រដ្ឋាភិបាលប្រកាសតម្កល់រូបសំណាក សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅជិតវិមានឯករាជ្យ
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត ដែលចូលរួមប្រជុំ តាមប្រព័ន្ធវីដេអូខនហ្វឺរិន (Video Conference) ដើម្បីស្មឹងស្មាត រយៈពេល ១ នាទី ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានី-ខេត្ត ក្នុងការចូលរួមគោរព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលដល់ប្រជាពលរដ្ឋ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ក្នុងរយៈពេលកាន់ទុក្ខជាផ្លូវការរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី១៧តុលា ថ្វាយដល់ព្រះបរមសពព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។
តាមសេចក្តីប្រកាស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាពិនិត្យសួនច្បារ ចន្លោះពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក គឺនៅសួនច្បារមុខផ្ទះរបស់លោក ដើម្បីរៀបចំធ្វើជាទីតាំងសម្រាប់តម្កល់ រូបសំណាកព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ ដើម្បីទុក្ខជូនប្រជាពលរដ្ឋ និងគណៈប្រតិភូអន្តរជាតិគោរព។
ទន្ទឹមការសម្រេចលើកពេលប្រារព្ធពិធីបុណ្យសមុទ្រ ទៅធ្វើនៅដើមឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំត្រៀមសម្រាប់ការប្រារព្ធពិធីបូជាព្រះបរមសព ដែលអាចនឹងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំចិន នាខែកុម្ភៈ ដើមឆ្នាំ២០១៣ ខាងមុខនេះ ផងដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ