អ.ស.ប.-បារាំង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 26 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 26 កញ្ញា 2012

ការចាំបាច់​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ីរី​និង​តំបន់​សាហែលនៃ​ប្រទេស​ម៉ាលី​

លោកប្រធានាធិបតី​​បារាំង​​ហ្វ្រង់ស្វ័រ​​ហូឡង់​​នៅថ្ងៃ​​អង្គារ​​ទី២៥​​កញ្ញា​​ឆ្នាំ២០១២​​នៅលើ​​វេទិកា​​នៃ​​មហា​សន្និបាត​នៃ​អ.ស.ប.
លោកប្រធានាធិបតី​​បារាំង​​ហ្វ្រង់ស្វ័រ​​ហូឡង់​​នៅថ្ងៃ​​អង្គារ​​ទី២៥​​កញ្ញា​​ឆ្នាំ២០១២​​នៅលើ​​វេទិកា​​នៃ​​មហា​សន្និបាត​នៃ​អ.ស.ប.
REUTERS/Mike Segar

ដោយ សៀក សារិន

ទិតៀន​ទៅលើ​អសកម្មភាព​របស់​អ.ស.ប.​ ​ លោកប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់​បាន​ថ្លែង​គូស​បញ្ជាក់​នៅថ្ងៃ​អង្គារ​ទី២៥​កញ្ញា​ឆ្នាំ២០១២​ម្សិលមិញ​ ​ នៅលើ​វេទិកា​នៃ​មហាសន្និបាត​ថា​ ​ “សហគមន៍​អន្តរជាតិ​ត្រូវមាន​សកម្មភាព​ជាបន្ទាន់​ក្នុងការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​ស៊ីរី​និង​នៅ​តំបន់​សាហែល​នៃ​ប្រទេស​ម៉ាលី”។​ លោកហូឡង់​បាន​អំពាវនាវ​ឲ្យ​អ.ស.ប.​ “ការពារ​តំបន់​រំដោះ”​ នៅក្នុង​ប្រទេស​ស៊ីរី​ ​ ហើយនិង​ឲ្យ​គាំទ្រ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ “ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​ម៉ាលី​រក្សា​បាន​​នូវ​បូរណភាព​ដែនដី​របស់ខ្លួន”។

សេចក្តីរាយការណ៍របស់សៀក សារិន
 

26/09/2012 by សៀក សារិន

លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ ប្រទេស​បារាំង​នឹង​ទទួល​ស្គាល់​ “រដ្ឋាភិបាល​បណ្តោះ​អាសន្ន”​ នៃ​ប្រទេស​ស៊ីរី​សេរី​ថ្មី​ ​ នៅខណៈ​ពេល​ដែល​“រដ្ឋាភិបាល​បណ្តោះ​អាសន្ន”​នេះ​កកើត​ចេញ​ជា​រូបរាង។​ បាន​សេចក្តីថា​ ​ នៅពេលនេះ​គេនៅ​ពុំទាន់​មាន​“រដ្ឋាភិបាល​បណ្តោះ​អាសន្ន”​នៅឡើយទេ។​ នៅក្នុង​ករណី​ចាំបាច់​បន្ទាន់​បែបនេះ​ ​ លោកប្រមុខរដ្ឋ​បារាំង​បាន​ថ្លែង​អំពាវនាវ​ឲ្យ​អ.ស.ប.​ការពារ​ប្រជាជន​ស៊ីវិល​នៅ​ក្នុង​ “តំបន់​រំដោះ”​ នៃ​ប្រទេស​ស៊ីរី។

 
“ដូច្នេះ​ជាបឋម​យើង​ត្រូវ​ការពារ​ប្រជាជន​ស៊ីវិល​ ​ ដែលតម្រូវ​ឲ្យ​យើង​ផ្តល់​ជំនួយ​ពស្តុភារ។​ ហើយវា​ក៏​តម្រូវ​ឲ្យយើង​បង្កើត​ ​​ “តំបន់​ការពារ​ពុំឲ្យមាន​យន្តហោះ​ហោះហើរ”​ –zones d’exclusion aériennes -ផងដែរ។​ ប៉ុន្តែ​បច្ចុប្បន្ននេះ​ យើងនៅ​ពុំទាន់​ឈានដល់​ដំណាក់ការ​នេះ​នៅឡើយ​ ​ មូលហេតុ​នេះហើយ​ដែលនាំឲ្យ​យើង​ខិតខំ​សហការ​ជាមួយ​ដៃគូ​របស់យើង​ ​ ដើម្បី​សម្រេច​ឲ្យបាន​នូវ​ផែនការនេះ។​ នេះជា​សេចក្តី​ថ្លែង​ប្រកាស​របស់​លោក​ប្រមុខរដ្ឋ​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់។
 
ដើម្បី​ឲ្យ​ ​​ “តំបន់​ការពារ​ពុំឲ្យមាន​យន្តហោះ​ហោះហើរ”​ នេះ​មាន​ប្រសិទ្ធភាព​ ​ គេត្រូវ​រៀបចំ​ធ្វើ​ក្នុងនាម​ “មាត្រា៧​នៃ​ធម្មនុញ្ញ​អ.ស.ប.​”​ ដែលទាំងនេះ​តម្រូវ​ឲ្យមាន​​ការយល់​ព្រមព្រៀងគ្នា​​រវាង​សមាជិក​អចិន្ត្រៃយ៍​ទាំង៥​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.។
 
ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​សាហែល​នៃ​ប្រទេស​ម៉ាលីវិញ​ ​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ​ហូឡង់​ចង់ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ពិនិត្យ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ ​ ការទាមទារ​របស់​រដ្ឋអំណាច​នៃ​ប្រទេស​ម៉ាលី​ ​ ដើម្បី​ផ្តល់​ភាពស្របច្បាប់​អន្តរជាតិ​ឲ្យ​ដល់​កងកម្លាំង​អន្តរាគមន៍​នៃ​ Cédéao ​Communauté économique des Etats de l’Afrique de l’Ouest ​ឬ​ សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ ​ នៅក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​ម៉ាលី។
 
ហើយ​សម្រាប់​លោក​ហ្វ្រង់ស្វ័រ​ហូឡង់​ ​ ការចាំបាច់​ក្នុងការ​ដោះលែង​ជនជាតិ​បារាំង​ដែល​គេ​ចាប់​ឃុំឃាំង​នៅ​តំបន់​សាហែល​ ​ ពុំជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ការគាំទ្រ​កងកម្លាំង​អន្តរាគមន៍​អាហ្វ្រិក​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ម៉ាលី​ឡើយ៕

tags: ដើមបូព៌ា - ទំនាក់ទំនងអន្តរជាតិ - បារាំង - ម៉ាលី - សហរដ្ឋអាមេរិក - ស៊ីរី - អង្គការ​សហប្រជាជាតិ - អាហ្វ្រិក - អឺរ៉ុប
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close