ភូមា-បង់ក្លាដែស - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 23 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 23 សីហា 2012

Human Rights Watch បរិហារ​នយោបាយ​ឃោរឃៅ​របស់​បង់ក្លាដែស​ចំពោះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

Logo អង្គការ Human Rights Watch
Logo អង្គការ Human Rights Watch
Human Rights Watch

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ សីហា​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បាន​បរិហារ​ទង្វើ​ឃោរឃៅ​របស់​រដ្ឋាភិបាល​ប្រទេស​បង់ក្លាដែស​ដែល​បាន​រារំាង​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន ៣ មិន​ឲ្យ​យក​ជំនួយ​ទៅ​ជួយ​ក្រុម​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ ក្រុម​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​បាន​រត់​គេច​ពី​អំពើហិង្សា​សហគមន៍​នៅ​ក្នុង​ប្រទេស​ភូមា។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

23/08/2012 by គួច គន្ធារ៉ា

អ្វីៗ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​បង់ក្លាដែស​បាន​ស្នើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៣ រួម​មាន អង្គការ « Médecins sans frontières » អង្គការ « Action contre la faim » និង​អង្គការ « Muslim Aid UK » ឲ្យ​បញ្ឈប់​សកម្មភាព​ផ្តល់​ជំនួយ​ជួយ​ដល់​ក្រុម​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​បាន​រត់​គេច​ពី​អំពើហិង្សា​សហគមន៍​នៅ​ក្នុង​ប្រទេស​ភូមា​មក​តំាង​ទីលំនៅ​លើ​ទឹកដី​បង់ក្លាដែស។ ទីក្រុង​ដាកា​បាន​លើក​យក​ហេតុផល​ថា ទង្វើ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទំាង​នោះ​នឹង​រឹត​តែ​ជម្រុញ​ឲ្យ​មាន​ការ​ហូរ​ចូល​ក្រុម​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​បន្ថែម​ទៀត​មក​ក្នុង​ទឹក​ដី​របស់​ខ្លួន។ ម្យ៉ាង​ទៀត តំាង​ពី​ខែ​មិថុនា​កន្លង​ទៅ​មក ប្រទេស​បង់ក្លាដែស​ក៏​ធ្លាប់​បាន​ចាប់​បញ្ជូន​ទូក​ជា​ច្រើន​ដែល​ដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ។
 
សូម​ជម្រាប​ជូន​ថា ប្រទេស​បង់ក្លាដែស​មាន​ខ្សែព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ប្រវែង ២០០គីឡូម៉ែត្រ និង​ដែល​បច្ចុប្បន្ន​នេះ មាន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៣០ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​ជំរំ​ពីរ​លើ​ទឹក​ដី​បង់ក្លាដែស​ស្ថិត​ប៉ែក​ខាង​ត្បូង ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការសហប្រជាជាតិ។ លោក​នាយក​អង្គការ Human Rights Watch Bill Frelick បាន​អះអាង​ថា រដ្ឋាភិបាល​បង់ក្លាដែស​បាន​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​រស់​លើ​ទឹកដី​របស់​ខ្លួន ដើម្បី​ជា​ការ​បំភ័យ​ដល់​អ្នក​ផ្សេង​កុំ​ឲ្យ​រត់​ចេញ​ពី​ប្រទេស​ភូមា​ដែល​កំពុង​ទទួល​រង​អំពើហិង្សា។ លោក Bill Frelick បាន​ចាត់​ទុក​ទង្វើ​នេះ ថា​ជា​ទង្វើ​ឃោរឃៅ និង​អមនុស្សធម៌​ដែល​រដ្ឋាភិបាល​បង់ក្លាដែស​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់។
 
ជាមួយ​គ្នា​នេះ Human Rights Watch ក៏​បាន​​រំលឹក​ប្រាប់​រដ្ឋាភិបាល​ទីក្រុង​ដាកា​ថា បង់ក្លាដែស​ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ដែរ។ កតិកាសញ្ញា​ដែល​ចែង​យ៉ាង​ច្បាស់​ថា ប្រទេស​ហត្ថលេខី​មិន​អាច​រារំាង​ការ​ផ្តល់​ជំនួយ​ជា​អាហារ និង​ថ្នំាពេទ្យ​ទៅ​ឲ្យ​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​ដែនដី​របស់​ខ្លួន ដោយ​គិត​ទំាង​ជនភៀស​ខ្លួន​ផង​ដែរ។ គួរ​បញ្ជាក់​ជូន​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ទំាង ៣​ដែល​រដ្ឋាភិបាល​បង់ក្លាដែស​ទើប​រារំាង​សកម្មភាព​មនុស្សធម៌​របស់​គេ បាន​ផ្តល់​ជំនួយ​ជួយ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​តំាង​តែ​ពី​ដើម​ទសវត្ស​ឆ្នំា ៩០​មក​ម្ល៉េះ។
 
ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ថា​ ជា​អ្នក​ដែល​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាង​គេ​នៅ​លើ​ពិភពលោក។​ ជនជាតិ​រ៉ូហ៊ីងយ៉ា​មាន​ប្រមាណ​ជា​៨០០ ០០០នាក់​រស់នៅ​ប៉ែកខាងជើង​នៃ​រដ្ឋ​អារ៉ាកាន​នៃ​ប្រទេស​ភូមា។​ ពួក​គេ​មិន​ត្រូវ​បាន​របប​គ្រប់គ្រង​ភូមា​ទទួល​ស្គាល់​ថា​ ជា​ជនជាតិ​ពិន្ធុ​ភាគតិច​រស់​នៅ​ក្នុង​ប្រទេស​ភូមា​ឡើយ។​ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​បាន​របប​ភូមា​ចាត់​ទុក ជា  « ជនអន្តោប្រវេសន៍​ខុសច្បាប់ »៕

tags: បង់ក្លាដែស - ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close