អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​បារាំង​ទៅ​ម៉ិចស៊ិក​ដើម្បី​បិទ​ទំព័រ​ខ្មៅ បារំាង-ម៉ិចស៊ិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់​ផ្តើមទស្សនកិច្ច​ពីរថ្ងៃ នៅថ្ងៃ​ព្រហស្បតិ៍ទៅ ១០ មេសា នៅក្នុង​ប្រទេស​ម៉ិចស៊ិក។ ទស្សនកិច្ច​របស់ប្រមុខរដ្ឋ​បារាំង​នៅ​ម៉ិចស៊ិក​ត្រូវគេ​រំពឹងថា ធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ បន្ទាប់​ពី​បាន​រង​ល្អក់កករ​អស់ប៉ុន្មានឆ្នាំ​មកហើយ ដោយសារ​សំណុំរឿង​ស្រ្តី​បារាំង​Florence Cassez។ Florence Cassez ស្រ្តីជនជាតិបារាំង​ដែល​ត្រូវ​តុលាការ​ម៉ិចស៊ិក​ចាប់ដាក់ឃុំ​អស់​៧ឆ្នាំ ក្នុង​បទ​ចោទប្រកាន់​ចាប់ជំរិត។

ប្រធានាធិបតី​បារាំង (ឆ្វេង) និង​រដ្ឋមន្រ្តីការបរទេស​ម៉ិចស៊ិក នៅថ្ងៃ​ម៉ិចស៊ិក នៅថ្ងៃ​ទី ១០ មេសា ២០១៤
ប្រធានាធិបតី​បារាំង (ឆ្វេង) និង​រដ្ឋមន្រ្តីការបរទេស​ម៉ិចស៊ិក នៅថ្ងៃ​ម៉ិចស៊ិក នៅថ្ងៃ​ទី ១០ មេសា ២០១៤ AFP PHOTO/ Yuri CORTEZ
ផ្សាយពាណិជ្ជកម្ម

 

បារាំង និង​ម៉ិចស៊ិក​បាន​មើលមុខ​គ្នា​មិនចំ និង​ដំឡើងសរសៃក​ដាក់គ្នា ដោយសារ​តែ​សំណុំរឿង​ស្រ្តីបារាំង​Florence Cassez ដែល​ត្រូវ​បាន​តុលាការ​ម៉ិចស៊ិក​ចោទប្រកាន់​ពី​បទ​ចាប់ជំរិត នៅ​ក្នុង​ទឹកដី​ម៉ិចស៊ិក។ ការចោទប្រកាន់​ដែល​ស្រ្តី​បារាំង​តែងតែ​បដិសេធ។ កាលណោះ ដោយសារ​តែ​សំណុំរឿង នេះ អតីត​ប្រធានាធិបតី​បារាំង លោក​នីកូឡា សាកូហ្សី ដែល​ទាមទារ​ឲ្យ​គេ​ដោះលែង​ស្រ្តីជនជាតិ​បារាំង Florence Cassez បានសម្រេច​លុបចោល​ទិវា​បារាំង​នៅ​ប្រទេស​ម៉ិចស៊ិក។

ទើប​តែ​នៅ​ដើម​ឆ្នាំ ២០១៣ បន្ទាប់ពី​ទាំង​បារាំង និង​ម៉ិចស៊ិក​មាន​ប្រធានាធិបតី​ថ្មី ទើប​វិបត្តិ​ការទូត​រវាង​បារាំង និង​ម៉ិចសិក​បាន​ចុះធូរស្រាល​មកវិញ។ ការចរចា​ការទូត រវាង​ប្រទេស​ទាំងពីរ​បាន​ឈាន​ទៅដល់​ការដោះលែង​ស្រ្តីជនជាតិ​បារាំង​Florence Cassez នៅ​ខែ​មករា​ឆ្នាំ ២០១៣។ នៅពេលនោះ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ លោក​ប្រធានាធិបតី​​​បារាំង​បាន​ស្នើ ទៅលោក​ប្រធានាធិបតី​ម៉ិចស៊ិក អិនរិក​ពេនា នីតូ ឲ្យ​គេ​បង្កើត​ក្រុមប្រឹក្សា​យុទ្ធសាស្រ្ត​បារាំង ម៉ិចស៊ិក ដែល​មាន​តួនាទី​ស្វែងរក​វិធានការ​ជំរុញ​ការវិនិយោគ និង​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​នៅ​ម៉ិចស៊ិក​នៅថ្ងៃនេះ ក៏​ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​នយោបាយ​ការទូត​របស់​បារាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ បារាំង​ចង់​ផ្សះផ្សារ​​ទំនាក់ទំនង​ល្អ​ឡើងវិញ​ជាមួយ​នឹង​ម៉ិចស៊ិក ដោយ​បិទ​ចោល​ទំព័រ​ខ្មៅងងឹត ដែល​ប្រទេស​ទាំងពីរ​ធ្លាប់​មាន​កន្លងមក។ លោកប្រធានាធិបតី​ម៉ិចស៊ិក​បាន​សន្យា​ថា នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស នៅ​ចុង​ឆ្នាំនេះវិញដែរ។

ដោយពិតទៅ គេ​ខាន​បាន​ឃើញ​ ទំនាក់ទំនង​ការទូត​ដ៏​រឹងមាំ និង​ល្អប្រសើរ​រវាង​បារាំង និង​ម៉ិចស៊ិក​ អស់​ជាច្រើន​ឆ្នាំមកហើយ។ នៅ​អតីតកាល ទំនាក់ទំនង​ល្អ​រវាង​បារំាង​និង​ប្រទេស​នៅ​អាមេរិកឡាទីន​មួយនេះ ត្រូវ​បាន​កត់សំគាល់​ដោយ​ទស្សនកិច្ច​របស់​លោក​ឧត្តមសេនីយ៍​Charles de Gaulle នៅ​ឆ្នាំ ១៩៦៤ នៅ​ម៉ិចស៊ិក ដែល​នៅ​ទីនោះ មេដឹកនាំ​បារាំង​ដែល​ទទួល​ការស្វាគមន៍​យ៉ាងអធិកអធម​ពី​ប្រជាជន​ម៉ិចស៊ិក​បាន​លើកឡើង​ពី​ការតស៊ូ និង​ការប្រឆាំង​នឹង​ឥទ្ធិពល​របស់​សហភាព​សូវៀត និង​អាមេរិកាំង។

ជំនួញ​បារាំង ម៉ិចស៊ិក នៅ​ស្តួចស្តើង
នៅម៉ិចស៊ិក លោកប្រធានាធិបតី​បារាំង​ត្រូវ​អម​ដំណើរ​ប្រធាន​ក្រុមហ៊ុន​បារាំង​ធំៗ និង​រដ្ឋមន្រ្តី​ប្រមុខការទូត​បារាំង លោក​ឡូរ៉ង់ ហ្វាប្យូស ដែល​ទើប​តែ​កាន់តួនាទី​បន្ថែម គឺ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស។ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ប្រទេស​ទាំងពីរ​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​ជាង​៣០ នៅក្នុង​វិស័យ​អប់រំ សុខភាព អាកាសចរណ៍ សន្តិសុខ និង​ថាមពល។ នេះ​បើតាម​រដ្ឋមន្រ្តីការបរទេស​ម៉ិចស៊ិក។

តាមប្រធានសភាពាណិជ្ជកម្ម​ម៉ិចស៊ិកវិញ ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​ផ្តោតច្រើន​លើកិច្ច​ព្រមព្រៀង ប៉ុន្តែ នឹង​មាន​កិច្ច​សន្យា​តិច​បំផុត​ដែល​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​ទស្សនកិច្ច​ពីរ​ថ្ងៃនេះ។ កិច្ចការជំនួញ​រវាង​បារាំង និង​ម៉ិចស៊ិក​ជារឿង​ថ្មី នៅពេល​ដែល​បារាំង​និង​ម៉ិចស៊ិក​ធ្លាប់តែ​ទាក់ទង​គ្នា​ផ្នែក​វប្បធម៌ និង​អប់រំ។ នេះ​បើតាម​ប្រធានសភាពាណិជ្ជកម្ម​ម៉ិចស៊ិក។ រហូតមក បារាំង​ជា​ដៃគូពាណិជ្ជកម្ម នៅចំណាត់ថ្នាក់​ទី ១៦ របស់​ម៉ិចស៊ិក។ ទំហំដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តម្លៃ​ជិត ៤ពាន់​លាន​អឺរ៉ូ ដែល​ភាគច្រើន​គឺ​ទំនិញ​បារាំង​ដែល​នាំចូល​ទៅលក់​នៅ​ម៉ិចស៊ិក។ យ៉ាងណាក៏ដោយ ទីផ្សារ​សម្រាប់​អ្នកវិនិយោគ​បារាំង នៅ​ម៉ិចស៊ិក ​មាន​តែ​១ភាគរយ​ប៉ុណ្ណោះ គឺ​នៅឆ្ងាយ​ហៅមិនលឺ បើប្រៀបធៀប​អេស្ប៉ាញ និង​អង់គ្លេស។

លើកនេះ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​ទៅ​ម៉ិចស៊ិក​ផ្តោត​ជាពិសេស​ទៅលើ​បច្ចេកវិទ្យា​អាកាសចរណ៍។ ឧទាហរណ៍ ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ បារំាង​អាល្លឺម៉ង់ ​Airbus helicopters ត្រូវចុះហត្ថលេខា​លើ​ការបញ្ជាទិញ​ឧទ្ធម្ភាគចក្រ​ពី​ខាង​ទាហាន​ម៉ិចស៊ិក។ ក្រុម​អ្នកជំនួញ​ម៉ិចស៊ិក​បាន​ត្រៀម​ផងដែរ​ទុន​វិនិយោគ ​ប្រមាណ ២៥០​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​បារាំង​ដែល​នឹង​ធ្វើការ​ឲ្យ​ផ្នែកអាកាសចរណ៍​ម៉ិចស៊ិក។ គម្រោង​សំខាន់​មួយទៀត គឺ​ក្រុមហ៊ុន​បារាំង​Safran ត្រូវ​ចុះហត្ថលេខា លើ​កិច្ច​សន្យា​ដើម្បី​សាងសង់​រោងចក្រ​ផលិត​យន្តហោះ គ្មាន​មនុស្ស​បើក នៅ​ម៉ិចស៊ិក។

ក្រៅតែ​ពី​អាកាសចរណ៍ បារាំង​ក៏កំពុង​សម្លឹង​មើល​ឃើញ​ផងដែរ​ផ្នែក​ថាមពល​របស់​ប្រទេស​ម៉ិចស៊ិក។ រដ្ឋាភិបាល​ម៉ិចស៊ិក​ថ្មី ដែល​ចង់​បង្កើន​សេដ្ឋកិច្ច​ប្រទេស​បាន​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ ដោយ​បាន​ស្នើ​ឲ្យមាន​ការធ្វើ​ឯកជនភាវូបនីយកម្ម​លើ​ការធ្វើ​អាជីវកម្ម​ប្រេង។ កាលពី​ចុងឆ្នាំ មុន សភា​ម៉ិចស៊ិក​ក៏​បោះឆ្នោត ជា​លើកទីមួយ ទៅតាម​ការចង់​បាន​របស់រដ្ឋាភិបាល ដោយ​បាន​សម្រេច​ឲ្យ​ឯកជន​លូកដៃ ក្នុង​ក្រុមហ៊ុន​ផលិតប្រេង ដែល​ពីមុន​ធ្លាប់តែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​រដ្ឋ។ ក្រុមហ៊ុន​ប្រេង​បារាំង Totale​កំពុង​ចរចា​ជាមួយ​ក្រសួង​ថាមពល​ម៉ិចស៊ិក​ទៅលើ​ការបូមយក​ឧស្ម័ន​ហ្គាស ដែល​ស្ថិតនៅ​ភាគខាងជើង​ម៉ិចស៊ិក។

ទំនាក់ទំនង​ល្អ​ម៉ិចស៊ិក និង​បារាំង​នឹង​ត្រូវ​បំពុល​ម្តងទៀត ដោយសារ​សំណុំរឿង Versini
លោកស្រី​Maude Versini ជាអតីត​ភរិយា​របស់​លោក​Arturo Montiel អភិបាល​ក្រុង​ម្នាក់​នៅ​ម៉ិចស៊ិក។ តាម​កាសែត​ខ្លះ​គេ​ថា អតីតស្វាមី​របស់​Maude Versini ជា​មា និង​ខ្លះ​ទៀត​ថា ជា​គ្រូដឹកនាំ​របស់​ប្រធានាធិបតី​ម៉ិចស៊ិក​បច្ចុប្បន្ន។ កាលពី​ថ្ងៃ​ពុធ លោកស្រី​Maude Versini បាន​អំពាវនាវ​ដល់​ប្រធានាធិបតី​បារាំង និងម៉ិចស៊ិក​ជួយរក​យុត្តិធម៌ និង​អន្តរាគមន៍ ដើម្បី​ឲ្យ​ស្វាមី​លោកស្រី​ព្រមប្រគល់​កូន​របស់បីមក​ឲ្យ​លោកស្រីវិញ។ ស្រ្តីជនជាតិបារាំង​នេះ​បាន​សរសេរ​តាម​Tweeter​ទៅ​ប្រធានាធិបតី​បារាំង និង​ម៉ិចស៊ិក​ថា លោកស្រី​បាន​ឈ្នះក្តី​ដើម្បី​ចិញ្ចឹមកូន​ទាំងបី ប៉ុន្តែ អតីតស្វាមី​លោកស្រី​បាន​ឃាឃាំង​កូន​ទុក​នៅ​ម៉ិចស៊ិក បន្ទាប់ពី​ពួកគេ​បាន​ទៅធ្វើ​ដំណើរ​កំសាន្ត នៅទីនោះ។

ចង់ ឬ​មិនចង់ ដំណើរទស្សនកិច្ច​របស់​លោកប្រធានាធិបតី​បារាំង​នៅ​ម៉ិចស៊ិក​នឹង​អាច​ត្រូវ​ប៉ះពាល់ដោយសារ​សំណុំរឿង​ថ្មីនេះ​មិន​ខាន។ ជាពិសេស​ទៅទៀតនោះ គឺ​រឿង​នេះ​ត្រូវ​បាន​បំប៉ោង​ល្បីខ្ចរខ្ចាយ ចុះតាម​កាសែត ដោយសារ​តែ​ការលូកដៃ របស់​អតីត​ភរិយា​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ ដែល​លោក​ហូឡង់​ទើបតែលែងលះ។ លោកស្រី​Valerie Trierweiler អតីត​ភរិយា​ទីពីរ​របស់​លោក​ប្រធានាធិបតី​បារាំង បាន​សរសេរ​បើកចំហរ គាំទ្រ​ការទាមទារ​របស់​ស្រ្តីបារាំង​ខាងលើ។ ប្រមុខដឹកនាំ​បារាំង​អាច​ទើសទាល់​ក្នុង​រឿងនេះ។ ក្នុងគំនិតមួយ លោក​ចង់​បំពេញចិត្ត​ប្រជាជន​បារាំង ប៉ុន្តែ មួយវិញទៀត លោក​ក៏​មិន​ចង់​លើករឿងនេះ ទៅនិយាយ​ជាមួយ​ប្រធានាធិបតី​ម៉ិចស៊ិក ដែល​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង និង​រូបភាព​ការទូត​ដែល​កំពុង​តែ​ល្អ​នោះ ចុះ​ល្អក់កករ​នោះទេ។ គេ​ត្រូវ​​រង់ចាំ​មើល​ដំណើរ​ទស្សនកិច្ច​បន្តទៀត ដើម្បី​ចង់​ដឹង​ថា តើ​លោក​ប្រធានាធិបតី​បារាំង ហ៊ាន​អារកាត់​យ៉ាងណា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ