ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនតទៅទៀត ដោយសូមបន្តនិយាយពីទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសជប៉ុនម្តង។ សព្វថ្ងៃនេះ នៅក្នុងទ្វីបអាស៊ី ចិននិងជប៉ុនប្រៀបដូចជាភ្នំមួយខ្លាពីរអ៊ីចឹង។
ភ្នំមួយខ្លាពីរ នេះហើយជារូបភាពដែលស្តែងចេញពីវត្តមានរបស់ប្រទេសចិននិងរបស់ប្រទេសជប៉ុន នៅក្នុងទ្វីបអាស៊ីសព្វថ្ងៃ បានន័យថា ប្រទេសទាំងពីរចៀសមិនរួចពីមើលមុខគ្នាមិនចំ ប្រឈមមុខដាក់គ្នា និងប្រជែងឥទ្ធិពលគ្នា ។ ពីព្រោះចិននិងជប៉ុន ថ្វីដ្បិតជាអាស៊ីដូចគ្នាមែនពិត តែជាគំរូពីរផ្ទុយខុសគ្នាស្រឡះ។ ជប៉ុនមានរូបភាពជាមហាអំណាចត្រជាក់ មិនធ្វើឲ្យគេភ័យ រីឯចិនវិញជាមហាអំណាចក្តៅ ជាប្រភពនៃក្តីព្រួយបារម្ភ។ ជប៉ុនជាប្រទេសទំនើបមិនចាញ់បស្ចិមលោក។
ជប៉ុនជាប្រទេសទាន់សម័យ តាំងពីចុងសតវត្សរ៍ទី១៩ម្ល៉េះ ហើយរហូតមកទល់ដើមទសវត្សរ៍ទី៣០ ជប៉ុនជាគំរូសេដ្ឋកិច្ច មនោគមវិជ្ជានិងនយោបាយ សម្រាប់បណ្តាបញ្ញវន្តអាស៊ីមួយចំនួនធំ។ ក្រោយមកទៀត ជប៉ុនបានបាត់បង់តួនាទីជាប្រទេសគំរូនាំមុខគេនៅអាស៊ី ដោយហេតុតែខ្លួនជាអ្នកនាំអាទិ៍បង្កសង្គ្រាមលោកលើកទីពីរ។
ក៏ប៉ុន្តែ ចាប់ពីទសវត្សរ៍ទី៥០ទៅ ជប៉ុនមានកិត្យានុភាពនិងស្គាល់ភាពរុងរឿងឡើងវិញ រហូតដល់ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីមួយនៅអាស៊ី និងជាប្រទេសប្រជាធិបតេយ្យគំរូមួយដ៏ល្អសម្រាប់ប្រទេសអាស៊ីដទៃ។
រីឯចិនវិញ ជាប្រទេសដែលមានអារ្យធម៌រុងរឿង និងប្រវត្តិសាស្ត្រយូរលង់ ស្មើនឹងអារ្យធម៌ក្រិក(Grèce) ឬអារ្យធម៌រ៉ូម(Rome) នៅអឺរ៉ុប កាលពីជំនាន់ដើមដែរ តែបានបាត់បង់កេរ្តិ៍ឈ្មោះ នៅពេលដែលរបបកុម្មុយនិស្តឆ្នាំ១៩៤៩ បានជាន់ឈ្លីខ្ទេចខ្ទីគ្មានសល់អតីតកាលដ៏ត្រចះត្រចង់នេះ។ ចិនទើបតែមានឈ្មោះល្បីល្បាញឡើងវិញ ជាមហាអំណាច នៅអាស៊ីនារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លានៃប្រទេសខ្លួន។
ម្ល៉ោះហើយបើនិយាយជាសាមញ្ញ សព្វថ្ងៃចិននិងជប៉ុនដណ្តើមគ្នាធ្វើស្តេចនៅអាស៊ី ដោយប្រើមធ្យោបាយ យុទ្ធសាស្រ្ត និងនយោបាយ ខុសគ្នា។ ជប៉ុនអះអាងប្រាប់អាស៊ីថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ។ រីឯចិនវិញ ចៀសវាងមិននិយាយពីនយោបាយ លើកតម្កើងគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងនៃប្រទេសផ្សេង ឲ្យអាទិភាពទៅលើតែសេដ្ឋកិច្ច។ នៅចំពោះមុខបណ្តាប្រទេសដែលខ្លួនជួយ ជប៉ុនឲ្យតម្លៃទៅលើគម្រោងការអភិវឌ្ឍន៍យឺនយូរ មីក្រូគំរោងការ សង្គមស៊ីវិល និងអភិបាលកិច្ចល្អ។ រីឯចិនវិញអនុវត្តនយោបាយជំនួយគ្មានលក្ខខណ្ឌ ដូចជានៅភូមា ឬនៅកម្ពុជាជាដើម។
ការដណ្តើមឥទ្ធិពលគ្នារវាងចិននិងជប៉ុននៅអាស៊ី ស្តែងឡើងជាពិសេស តាមរយៈអភិក្រមនៃសមាហរ័ណកម្មតំបន់។ ថ្នាក់ដឹកនាំចិនចង់បានសមាហរ័ណកម្មមួយ ដែលប្រមូលយកតែបណ្តាប្រទេសអាស៊ីសុទ្ធសាធមកដាក់ជុំវិញប្រទេសខ្លួន ដោយមិនឲ្យមានការចូលរួមឬការជ្រៀតជ្រែកពីសំណាក់មហាអំណាចណាដែលមិនមែនជាអាស៊ី ដូចយ៉ាងសហរដ្ឋអាមេរិក ជាដើម។ រីឯជប៉ុនវិញចង់បើកចំហលំហដែនដីអាស៊ីដល់ប្រទេសផ្សេង ដូចជាអូស្រ្តាលី នូវែលសេឡង់ និងអាមេរិក។ គោលដៅ គឺរក្សាតុល្យភាពនៅអាស៊ី កុំឲ្យចិនមានប្រៀបខ្លាំងពេក។ ត្រង់ចំណុចនេះ បណ្តាប្រទេសអាស៊ានភាគច្រើនយល់ឃើញដូចជប៉ុនដែរ មិនចង់ឲ្យអាស៊ីក្លាយជាប៉ូលមួយដែលឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិន។
ការប្រជែងឥទ្ធិពលគ្នារវាងចិននិងជប៉ុនប្រព្រឹត្តទៅជាពិសេសនៅអាស៊ីអាគ្នេយ៍។ ជាក់ស្តែង នៅខែមករាឆ្នាំ១៩៩៧ ជាលើកទីមួយបង្អស់ នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះ គឺ Ryutaro Hashimoto ស្នើអាស៊ានឲ្យបង្កើតជំនួបកំពូលមួយឆ្នាំម្តងរវាងអាស៊ាននិងជប៉ុន។ ប៉ុន្តែ កាលណោះអាស៊ានរារែក បារម្ភខ្លាចចិនអាក់អន់ចិត្ត។ នៅទីបំផុត អាស៊ានសម្រេចចិត្តអញ្ជើញជប៉ុន ចិន និង កូរ៉េខាងត្បូង មកចូលរួមជាលើកទីមួយបង្អស់ក្នុងជំនួបកំពូលរបស់គេ នៅខែធ្នូ ឆ្នាំ១៩៩៧ ។ គឺជាការផ្តើមចាប់បដិសន្ធិឡើងនៃអ្វី ដែលគេឲ្យឈ្មោះថា«អាស៊ាន+៣»។ អាស៊ាន+៣ ត្រូវបានបង្កើតឡើងជាផ្លូវការ មួយឆ្នាំក្រោយមក គឺនាឱកាសជំនួបកំពូលនៅហាណូយប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៨ ពីព្រោះនៅឆ្នាំ១៩៩៨នោះ ប្រទេសអាស៊ីមួយចំនួនជួបនឹងការប្រែប្រួលនយោបាយ។ នៅឥណ្ឌូណេស៊ី របបផ្តាច់ការរបស់Suharto ដួលរលំ នៅម៉ាឡេស៊ី នាយករដ្ឋមន្ត្រីMahathir ដកឧបនាយករដ្ឋមន្រ្តីAnwar ដែលក្លាយជាគូប្រជែងចេញពីតំណែង នៅកូរ៉េខាងត្បូង Kim Dae Jung ជាប់ឆ្នោតជាប្រធានាធិបតី នៅជប៉ុនRyutaro Hashimoto ត្រូវបង្ខំចិត្តលាលែងពីតំណែងនាយករដ្ឋមន្រ្តី។ ការប្រែប្រួលនយោបាយទាំងអស់នេះ និងវិបត្តិហិរញ្ញវត្ថុអាស៊ី បានតម្រូវឲ្យបង្កើតឡើងយ៉ាងលឿនរហ័ស ជំនួបកំពូលអាស៊ានបូក+៣ នេះឡើង ដើម្បីជាឱកាសឲ្យថ្នាក់ដឹកនាំអាស៊ីផ្តោះប្តូរយោបល់ និងសាកល្បងរកដំណោះស្រាយ។
ការប្រជែងឥទ្ធិពលគ្នារវាងចិននិងជប៉ុនបានធ្លាយចេញហួសពីព្រំដែននៃទ្វីបអាស៊ី ហើយចូលទៅដល់វេទិកានៃអង្គការសហប្រជាជាតិ។ ជប៉ុនទាមទារចង់បានដូចចិនដែរ អាសនៈអចិន្ត្រៃយ៍មួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយសុំឲ្យលុបបំបាត់ចោលមាត្រាទី៥៣នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ មាត្រាទី៥៣នេះ ចាត់ទុកជប៉ុននិងអាល្លឺម៉ង់ដែលជាអ្នកបានបង្កសង្រ្គាមលោកលើកទីពីរថាជាប្រទេស«សត្រូវ»។ ក៏ប៉ុន្តែ ចិនដែលមានសិទ្ធិវេតូ មិនព្រមឲ្យលុបមាត្រានេះចោល។ ចិនអះអាងថា ជប៉ុនចង់សើរើប្រវត្តិសាស្រ្ត ចង់វិលទៅរកអតីតកាលយោធានិយមរបស់ខ្លួនវិញ។ ដូចគ្នាអ៊ីចឹងដែរ ចិនមិនព្រមឲ្យជប៉ុនក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះគឺមកពីចិនចង់រក្សាលក្ខន្តិកៈរបស់ខ្លួន ជាមហាអំណាចនយោបាយតែមួយគត់នៅអាស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ