កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 17 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 17 តុលា 2012

មហាជន កក​កុញ ដូច​ពិធី​បុណ្យ​អុំទូក ពេល​ព្រះបរម​សព​សម្តេចឪ ចូល​វាំង

ហ្វូង​មហាជន​មក​ចូល​រួម​គោរព​​ព្រះ​បរមសព​សម្តេច​ឪ​ នរោត្តម សីហនុ
ហ្វូង​មហាជន​មក​ចូល​រួម​គោរព​​ព្រះ​បរមសព​សម្តេច​ឪ​ នរោត្តម សីហនុ
© Reuters

ដោយ លី ម៉េងហួរ

រហូត​ដល់​ព្រលប់​ម៉ោង ៥ និង ៣០ នាទី ថ្ងៃ​ពុធ ទី​១៧ ខែ​តុលា​នេះ ព្រះ​បរមសព ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចឪ ព្រះបាទ នរោត្តម សីហនុ បាន​ដង្ហែ​តាម​ព្រះទីនាំង ចូល​ដល់​ព្រះបរមរាជវាំង ក្រោម​ការទទួល និង​ដង្ហែ ដោយ​មហាជន​ប្រុស​ស្រី​ក្មេង​ចាស់​យ៉ាង​ណែនណាន់​តាន់តាប់ ប្រកបដោយ​ទឹកចិត្ត​ក្តុកក្តួល និង​សោកសង្រេង​ក្រៃលែង​។ ចាប់​ពី​វិមានឯករាជ្យ រហូតដល់​ព្រះបរមរាជវាំង មាន​មនុស្សម្នា​ត្រៀម​ត្រា ដូច​ពេល​បុណ្យអុំទូក​។ មហាជន​ស្លៀកពាក់​កាន់ទុក្ខ អាវ​ស ខោ ឬ​សំពត់​ខ្មៅ ដោយ​មាន​បូ​ខ្មៅ​ជា​សញ្ញា​សម្គាល់​កាន់​ទុក ខ្ទាស់​នៅ​នឹង​អាវ បាន​ឈរ​អម​សង្ខាង​ផ្លូវ លើកដៃ​ប្រណម កាន់​ធូប និង​ផ្កាឈូក រួម​ទាំង​ព្រះ​ឆាយា​លក្ខណ៍​សម្តេចឪ​។​

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ
 

17/10/2012

 

ព្រះទីនាំង រថយន្ត ដែល​រចនា​ជា​រូប​ហង្ស ដង្ហែ​ព្រះ​បរម​សព​ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​ចេញ​ដំណើរ​សន្សឹមៗ ពី​ព្រលាន​យន្តហោះ នៅ​ម៉ោង ៤ រសៀល និង​បាន​ដល់​ព្រះបរមរាជវាំង នៅ​ម៉ោង ៥ និង ៣០ នាទី ល្ងាច​ថ្ងៃ​ពុធ​នេះ។​
 
​ឡាន​បុស្បុក ត្រូវបាន​គេ​រចនា​លាប​ពណ៌​មាស ជា​រូប​សឹង្ហ រូប​ហង្ស និង​រូប​នាគ​។ មឈូស​មាស តម្កល់​ព្រះ​បរមសព​របស់​សម្តេច​ឪ ត្រូវបាន​ដាក់​នៅលើ​ឡាន​បុស្បុក ដែល​រចនា​ជា​រូប​ហង្ស បើក​អម​ដោយ​ម៉ូតូ​ស​របស់​ប៉ូលិស។ ឡាន​នាំមុខ មាន​តាំង​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះករុណា យ៉ាង​ធំ​។ ចំណែក​ព្រះសង្ឃ ដែល​គង់​លើ​ឡាន​រូប​នាគ បាន​សូត្រធម៌។ ព្រះសង្ឃ​ជា​ច្រើន​អង្គ ដែល​គង់​ឈរ​តាមផ្លូវ នៅ​វិមាន​ឯករាជ្យ និង​តាម​ដងផ្លូវ​ដង្ហែ​ទៅកាន់​ព្រះបរមរាជវាំង ក៏​បាន​សូត្រធម៌ បង្សុកូល ឧទ្ទិស​កុសល​ថ្វាយ​ព្រះករុណា​សម្តេចឪ​ផងដែរ។
 
​នៅលើ​ផ្លូវ​ម្តុំ​វិមានឯករាជ្យ បន្ត​លើ​កំណាត់​ផ្លូវ​ព្រះសីហនុ ឆ្ពោះ​ទៅកាន់​មាត់​ទន្លេ និង​កំណាត់​ផ្លូវ​ព្រះ​សុធា​រស បត់​ឆ្វេង​ទៅកាន់​ព្រះបរមរាជវាំង ក​កុញ​ដោយ​មនុស្សម្នា​ពេញ​ផ្លូវ ប្រៀប​ដូច​ទិដ្ឋភាព នៅ​ពេល​បុណ្យ​អុំទូក។ មហាជន​ទាំងនោះ បាន​ត្រៀម​ចាំ​ទទួល និង​ដង្ហែ​ព្រះ​បរមសព សម្តេចឪ ចាប់តាំងពី​ពេលបាយ​ថ្ងៃ​ត្រង់​មក​ម្ល៉េះ។​
 
​ទិដ្ឋភាព​នៅ​មុខ​ព្រះបរមរាជវាំង មហាជន​រាប់ម៉ឺន​នាក់ បាន​ប្រមូលផ្តុំ លើកដៃ​ប្រណម គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ដោយ​សំឡេង​សោកសង្រេង និង​យំសោក បាន​លាន់​ឡើង​ដោយ​ក្តីរន្ធត់ យ៉ាង​កងរំពង។​
 
​ព្រះ​បរមសព​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ត្រូវ​តម្កល់​នៅ​ព្រះបរមរាជវាំង រយៈពេល​មិន​តិច​ជាង ៣ ខែ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​តាម​ប្រពៃណី។ ក្នុង​រយៈពេល ៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ប្រទេស​កម្ពុជា ក្នុងការ​កាន់ទុក្ខ​ថ្វាយ​សម្តេច​ព្រះ នរោត្តម សីហនុ៕​

 

tags: កម្ពុជា - នរោត្តម សីហនុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close