
វិស័យបច្ចេកវិទ្យាព័ត៌មានមានការរីកចម្រើនគួរអោយកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ដើម្បីការងារផង និងដើម្បីកម្សាន្តផង។ ប៉ុន្តែអ្វីដែលជា ការព្រួយបារម្ភ គឺការលេងហ្គែមតាមប្រព័ន្ធអ៊ិនធឺណិត។ បញ្ហានេះកំពុងរុញច្រានអោយក្មេងៗ និងយុវវ័យវក់វីភ្លេចការសិក្សា។
កាលពីប៉ុន្មានឆ្នាំមុន សាធារណជននិងរដ្ឋាភិបាលមានកង្វល់រឿងទូហ្គែម កាស៊ីណូនិងល្បែងភ្នាល់បាល់។ ក្តីកង្វល់កាលនោះបានជំរុញអោយរដ្ឋាភិបាលចេញសេចក្តីសម្រេចបិទល្បែងភ្នាល់បាល់និងហាមប្រាមមិនអោយប្រជាជនខ្មែរចូលលេងក្នុងកាស៊ីណូ។
សូមរម្លឹកបន្តិចថា នៅពេលដែលល្បែងចាក់បាល់ពេញនិយមខ្លាំងនោះ កូនសិស្ស និស្សិត និងមនុស្សវ័យចំណាស់មួយចំនួនវក់វីភ្លេចបាយទឹក ភ្លេចប្រពន្ធភ្លេចកូន។ អ្នកខ្លះ មិនមែនត្រឹមតែមានបញ្ហាជាមួយគ្រួសារទេ ប៉ុន្តែចាញ់លុយអស់យ៉ាងច្រើនដោយសារល្បែងចាក់បាល់។ ក្រៅពីល្បែងចាក់បាល់នៅមានទូហ្គែមសម្រាប់ក្មេងៗនិងកាស៊ីណូបន្ថែមទៀតប៉ុន្តែឥឡូវនេះ បញ្ហាទាំងអម្បាលម៉ានដែលបានរៀបរាប់ខាងលើនេះហាក់បីដូចជាថមថយទៅវិញបន្តិច ដោយសារវិធានការខ្លះរបស់រដ្ឋាភិបាល។
បញ្ហាមួយចំនួនបានថមថយទៅវិញមែន ប៉ុន្តែបញ្ហាថ្មីមួយទៀតបានចូលមករំខានក្នុងសង្គមខ្មែរដដែល។ បញ្ហាថ្មីនេះ គឺល្បែងហ្គែម អនឡាញតាមប្រព័ន្ធអ៊ីនធឺណិត។ នេះគឺជាល្បែងហ្គែមទាន់សម័យដែលមនុស្សគ្រប់វ័យអាចលេងតាមប្រព័ន្ធអ៊ីធឺណែតបាន។ ដើម្បីអាចលេងហ្គែមតាមប្រព័ន្ធអ៊ីនធឺណិតបាន គេត្រូវគោរពគោលការណ៍ពីរយ៉ាង។ ទីមួយ៖ត្រូវភ្ជាប់កុំព្យូទ័រទៅនឹងប្រព័ន្ធអ៊ីនធឺណិត។ គ្រាន់តែភ្ជាប់ភ្លាម គេអាចលេងហ្គែមមួយចំនួនបានដោយមិនអស់លុយទេ ពោលគឺអស់តែប្រាក់សម្រាប់បង់ថ្លៃសេវាអ៊ីនធឺណិតប៉ុណ្ណោះ។
រីឯ ចំពោះគោលការណ៍ទីពីរវិញ អ្នកលេងត្រូវអនុវត្តនីតិវិធីដូចចំណុចទីមួយដែរ។ ប៉ុន្តែពួកគេត្រូវបង្កើតគណនេយ្យពិសេសមួយផ្សេងទៀតនៅក្នុងក្រុមហ៊ុនហ្គែមណាមួយដើម្បីអាចលេងបាន។ លក្ខណៈខុសគ្នារវាងចំណុចទីមួយ និងទីពីរ គឺនៅត្រង់ថា ហ្គែមក្នុងចំនុចទីមួយគឺជាហ្គែមដដែលៗ។ រីឯហ្គែមក្នុងចំណុចទីពីរ គឺជាល្បែងហ្គែមដែលមានកម្រិតកាន់តែខ្ពស់ និងមានការប្រកួតប្រជែងរវាងដៃគូនិងដៃគូ។
ប្រសិនបើអ្នកលេងមានបំណងចង់ក្លាយជាអ្នកខ្លាំង នៅក្នុងល្បែងហ្គែមនេះ អ្នកលេងត្រូវតែហ៊ានទិញសម្ភារៈពីក្រុមហ៊ុន។ សម្ភាៈនេះគឺជាសម្ភារៈអរូបិយដែលគេទិញដើម្បីយកមកលេងនៅក្នុងប្រព័ន្ធអ៊ីនធឺណែត។ អ្នកវក់វីនឹងល្បែងហ្គែមនេះបាននិយាយប្រាប់ថា ការទិញអាចមានតម្លៃចាប់ពី៣ដុល្លារ ៥ដុល្លាររហូតដល់ទៅ៣០ដុល្លារក៏មានដែរ។ អ្នកលេងហ្គែមនេះត្រូវបានគេដឹងថា ភាគច្រើនគឺជាកុមារ និងយុវវ័យដែលមានអាយុចាប់ពី៨ឆ្នាំដល់អាយុ១៨ឆ្នាំ។
អ្នកលេងទាំងនេះត្រូវបានគេរាយការណ៍ថា បាននិងកំពុងលេងយ៉ាងវក់វី ភ្លេចបាយ ភ្លេចទឹក និងភ្លេចការសិក្សា។ ក្មេងៗខ្លះប្រាប់ឪពុកម្តាយថា ទៅសាលារៀន ប៉ុន្តែតាមពិត ពួកគេនាំគ្នាទៅលេងហ្គែមទេ។ ហាងអ៊ីនធឺណិតមួយចំនួនដែលធ្លាប់តែបម្រើសេវាកម្មអ៊ិនធឺណិតបានផ្លាស់ប្តូរមកបម្រើសេវាកម្មល្បែងហ្គែមអនឡាញវិញ ពីព្រោះអតិថិជនមួយចំនួនធំមានម៉ូដឹមសេវាកម្មអ៊ីធឺណិត ឬប្រើប្រាស់សេវាកម្មអ៊ីនធឺណែតនៅក្នុងហាងផ្សេងៗ។
អ្នកវិភាគសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមួយចំនួនបាននិយាយថា ល្បែងហ្គែមអនឡាញតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺបង្កការគ្រោះថ្នាក់ធំចំពោះកុមារ និងយុវវ័យ ពីព្រោះពួកគេមួយចំនួនបាន និងកំពុងចំណាយពេលយ៉ាងច្រើនជាមួយនឹងហ្គែមនេះ។ ល្បែងហ្គែមអនឡាញបានរុញច្រានអោយពួកគេខាតបង់ពេលវេលា ខាតលុយកាក់ និងរំខានដល់ការងារសិក្សា។ អ្នកវិភាគដដែលបានបន្តទៀតថា កាស៊ីណូ និងល្បែងភ្នាល់បាល់ គឺជាល្បែងដែលបះពាល់ខ្លាំងជាមួយមនុស្សពេញវ័យដែលចេះពិចារណា ប៉ុន្តែល្បែងហ្គែមអនឡាញនេះ គឺប៉ះពាល់ផ្ទាល់ជាមួយកុមារ និងយុវវ័យដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនាពេលអនាគត។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអត្ថាធិប្បាយជាទូទៅថា ល្បែងហ្គែមគ្រប់រូបភាពនឹងបំផ្លាញអនាគតកុមារ និងយុវជនខ្មែរ។ ដូច្នេះអាជ្ញាធរត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ