កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 28 សីហា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 28 សីហា 2011

លោក ហ៊ុន សែន គំរាម​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​វិនិយោគិន

លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា
លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា
©វណ្ណារ៉ា(archive)

ដោយ គី សុខលីម

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​កន្លងមក​បាន​ ព្រមាន​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​វិនិយោគិន និង​បញ្ជា​អោយ​ក្រសួង​ពាក់ព័ន្ធ​តាមដាន​ស្ថានភាព​ដួល​សន្លប់​របស់​កម្មករ។ ការព្រមាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បញ្ហា​ទាំង​ពីរ​នេះ​កក្រើក​ឡើង។

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ
 

28/08/2011 by គី សុខលីម

 

ដោយ​សង្កេត​ឃើញ​វិនិយោគិន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​តែងតែ​មាន​ជម្លោះ​នឹងគ្នា​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ដាក់​បញ្ជា​អោយ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​ដោះស្រាយ នៅ​តាម​ទីតាំង​ដីសម្បទាន​សេដ្ឋកិច្ច​នានា ដែល​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់វិនិយោគ​ដី​សម្បទាន។
 
បទ​បញ្ជា​ផ្ទាល់​មាត់ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី កាល​ពី​ថ្ងៃ​សុក្រ​ទី ២៦ សីហា ​បាន​ធ្វើ​ឡើង ក្រោយពេល​ដែល​វិវាទ​ដីធ្លី តាមរយៈការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការវិនិយោគ​ដី​សម្បទាន​អភិវឌ្ឍន៍​មាន​ការរំជើប​រំជួល។
 
របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ ជា​សាធារណៈ កាល​ពី​ពេលថ្មីៗ​កន្លងមកនេះ បាន​បង្ហាញ​ថា ប្រជាជន​ជិត​៥​ម៉ឺនគ្រួសារ​ធ្លាប់​បាន​ប៉ះពាល់ និង​អាច​ប៉ះពាល់​ដោយសារ​ទំនាស់​ដីធ្លី។ របាយការណ៍​ដដែល​បាន​បង្ហាញ​ឲ្យ​ឃើញថា ផ្ទៃដី ប្រមាណ​ជា​៥ភាគរយ​នៃ​ផ្ទៃ​ដី​សរុប​របស់​កម្ពុជា​មាន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី។
 
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​​វិនិយោគិន​ណា​ដែល​មិន​អនុវត្ត​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​ភូមិដ្ឋាន​យូរអង្វែង ក្នុង​ទី​តាំង​របស់​ខ្លួន។
 
ការព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទាក់ទង​ទៅ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បាន​ស្វាគម​ដោយ​លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប៉ុន្តែ​លោក​សូម​អំពាវនាវ​អោយ​ប្រសាសន៍​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធិភាព។
 
ក្រៅ​អំពី​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច លោក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​អោយ​​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​ចុះ​ទៅ​ពិនិត្យ និង​ដោះស្រាយ ជា​បន្ទាន់​​ចំពោះ​រោងចក្រ​សហគ្រាស​​ណា​​ដែល​មាន​បុគ្គលិក​កម្មករ​ដួល​សន្លប់ ដូចជា​ករណី​រោងចក្រ​ M&V នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ជា​ដើម។
 
លោក ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១​រហូត​មក​ដល់​ពេល​នេះ កម្មករ​រោងចក្រ​កាត់ដេរ​ជិត​១​ពាន់​នាក់​ហើយ​បាន​ដួល​សន្លប់។ លោក ជា មុន្នី ស្តី​បន្ទោស មូលហេតុ​នៃ​ការដួលសន្លប់​គឺ​បណ្តាល​មក​ពី​ស្ថានភាព​ការងារ និង​ទី​កន្លែង​ការងារ៕

 

tags: កម្ពុជា - សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
Close