រុស្ស៊ី-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 31 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 31 សីហា 2012

អាមេរិក​បញ្ជាក់ថា​​ONG​នៅ​រុស្ស៊ី​មិន​មែន​ជា​”ភ្នាក់ងារ​អាមេរិក”​ទេ​

លោកស្រីប្រមុខការទូតអាមេរិក Hillary Clinton ​បានឆ្លើយតបថា ONGនៅរុស្ស៊ី​
លោកស្រីប្រមុខការទូតអាមេរិក Hillary Clinton ​បានឆ្លើយតបថា ONGនៅរុស្ស៊ី​
RFI/Keo Chhaya

ដោយ កែវ ឆាយា

នេះ​ជា​ចម្លើយ​ពី​ខាង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Hillary Clinton ថ្ងៃ​៣០​សីហា​ម្សិលមិញ តប​នឹង​លិខិត​របស់​“អង្គការ​ការពារ​សិទ្ធិ​មនុស្ស” នៅ​រុស្ស៊ី​ផ្ញើ​ជូន​លោក​ប្រធានាធិបតី Barack Obama ដែល​សុំ​ឲ្យ​គាត់​បំភ្លឺ ៖ តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​រុស្ស៊ី ដែល​ឧបត្ថម្ភ​ដោយ​ប្រាក់​អាមេរិកាំង ជា “ភ្នាក់ងារ” របស់ស.រ.អា.ឫ?

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ
 

31/08/2012 by កែវ ឆាយា

គឺ​កាលពី​ចុង​ខែ​កក្កដា ដែល​“អង្គការ​ការពារ​សិទ្ធិ​មនុស្ស”​នៅ​រុស្ស៊ី បាន​ផ្ញើ​លិខិត​នោះ​ជូន​លោក​ប្រធានាធិបតី Barack Obama ក្រោយពី​ ប្រធានាធិបតី​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ចូល​ជា​ធរមាន​ច្បាប់​ដែល​ចែង​ថា អង្គការ​ក្រៅរដ្ឋាភិបាល​ណា​ដែល​ទទួល​ហិរញ្ញប្បទាន​ពី​បរទេស​ហើយ​​​ដែល​ធ្វើ​សកម្មភាព​នយោបាយ​នៅ​រុស្ស៊ី​គឺ​ត្រូវ​ចាត់​ទុក​ជា “ភ្នាក់ងារ​បរទេស”។

 
ក្នុង​លិខិត​ខ្លួន ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ីគូស​បញ្ជាក់​ថា ច្បាប់​ថ្មី​នៅ​រុស្ស៊ី ស្តី​អំពី ONG មាន​លក្ខណៈ​រើសអើង ហើយ​ស្ថិត​នៅ ​ក្រៅ​នីតិវិធី​ទេ​តើ។
 
 
ជា​ចម្លើយ​តប​វិញ លោក​ប្រធានាធិបតី Barack Obama បាន​ផ្ទុក​ផ្តាក់​លោកស្រី Hillary Clinton ប្រមុខ​ការទូត​អាមេរិកឲ្យ​ផ្ញើ​មក​កាន់​ អង្គការ​ក្រៅ​រដ្ឋាភិបាល​រុស្ស៊ី នូវ​សំបុត្រ​ដែល​ជា​បឋមគឺ​សំដែង​​អំណរ​គុណ​ចំពោះ​លិខិត​ប្រកប​ដោយ​ខ្លឹមសារ​នោះ។ លោកស្រី​សរសេរ​ជា​អាទិ៍៖
-រដ្ឋបាល​អាមេរិកាំង​និមួយៗ តែង​គាំទ្រ​ដល់​ការងារ​ដ៏​សំខាន់​បំពេញ​ដោយ​អង្គការ​ខាង​ការពារ​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី។ ស.រ.អា.តែង​ភក្តី​យ៉ាង​មាំ ​ចំពោះ​នយោបាយ​ដែល​គាំទ្រ​ដល់​រាល់​អង្គការ​ឯករាជ្យ​នៃ​សង្គម​ស៊ីវិល​នៅ​ក្នុង​លោក​ទាំង​មូល។
 
-តប​នឹង​សំនួរ​ជាក់​លាក់ ដែល​ថា ៖” តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ទទួល​ប្រាក់​ឧបត្ថម្ភ ពី​អាមេរិក​ជា​”ភ្នាក់ងារ” របស់​រដ្ឋាភិបាល​អាមេរិកាំង​ ឫ​ទេ​ខ្ញុំ​សូម​ថ្លែង​ដាច់​អហង្ការ​ទៅ​ចុះ ថា ស.រ.អា.មិន​គ្រាន់​តែ​មិន​វន្ត​គោលដៅ​ខ្លួន​មិន​គ្រប់គ្រង​លើ​សកម្មភាព​អង្គការ​អស់​លោក​ ប៉ុណ្ណោះ​​ទេ ​តែ​ក៏​គ្មាន​ចេតនា​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​សោះឡើយ។
 
-អ្វី​ជា​អាទិភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​រុស្ស៊ី បូក​ទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ដែល​រមែង​ទទួល​ការ​គាំទ្រ​ពី​អាមេរិក គឺ​កំណត់​ដោយ​ថ្នាក់​ដឹកនាំ​ដោយ​សហការី​និង​សកម្មជន​អង្គការ​​​ទាំង​នោះ​តែ​ម្តង មិនមែន​ដោយ​ភាគី​ដែល​ផ្តល់​ជំនួយ​ឡើយ។​
 
គួរ​រំលឹក​ថា ច្បាប់​រុស្ស៊ី​ស្តី​អំពី​អង្គការ​ក្រៅរ​ដ្ឋាភិបាលចុះ​ហត្ថលេខា​ថ្ងៃ​២១​កក្កដា​កន្លង​ទៅ​ដោយ​​លោក​ប្រធានាធិបតី​ពូទីន​ ប្រមើល​ឲ្យ​បង់​ប្រាក់​ពិន័យ​ដល់​៣០​ម៉ឺន​រូប្ល គឺ​ជិត​១​ម៉ឺន​ដុល្លារ​ឬ​​ផ្តន្ទា​ទោស​​តាម​បទ​ព្រហ្មទណ្ឌ​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៤​ឆ្នាំ​ចំពោះ​ការ​មិន​ព្រម​ចុះ​បញ្ជី ជា “ភ្នាក់ងារ​​បរទេស” សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ទទួល​លុយ​ពី​បរទេស​ហើយ​ប្រើ​លុយ​នេះ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ នៅ​រុស្ស៊ី។
 
តាម​តួលេខ​ក្រសួង​យុត្តិធម៌​សព្វ​ថ្ងៃ​នៅ​រុស្ស៊ី មាន​ចុះ​បញ្ជី​ផ្លូវការ​គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល ខ្ទង់
២​សែន​២​ម៉ឺន​ពី​ក្នុង​នោះ ជាង​១​សែន​គឺ​អង្គការ​សង្គម ២​ម៉ឺន​៥​ពាន់​ជា​អង្គការ​សាសនា​និង ១៨៨ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​បរទេស៕

 

tags: រុស្ស៊ី - សហរដ្ឋអាមេរិក
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close