លោក Hugo Chavez ជាប់ឆ្នោតប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡាអណត្តិទី៤
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៃប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ ទី៧ តុលាម្សិលមិញ លោកប្រធានាធិបតីចប់អណត្តិ Hugo Chavez បានជាប់ឆ្នោតជាថ្មីសម្រាប់អណត្តិទី៤។ លោក Chavez ទទួលបានសម្លេងគំាទ្រចំនួន ៥៤% ទល់នឹងគូប្រជែងរបស់គាត់ គឺលោក Henrique Capriels Radonski ដែលទទួលបានតែ ៤៥%។ ក្រោយពីការប្រកាសលទ្ធផលជាផ្លូវការភ្លាម លោក Radonsky បានទទួលស្គាល់បរាជ័យរបស់ខ្លួន និងអបអរសាទរជ័យជំនះរបស់លោក Chavez។
នៅទីបំផុត មានប្រជាជនវ៉េណេស៊ុយអេឡារហូតដល់ទៅ ៨០% បានចូលរួមបោះឆ្នោត និងបានសម្រេចជ្រើសរើសលោក Hugo Chavez ឲ្យដឹកនំាប្រទេសវ៉េណេស៊ុយអេឡាចំនួន ៦ឆ្នំាបន្ថែមទៀត។ លោក Hugo Chavez បានអង្គុយកៅអីប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡាតំាងតែពីឆ្នំា ១៩៩៩ មកម្ល៉េះ។ តាមពិតទៅ ជ័យជំនះរបស់លោក Chavez ក្នុងការបោះឆ្នោតលើកនេះត្រូវបានប្រកាសដោយស្ថាប័នស្ទាបស្ទង់មតិតំាងពីប៉ុនា្មនខែមកហើយ។ ពាក់អាវពណ៌ក្រហម លោក Chavez បានថ្លែងនៅចំពោះមុខហ្វូងសកម្មជនគំាទ្រលោកដោយសន្យាធ្វើជាប្រធានាបតីប្រសើរជាងគេដូចដែលលោកបានធ្វើកន្លងមក និងធានាថា លោកនឹងបន្តធ្វើកំណែទម្រង់ប្រទេសឆ្ពោះទៅកាន់សង្គមនិយម ប្រជាធិបតេយ្យក្នុងសតវត្សទី ២១។ ទន្ទឹមគ្នានេះ លោក Chavez ក៏បានអំពាវនាវឲ្យមានឯកភាពជាតិ ដោយចង់និយាយសំដៅទៅក្រុមគណបក្សប្រឆំាង។
ក្រុមគណបក្សប្រឆំាងដែលបានរួមគ្នានៅពីក្រោយលោក លោក Henrique Capriels Radonski ដែលទទួលបានសម្លេងគំាទ្រតែ ៤៥% ប៉ុណ្ណោះ ទល់នឹងលោក Hugo Chavez ដែលទទួលបានរហូតដល់ទៅ ៥៤%។ ក្រោយពីការប្រកាសលទ្ធផលផ្លូវការភ្លាម លោក Radonsky បានទទួលស្គាល់បរាជ័យរបស់ខ្លួន និងអបអរសាទរជ័យជំនះរបស់លោក Chavez។ « ខ្ញុំបាននិយាយរួចហើយថា ខ្ញុំនឹងគោរពតាមសេចក្តីសម្រេចចិត្តរបស់ប្រជាជនវ៉េណេស៊ុយអេឡា » នេះជាការបញ្ជាក់របស់លោក Radonsky។ មានអាយុ ៥៨ឆ្នំា លោក Hugo Chavez នៅតែជាឥស្សរជនមានវោហារដដែល តែជាមួយនឹងវត្តមានជំងឺមហារីកប្រចំាកាយ លោក Hugo Chavez ហាក់ដូចជាមានស្ថានភាពទ្រុឌទ្រោមជាងឆ្នំាមុនៗ។ ជាក់ស្តែងនៅក្នុងយុទ្ធនាការបោះឆ្នោតលើកនេះ លោក Chavez មិនសូវមានវត្តមានច្រើនដូចក្នុងយុទ្ធនាការបោះឆ្នោតលើកមុនៗទេ។ ម្យ៉ាងទៀត លោក Chavez មានការលំបាកក្នុងការប្រឈមមុខជាមួយគូប្រជែងដ៏ខ្លំាងម្នាក់ គឺលោក Henrique Capriels Radonski។ លោក Radonski ដែលបានសន្យាថា លោកនឹងវិលត្រលប់មកវិញនៅក្នុងការបោះឆ្នោតលើកក្រោយទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ