អានតួអត្ថបទ
មហាសេដ្ឋី

ពិភពលោក​មាន​មហាសេដ្ឋី​ច្រើន​ដល់​កំពូល

​ ១២២៦​នាក់ ! នេះ​ជា​ចំនួន​មហាសេដ្ឋី​ ​មាន​ទ្រព្យ​ចាប់​ពី​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក​ឡើង​ទៅ នៅ​លើ​ពិភពលោក! បើ​យោង​តាម​ចំណាត់​ថ្នាក់​របស់​​​ទស្សនាវដ្តី​អាមេរិក Forbes ដដែល​ ឆ្នាំ​នេះ​ ចំនួន​មហាសេដ្ឋី​បាន​កើន​ឡើង​​ដល់​កំរិត​កំពូល មិន​ធ្លាប់​មាន ហើយ​ជនជាតិ​ម៉ិចស៊ិក ​កាឡូស ស្ល៊ីម ជា​មហាសេដ្ឋី បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ មាន​ទ្រព្យច្រើន​ជាង​គេ ​លំដាប់​លេខ​មួយ​ -ជា​លើក​ទី​បី​។

មហាសេដ្ឋី​ថ្មី Sara Blakely - Bidzina Ivanishvili មហាសេដ្ឋី​កំពូល​របស់​អាស៊ី Li Ka-shing និង​មហាសេដ្ឋី​កំពូល​ Carlos Slim (ពីឆ្វេង​ទៅ​ស្តាំ)
មហាសេដ្ឋី​ថ្មី Sara Blakely - Bidzina Ivanishvili មហាសេដ្ឋី​កំពូល​របស់​អាស៊ី Li Ka-shing និង​មហាសេដ្ឋី​កំពូល​ Carlos Slim (ពីឆ្វេង​ទៅ​ស្តាំ) Forbes
ផ្សាយពាណិជ្ជកម្ម

 

ពិភពលោក​​បាន​និ​ងកំពុង​ ស្គាល់​​វិបត្តិសេដ្ឋកិច្ចអូសបន្លាយ​ ប៉ុន្តែ​ចំនួន​មហាសេដ្ឋី បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ ឆ្នាំ​នេះ​មាន​មហាសេដ្ឋី​ចំនួន​១៦​នាក់​បន្ថែម​ទៀត ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​​​ក្នុង​បញ្ជី​អ្នក​មាន​ទ្រព្យ​ចាប់​ពី​១ពាន់លាន​ដុល្លារ​ឡើង​ទៅ។ កាលពី​២៥​ឆ្នាំ​មុន ពោល​គឺ​នៅ​ពេល​ទស្សនាវដ្តី​​ផ្តើម​ផ្តល់​ចំណាត់​ថ្នាក់​ដល់​អ្នក​មាន​ជា​លើក​ទីមួយ ចំនួន​មហាសេដ្ឋី មាន​ត្រឹម​តែ​១៤០​នាក់​ និង​មាន​ទ្រព្យ​ធន​សរុប តែ​ ២៩៥ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

នៅឆ្នាំ​២០១២ ចំនួន​​មហាសេដ្ឋី​បាន​ឡើង​ដល់​ ​១២២៦​នាក់ ក្នុង​នោះ​១០៤​នាក់​ជា​ស្ត្រី មក​ពី ប្រទេស​ចំនួន​៥៨ មាន​ទ្រព្យសរុប​ដល់​ទៅ​៤៦០០​ពាន់​លាន​ដុល្លារ។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ប្រមូល​ផ្តុំ​មហាសេដ្ឋី​ច្រើន​ជាង​គេ (៤២៥​នាក់) ក្នុង​នោះ​មាន​ម្នាក់​ជាអភិបាល​ក្រុង​ញូវយ៉ក។ បន្ទាប់​មក​ ប្រទេស​រុស្ស៊ី និង​ទីបី​គឺ​ប្រទេស​ចិន។ ក្រុង​ម៉ូស្គូ​ ទាក់ទាញ​មហាសេដ្ឋី​មក​រស់​នៅ​ដល់​ទៅ ៧៨​នាក់ ចំណែក​ញូវយ៉ក​៥៨​នាក់ និង​៣៩​នាក់​នៅ​ឡុងដ៍។

មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត ជា​ជនជាតិ​ម៉ិចស៊ិក (៦៩ពាន់​លាន)។ ម្ចាស់​ក្រុមហ៊ុន​ផលិតផល​ប្រណិត​ម៉ាកអិលវ៉េ (Louis Vuitton) ជនជាតិ​បារាំង ជាប់​ចំណាត់​ថ្នាក់​លេខ​បួន។ ប៉ុន្តែ អភិបាល​ក្រុង​ញូវយ៉ក និង​Mark Zuckerberg អ្នក​បង្កើត​បណ្តាញ​សង្គម​​ហ្វេប៊ូក ជាមហាសេដ្ឋី​ដែល​មាន​ទ្រព្យ​កើន​ឡើង​ជា​លំដាប់។ អាយុ​ទើប​២៧​ឆ្នាំ មហាសេដ្ឋី​ហ្វេសប៊ុក​វ័យ​ក្មេង​ជាងគេ​បំផុត​ទីពីរ មាន​ទ្រព្យ​១៧ពាន់​៥រយ​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង​៤ពាន់​លាន​ដុល្លារ។ ផ្ទុយទៅ​វិញមហាសេដ្ឋី​ជនជាតិ​ឥណ្ឌា​ដែល តាំង​ពី​ឆ្នាំ​២០០៤​ ​ធ្លាប់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​មាន​ខ្លាំង​១០​នាក់​ដំបូង បាន​ធ្លាក់​ចំណាត់​ថ្នាក់​នៅ​ឆ្នាំ​នេះ ដោយ​បាត់​បង់​ទ្រព្យ​ធនអស់​​ជាង​១០​ពាន់​លាន​ដុល្លារ​ ក្នុង​​​​មួយ​ឆ្នាំ​កន្លងទៅ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ