ចិន-ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 26 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 26 មិថុនា 2012

HRW ៖ ចិន​ត្រូវ​ជួយ​ជនភៀស​ខ្លួន​កាឈិន

ជនភៀសខ្លួន​កាឈិន
ជនភៀសខ្លួន​កាឈិន
REUTERS/Soe Zeya Tun

ដោយ អៀង សុខម៉ិញ

ជន​ជាតិ​ភាគ​តិច​កាឈិន ជនជាតិ​ភាគតិច​នៅ​ភូមា ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ ទៅ​ជ្រក​កោន​នៅ​ប្រទេស​ចិន ដើម្បី​គេច​ពី​សង្គ្រាម​ ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ភូមា និង​កង​ប្រដាប់​អាវុធ​ឯករាជ្យ​កាឈិន ប៉ុន្តែ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​លក្ខខណ្ឌ​ជីវិត​ដ៏​គួរ​ឱ្យ​អស់​សង្ឃឹម​បំផុត ! នេះ​បើ​តាម​ការ​បរិហារ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch ដែល​អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​ក្រុង​ប៉េកាំង​បើក​ច្រក​ជំនួយ​មនុស្សធម៌។

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ
 

26/06/2012

ការ​ប្រយុទ្ធគ្នា នៅ​ភាគ​ខាង​ជើង​បំផុត​នៃ​ប្រទេស​ភូមា តាំង​ពី​ខែ​មិថុនា ២០១១​មក បាន​ជំរុញ​ឱ្យ​ជន​ស៊ីវិល​​ជាង​៧​ម៉ឺន​នាក់​រត់​គេច​ចេញ​ពី​ភូមិឋាន។ ក្នុង​ចំណោម​នោះ បើ​យោង​តាម​តួលេខ​របស់​អង្គការ​ការពារសិទ្ធិមនុស្ស HRW មាន​ប្រមាណពី ​៧​ពាន់​ទៅ​មួយ​ម៉ឺន​នាក់ បាន​ភៀស​ខ្លួន​ទៅ​ខេត្ត​យូណាន​របស់​ចិន ដែល​មាន​ព្រំ​ប្រទល់​ជាប់​ភូមា​។ ប៉ុន្តែ​លក្ខខណ្ឌ​ជីវិត​​ជន​ភៀស​ខ្លួន​ទាំង​នោះ​ ខ្វះ​សព្វ​ខ្វះគ្រប់ ជំរំ​រខេករខាក គ្មាន​ដំបូល​ត្រឹម​ត្រូវ គ្មាន​ស្បៀង​អាហារ​បរិភោគ​គ្រប់​គ្រាន់ គ្មាន​ទឹក​ស្អាត គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់ និង​គ្មាន​ការ​ថែទាំ​សុខភាព​​ សូម្បី​តែ​ក្នុង​កំរិត​បឋម​ចាំបាច់​សម្រាប់​ជីវិត។

 
គឺ​ជា​វិបត្តិ​មនុស្ស​ធម៌​ដ៏​ធ្ងន់ធ្ងរ​ និង​ពិតៗ ! ដ្បិត​ចិន​ដែល​ជា​ប្រទេស​ហត្ថលេខីមួយ​​​​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្តី​ពី​ជន​ភៀសខ្លួន មិន​បាន​​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ជន​ភៀសខ្លួន​កាឈិន ហើយ​​មិន​អនុញ្ញាត​អ្នក​ទទួល​បន្ទុក​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ក៏​ដូច​ជា​អង្គការ​​មនុស្សធម៌​ផ្សេងទៀត​ចូល​ទៅ​ជួយ​​ប្រជាជន​ទាំង​នោះ​ទេ ! នេះ​បើ​តាម​របាយកាណ៍​​មួយ​របស់​ HRW ក្រោម​ចំណង​ជើង​ថា “ឯកា​នៅ​យូណាន”។
 
សម្រាប់​អង្គការ ប្រសិន​បើ​ចិន​អនុគ្រោះ​ឱ្យ​ជនជាតិ​កាឈិន​ចូល​​ខេត្ត​យូណាន​ហើយ ចិន​ត្រូវ​មាន​ភារៈ​មើល​ការ​ខុស​ត្រូវ​ និង​គោរព​កាតព្វកិច្ច​ស្រប​តាម​ច្បាប់​អន្តរជាតិ គឺមិន​បញ្ជូន​ទៅ​ស្រុក​ដើម​វិញ​ និង​ត្រូវ​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​ឱ្យ​បាន​សម​ស្រប​តាម​តម្រូវការ។ មិន​ត្រឹម​តែ​មិន​ជួយ​សម្រួល​ការរស់​នៅ​ អាជ្ញាធរ​ចិន​ថែម​ទាំង​បាន​អនុវត្ត​ការ​ធ្វើ​តេស្ត​គ្រឿង​ញៀន​ នៅ​តាម​កំណាត់​ផ្លូវ​ ដើម្បី​ជំរិតយក​លុយ​ ឬ​បញ្ជូនអ្នក​ញៀន​​ភ្លាម​គ្មាន​បង្អង់ទៅ​កាន់​មណ្ឌល​អប់​រំ​ធ្វើ​ការ​ជា​ទម្ងន់។
 
ជន​ភៀសខ្លួន​កាឈិន​ទាំង​អស់​សុទ្ធ​តែអះអាង​ចង់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ នៅ​ពេល​មាន​សន្តិភាព។ ប៉ុន្តែ​រហូត​មកទល់​ពេល​នេះ​ការ​ចរចា​ឈប់​បាញ់​រវាង​រដ្ឋាភិបាល​និង​កងកម្លាំង​ឧទ្ទាម​កាឈិន​ពុំ​ទទួល​បាន​លទ្ធផល​សោះ ទោះ​បី​ជា​​ក្រុម​​បះបោរ​ ​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ឈប់​បាញ់​ ជាមួយ​រដ្ឋាភិបាល​ក៏​ដោយ៕

 

tags: ចិន - ជនជាតិ​ភាគតិច - ភូមា - សិទ្ធិមនុស្ស
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close