ចន្ទ 10 កញ្ញា 2012
ដើម​កៅស៊ូ​កើត​ជំងឺ​កាន់​តែ​ច្រើន និង​រឹត​តែ​ធ្លាក់​ថ្លៃ
ចម្ការ​កៅស៊ូ​កម្ពុជា
ចម្ការ​កៅស៊ូ​កម្ពុជា
©RFI-សុខលីម
ដោយ គី សុខលីម

ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ អ្នកជំនួញ​ជាច្រើន​ទាំងខ្មែរ​ទាំង​បរទេស​នាំ​គ្នា​វិនិយោគ​ដាំ​កៅស៊ូ​​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ប៉ុន្តែនៅឆ្នាំ​២០១២​នេះ ​​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​យ៉ាង​គំហុក។ មិនត្រឹមតែ​ប៉ុណ្ណោះ ដំណាំកៅស៊ូ​បាន​និង​កំពុង​ប្រឈម​ទៅ​នឹង​ការយាយី​ពី​ជំងឺ​បន្ថែមទៀត។

 
​តួលេខ​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១១​កន្លងមក ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដីដាំ​កៅស៊ូ​ចំនួន​ប្រមាណ​ជា​២០ម៉ឺន​ហិកតា​​ពោល​គឺ​កើន​ឡើង​ប្រមាណ​ជា​១០​%​បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០។
 
សម្រាប់​ឆ្នាំ​​២០១២​នេះ ​ផ្ទៃដី​ដាំ​កៅស៊ូ​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ប៉ុន្តែ​គេ​មិនទាន់​មាន​តួលេខ​ពិតប្រាក​នៅ​ឡើយ​ទេ។ ការ​ប៉ាន់ស្មាន​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​ធ្លាប់​​បាន​អោយ​ដឹង​ថា នៅ​ឆ្នាំ​២០២០​ខាងមុខ​នេះ​ផ្ទៃ​ដី​ជៀជ័រ​កៅស៊ូ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​កើន​ឡើង​រហូត​ដល់​ជាង​២៨​ម៉ឺន​ហិចតា​និង​ទទួល​បាន​ផល​កៅស៊ូ​ក្រែប​ប្រមាណ​ជា​៣៥​ម៉ឺន​តោន​ក្នុង​ឆ្នាំៗ។ តួលេខ​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​បាន​រម្លឹក​អោយ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​១៩៦៧​ផ្ទៃដី​ដាំ​កៅស៊ូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​តែ​៦​ម៉ឺន​៤​ពាន់​​ហិកតា​ប៉ុណ្ណោះ។
 
បើ​ពិនិត្យ​លើតួ​លេខ​ខាង​លើ ផ្ទៃដី​ដាំ​កៅស៊ូ​កើន​ឡើងមែន​ប៉ុន្តែ​តម្លៃ​កៅស៊ូ​កំពុងដាំក្បាល​ចុះ។ កៅស៊ូ​នៅ​ដើម​ឆ្នាំ​២០១១​នេះ​មាន​តម្លៃ​ជាង​៥​ពាន់​ដុល្លារ​ក្នុង​មួយ​តោន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​និង​ជាង​៤​ពាន់​ដុល្លារ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​មកនៅ​ត្រឹមតែ​២១០០​ឬ​២២០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​តោន​នៅ​ដើម​ខែ​កញ្ញាឆ្នាំ ២០១២​នេះ​​ ពោល​គឺ​តម្លៃជ័រ​កៅ​ស៊ូ​បាន​ធ្លាក់ចុះ​ស្ទើ​រ​ពាក់​កណ្តាល​​។ ការ​ធ្លាក់​ថ្លៃ​នេះ​ត្រូវ​បាន​គេ​ទាញ​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​សកល ​ជាពិសេស ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ផលិត​កៅស៊ូ​កង់ឡាន​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក។
 
កៅស៊ូធ្លាក់ថ្លៃ​គឺ​ជា​រឿង​មួយ​ប៉ុន្តែ​រឿ​ងជំងឺ​យាយីដើម​កៅស៊ូ​កំពុង​ក្លាយ​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ។ ម្ចាស់​ចម្ការ​ដាំ​កៅស៊ូ​​នៅ​ក្នុង​ខេត្ត​កំពង់ចាម​មួយ​ចំនួន​បាន​និយាយ​ប្រាប់​ទាំង​ក្តី​បារម្ភ​ថា ជំងឺ​ផ្សិត​ស ជំងឺ​មិនចេញ​ជ័រ​សាច់លឿង និង​ជំងឺ​កណ្តៀរ​ស៊ី​ឫស​ដើម​កៅស៊ូ​កំពុង​បំផ្លាញ​កៅស៊ូ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ហើយ​ពួកគេ​ពិបាក​ធ្វើ​ការ​ទប់​ស្កាត់​ជំងឺ​ទាំង​អស់​នោះ។ ពិបាក​ទប់ស្កាត់​ពីព្រោះ​ថាទីមួយ៖​ប្រទេស​កម្ពុជា​ខ្វះ​អ្នកជំនាញ​ព្យាបាល​កៅស៊ូ​និង​ទីពីរ៖ប្រទេស​កម្ពុជា​ខ្វះថ្នាំ​ព្យាបាល​មាន​គុណភាព​សម្រាប់​ព្យាបាល​កៅស៊ូ។
 
ដោយសារ​បញ្ហា​ដោះស្រាយ​មិនចេញ​​ទាំងពីរ​នេះ អ្នក​វិនិយោគ​ដាំ​កៅស៊ូ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​អំពាវនាវ​ដល់​ក្រសួង​កសិកម្ម​ឬ​អ្នក​ជំនាញ​បរទេស​ ជាពិសេស​ អ្នក​ជំនាញ​ជនជាតិ​បារាំង​​​អោយ​ជួយ​ព្យាបាល​កៅស៊ូ​ពួកគេ​ផង​ បើ​ទោះ​បីជាត្រូវ​ការ​បង់​កម្រៃ​ក៏​ដោយ។
 
ក្នុង​មួយ​ឆ្នាំ​ៗ ម្ចាស់​ចម្ការ​ត្រូវ​បាន​កាត់​ដើម​ឬ​មែក​កៅស៊ូ​ចេញ​ពីដើម​កៅស៊ូ​ចំនួន​២០០​ដើម​ដោយសារ​តែខ្លាច​ជំងឺ​ទាំង​នោះរាល​ដាល​ទៅ​កាន់​ដើម​ផ្សេង​ៗ​ទៀត។ ជំងឺ​ផ្សិត​សរ ជំងឺ​មិន​ចេញ​ជ័រ​សាច់លឿង និង​ជំងឺ​កណ្តៀរ​ស៊ីឫស​ទើបតែ​កើត​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ ស្ថានភាព​ជំងឺ​កើត​នៅលើ​ដើម​កៅស៊ូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នៅ​ពេល​នេះ​នៅ​មិនទាន់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។
 
ប៉ុន្តែ​អ្នក​ជំនួញ​ដាំ​កៅស៊ូ​បារម្ភ​ថា ប្រសិនបើ​ជំងឺ​នេះ​ចេះ​តែ​ឆ្លង​ពី​ដើមមួយ​ទៅដើម​មួយ​ទៀត​នោះ ពេល​នោះ កៅស៊ូ​ភាគ​ច្រើន​នឹង​កើត​ជំងឺ​នេះ។ ហើយនៅពេល​ដែល​កៅស៊ូ​កើត​ជំងឺ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ ពេល​នោះ កៅស៊ូ​អាច​ងាប់​ដើម​ឬ​កៅស៊ូ​មិន​សម្បូរជ័រ។ ជាលទ្ធផល អ្នក​ជំនួញ​កៅស៊ូ​ប្រឈម​នឹង​ក្ស័យធន។
 
សូម​រម្លឹក​ថា កៅស៊ូ​ធម្មជាតិ​ត្រូវបាន​ជនជាតិ​បារាំង​ម្នាក់​យក​មកដាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩១០​នៅក្នុង​ស្រុក​ព្រៃ​នប់​ខេត្ត​កំពត​កាល​ជំនាន់​នោះ​​ប៉ុន្តែ​ក្រោយ​មក​ស្រុក​ព្រៃនប់​បាន​ស្ថិត​នៅក្នុង​ខេត្ត​កំពង់សោម​វិញ។ ការ​ដាំ​នៅទី​នោះ​ធ្វើ​ឡើង​បាន​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​ក៏​បាន​បោះបង់​ចោល​ទៅ​វិញ។
 
នៅ​ឆ្នាំ​១៩២០ ចម្ការ​កៅស៊ូ​កសិ-ឧស្សាហកម្ម​បាន​ចាប់ផ្តើម​ដាំដុះ​នៅលើ​ដី​ក្រហម​នៃ​ខេត្តកំពង់ចាម ​កំពង់ធំ​ ក្រចេះ​ និង​រតនៈគីរី។ នាពេលបច្ចុប្បនេះ ខេត្ត​កំពង់ចាម​ជា​ខេត្ត​ដែល​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ច្រើន​ជាង​គេ​បន្ទាប់មក​ទៀត​មាន​ដូចជា ខេត្តក្រចេះ ​​រតនគីរី មណ្ឌលគីរី​ កំពង់ធំ​ ស្ទឹងត្រែង​ ខេត្ត​ព្រះវិហារ ​និង​ខេត្ត​ដទៃ​ៗ​ផ្សេង​ទៀត។
 
កសិ-ឧស្សាហកម្ម​កៅស៊ូ​មាន​ការរីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ប៉ុន្តែ​កង្វះខាត​អ្នក​ជំនាញ​កៅស៊ូ​ដើម្បី​ធានា​​អោយ​ឧស្សាហកម្ម​ដ៏​មាន​សក្តានុពលមួយ​នេះ មាន​និរន្តភាពយូរអង្វែង​​គឺ​ជា​រឿង​មិន​អាច​មើល​រំលង​បាន​ឡើយ៕

ពាក្យគន្លឹះ : កម្ពុជា - សេដ្ឋកិច្ច
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close