​ធ្វើឡើង នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១២។ នេះ​បើ​តាម​ការលើកឡើង​របស់​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ប្រាប់​អ្នកកាសែត នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​អភិបាលក្រុង​បាវិត ដែល​កំពុង​គេចខ្លួន លោក ឈូក បណ្ឌិត ជា​ជនសង្ស័យ​តែ​ម្នាក់​គត់ ក្នុង​រឿង​បាញ់​ប្រហារ​ស្ត្រី​កម្មករ ៣ នាក់ បណ្តាលឲ្យ​របួសធ្ងន់។ តុលាការ​បាន​ចេញ​ដីកា​ឲ្យ​លោក ឈូក បណ្ឌិត ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១២ ខណៈ​ដែល​មន្ត្រី​សាលាក្រុង​បាវិត បាន​ព្យាយាម​ទៅ​ទាក់ទង​ស្ត្រី​កម្មករ​រងរបួស ដើម្បី​ផ្តល់​លុយ និង​ម៉ូតូ កុំ​ឲ្យ​ស្ត្រី​កម្មករ ដាក់​បណ្តឹង​ប្រឆាំង​លោក​ឈូក​បណ្ឌិត។

តាមច្បាប់ ទោះបីជា​ជនរងគ្រោះ​មិន​ដាក់​ពាក្យ​ប្តឹង​ក៏ដោយ ប៉ុន្តែ​តុលាការ មាន​កាតព្វកិច្ច ចាត់ការ​លើ​ ចាប់ខ្លួន​អភិបាលក្រុង​បាវិត មកកាន់​ទោស​តាមច្បាប់។​

សកម្មជន​សិទ្ធិមនុស្ស លោក សួន​សារ៉េត បាន​លើកឡើង​ថា ការ​ផ្ទេរតំណែង ជា​ចំណាត់ការ​មួយ តែ​ការប្រព្រឹត្ត​បទល្មើស​របស់​អភិបាលក្រុង​បាវិត ជា​រឿង​ព្រហ្មទណ្ឌ ដែល​រដ្ឋាភិបាល ត្រូវតែ​ចាត់វិធានការ តាម​ផ្លូវច្បាប់ ដើម្បី​ពង្រឹង​ការគោរព​ច្បាប់​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ