អតីតកម្មាភិបាលខ្មែរក្រហម នៅភូមិភាគនិរតី ចូលបំភ្លឺតុលាការ

អតីតកម្មាភិបាលខ្មែរក្រហម ប្រចាំភូមិភាគនិរតី អ្នកស្រី ប្រាក់ យុទ្ធ ដែលជាសមាជិកសភាតំណាងប្រជាជន សម័យខ្មែរក្រហម បានចូលធ្វើជាសាក្សី និងផ្តល់សក្ខីកម្ម ក្នុងសវនាការ លើសំណុំរឿង០០២ នៅថ្ងៃព្រហស្បតិ៍ ទី២៦ មករានេះ។ អ្នកស្រី ប្រាក់ យុទ្ធ បានឆ្លើយតបនឹងសំណួរជាច្រើនរបស់ភាគីសហព្រះរាជអាជ្ញា ទាក់ទងនឹងនយោបាយខ្មែរក្រហម ចំពោះការជម្លៀសប្រជាជនពីទីប្រជុំជន និងអំពីសៀវភៅ ទស្សនាវដ្តី ទង់បដិវត្ត របស់ខ្មែរក្រហម ជាដើម។ ក៏ប៉ុន្តែអតីតកម្មាភិបាល អ្នកស្រី ប្រាក់ យុទ្ធ បានបដិសេធថា មិនបានដឹងអ្វីទាំងអស់ ទាក់ទងនឹងសមាជិកភាពរបស់ខ្លួន នៅក្នុងសភាតំណាងប្រជាជន ដែលមានលោក នួន ជា ជាប្រធាន។
មានអាយុ ៦៧ ឆ្នាំ អ្នកស្រី ប្រាក់យុទ្ធ បានផ្តល់សក្ខីកម្ម នៅតុលាការខ្មែរក្រហម ចាប់តាំងពីរសៀលថ្ងៃទី២៥មករា ឆ្នាំ២០១២ ក្នុងនាមជាសាក្សី។ អតីតកម្មាភិបាលខ្មែរក្រហម នៅភូមិភាគនិរតី ក្នុងខេត្តកំពត អ្នកស្រី ប្រាក់ យុទ្ធ ក្រោយពីខ្មែរក្រហមឡើងកាន់អំណាច បានជាប់ជាសមាជិក សភាតំណាងប្រជាជនរបស់ខ្មែរក្រហម ដែលលោកនួនជា ជាប្រធាន។
អ្នកស្រី ប្រាក់ យុទ្ធ បានលើកឡើងថា នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៦ អ្នកស្រីបានធ្វើការជាសមាជិករបស់បក្សកុម្មុយនិស្តកម្ពុជា ជាសមាជិកទី៦ នៅតំបន់ ៣៥ ក្នុងខេត្តកំពត ដែលទទួលខុសត្រូវ នៅស្រុកកំពត។ រហូតដល់ឆ្នាំ១៩៧៧ ទើបត្រូវបានគេផ្លាស់ប្តូរឲ្យទៅធ្វើការនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយមកនៅឆ្នាំ១៩៧៨ ក្នុងពេលខ្មែរក្រហម កំពុងកាន់អំណាច អ្នកស្រី ប្រាក់ យុទ្ធ ត្រូវបានផ្លាស់ឲ្យទៅធ្វើការនៅខេត្តបាត់ដំបង។
ដោយអះអាងថា បានចូលធ្វើបដិវត្តជាមួយខ្មែរក្រហម តាំងពីអាយុ ១៣ ឆ្នាំ ក្នុងសវនាការ នៅព្រឹកមិញ អ្នកស្រី ប្រាក់ យុទ្ធ បានឆ្លើយតបនឹងភាគីសហព្រះរាជអាជ្ញាថា ក្នុងពេលធ្វើការនៅខេត្តកំពត អ្នកស្រី បានឮ និងបានឃើញការជម្លៀសប្រជាជន ចេញពីទីក្រុងកំពត។ ប៉ុន្តែអតីតសមមិត្តនារី អាយុ ៦៧ ឆ្នាំរូបនេះ បានបដិសេធថា អ្នកស្រីមិនបានដឹងពីផែនការជម្លៀសប្រជាជននោះទេ ព្រោះជាការសម្រេចរបស់អង្គការថ្នាក់លើ។
អ្នកស្រី ប្រាក់ យុទ្ធ ក៏បានលើកឡើងថា អ្នកស្រីបានឃើញសៀវភៅ ទស្សនាវដ្តី ទង់បដិវត្ត ដែលជាសៀវភៅមនោគមវិជ្ជា របស់ខ្មែរក្រហម ក្នុងពេលធ្វើជាសមាជិករបស់បក្សកុម្មុយនិស្តកម្ពុជា។ ប៉ុន្តែអ្នកស្រីមិនបានទទួល និងអាននូវទស្សនាវដ្តី ទង់បដិវត្តនោះទេ ដោយសារតែអ្នកស្រីមិនសូវចេះអក្សរ។
ក្នុងសវនាការនាពេលរសៀលថ្ងៃទី២៦មករានេះ អ្នកស្រី ប្រាក់ យុទ្ធ ក៏បានយល់ស្របនឹងការលើកឡើងរបស់សហព្រះរាជអាជ្ញារងអន្តរជាតិថា អ្នកស្រី និងប្តី បានជាប់ឆ្នោត ដោយមិនដឹងខ្លួន ជាសមាជិកសភាតំណាងប្រជាជនខ្មែរក្រហម។ ក្រោយមក ប្តីរបស់អ្នកស្រី ប្រាក់ យុទ្ធ ត្រូវខ្មែរក្រហមចាប់ខ្លួន។
ក៏ប៉ុន្តែអ្នកស្រីប្រាក់យុទ្ធ អះអាងថា អ្នកស្រីមិនធ្លាប់បានចូលរួមប្រជុំ ឬក៏បោះឆ្នោតអនុម័ត ក្នុងកិច្ចប្រជុំរដ្ឋសភាខ្មែរក្រហម ហើយក៏មិនដែលបានជួបលោក នួន ជា ប្រធានសភាតំណាងប្រជាជនខ្មែរក្រហមម្តងណាឡើយ។ ក្នុងនោះរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភាខ្មែរក្រហម ដែលត្រូវប្រជុំសម្រេចលើសំណើរបស់សម្តេចព្រះ នរោត្តម សីហនុ សុំលាលែងពីប្រមុខរដ្ឋខ្មែរក្រហម នៅឆ្នាំ១៩៧៦ ក៏សាក្សី អ្នកស្រី ប្រាក់ យុទ្ធ មិនបានដឹងឮឡើយ។
ការឆ្លើយបំភ្លឺរបស់អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បានធ្វើឡើង ក្រោយពីសាក្សី លោក វ៉ាន់ថាន់ ពៅដារ៉ា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជារបស់លោក ឆាំងយុ បានបញ្ចប់សក្ខីកម្ម ផ្តល់ចម្លើយ ក្នុងអង្គសវនាការ កាលពីថ្ងៃចន្ទ ដល់ព្រឹកថ្ងៃពុធ ទី២៥មករា ឆ្នាំ២០១២។ តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងជុំវិញការប្រមូលឯកសារ ភស្តុតាងសម័យខ្មែរក្រហម ដែលត្រូវបានក្រុមមេធាវីការពារក្តី នួន ជា អៀងសារី និងខៀវសំផន ចាត់ទុកថា ឯកសារជាង ៥ សែនទំព័រ ដែលផ្តល់ឲ្យតុលាការខ្មែរក្រហម មានភាពលម្អៀង ព្រោះឯកសារទាំងនោះ ទទួលបានពីរដ្ឋាភិបាលកម្ពុជា និងពីប្រទេសវៀតណាម ជាដើម៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ