អានតួអត្ថបទ
កម្ពុជា

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​ប្រកាស​ទ្រព្យសម្បត្តិ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ១ មេសា នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលខ្លួន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ការប្រកាស​ទ្រព្យសម្បត្តិ ដែល​ស្រប​តាម​ប្រឆាំង​អំពើពុករលួយ ត្រូវ​ធ្វើ​ឡើង​តែ​ក្នុង​ស្រោមសំបុត្រ មិន​មាន​ការប្រកាស​ដល់​សាធារណជន​ឡើយ។ យ៉ាងណា​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ជាប់​កាតព្វកិច្ច ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ឲ្យបាន​មុន​ថ្ងៃ​៧​មេសា ដើម​សប្តាហ៍​ក្រោយ។

នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក​ហ៊ុន សែន ចូល​ប្រកាស​ទ្រព្យ​សម្បតិ្ត ក្នុង​ក្របខ័ណ្ឌ​ប្រឆាំង​អំពើ​ពុករលួយ
នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក​ហ៊ុន សែន ចូល​ប្រកាស​ទ្រព្យ​សម្បតិ្ត ក្នុង​ក្របខ័ណ្ឌ​ប្រឆាំង​អំពើ​ពុករលួយ ©CEN
ផ្សាយពាណិជ្ជកម្ម

02:25

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ក្រោយពី​ប្រគល់​ឯកសារ ដល់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងការណ៍​ទៅកាន់​ក្រុមអ្នកកាសែត តាម​ក្បាល​មីក្រូ ដែល​រៀបចំ​ទុក​ជា​ស្រេច។ លោកនាយក​រដ្ឋមន្ត្រី អះអាងថា លោក​បាន​បំពេញ​កាតព្វកិច្ច ដោយ​ប្រកាស​ទ្រព្យសម្បត្តិ ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រឆាំង​អំពើពុករលួយ។

 
តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ធ្វើឡើង​ដោយ​សម្ងាត់ បិទ​ក្នុង​ស្រោម​សំបុត្រ។ រីឯ លុយ​ក្នុង​ធនាគារ​មិន​តម្រូវ​ឲ្យ​ប្រកាស​ទេ។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ម្តង​ហើយ ម្តងទៀត ដល់​មន្ត្រីរាជការ និង​មន្ត្រី​ប៉ូលិស​កងទ័ព ដែល​ជាប់​កាតព្វកិច្ច ត្រូវ​ចូល​ខ្លួន មក​ប្រកាស​ទ្រព្យសម្បត្តិ ឲ្យបាន​យ៉ាង​យូរ ត្រឹម​ថ្ងៃទី​៧​មេសា ឆ្នាំ​២០១១ ដែល​ជា​កាលបរិច្ឆេទ​ចុងក្រោយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​មិន​មាន​ចំណូល​អ្វី ក្រៅ​តែ​ពី​ប្រាក់ខែ​ទេ។ ប្រាក់ខែ​លោកនាយក​រដ្ឋមន្ត្រី មាន​ចំនួន ៤​លាន ៦សែន​រៀល ស្មើ​ប្រមាណ ១.៥០០ ដុល្លារ ក្នុង​មួយ​ខែ។

វត្តមាន​របស់​លោកនាយក​រដ្ឋមន្ត្រី ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ​ពេលនេះ ត្រូវ​បាន​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ស្ថិត​ក្រោម​រដ្ឋាភិបាល​ចាត់ទុក​ថា ជា​ជំនួយ​មួយ​ធំ​ណាស់ សម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ព្រោះ​គ្រាន់តែ​ជូនដំណឹង​ពីរ​ថ្ងៃមុន ពី​វត្តមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី មក​ប្រកាស​ទ្រព្យសម្បត្តិ មាន​មន្ត្រី​ជាង ៥.០០០ នាក់ បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល។

តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ មន្ត្រីរាជការ​ស៊ីវិល តាម​ក្រសួង​ស្ថាប័ន​រដ្ឋ ចាប់​ពី​ប្រធាន​នាយកដ្ឋាន យោធា នគរបាល ចាប់ពី​ស័ក្តិ​៥ មន្ត្រី​តុលាការ និង​អ្នក​ដែល​ត្រូវបាន​តែងតាំង​ពី​ការបោះឆ្នោត រួមមាន​៖ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​ជាប់​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល។

តាម​លោក ឱម យ៉ិនទៀង អ្នក​ជាប់​កាតព្វកិច្ច ក្នុង​ស្ថាប័នរដ្ឋ មាន​ជាង ២៤.០០០ នាក់។ តែ​មកដល់​ថ្ងៃនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជាង ១០.០០០ នាក់។

ដោយឡែក រដ្ឋសភា​ព្រឹកថ្ងៃ​សុក្រ ទី ១ មេសា បាន​បោះឆ្នោត​អនុម័ត យល់ព្រម​លើ​ការកែប្រែ​មាត្រា​ខ្លះ ក្នុង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដើម្បី​ផ្តល់​អំណាច​បន្ថែម​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ដើម្បីចាប់ផ្តើម​អនុវត្ត​ជំពូក​ទី​៦ ស្តីពី ការផ្តន្ទាទោស​ជន​ពុករលួយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ