ដៃស្តាំ ប៉ូ ស៊ីឡៃ ជាប់ទោស១៥ឆ្នាំក្នុងពន្ធនាគារ
Wang Lijun មនុស្សសំខាន់ម្នាក់នៃសំណុំរឿងលោក ប៉ូ ស៊ីឡៃ (រឿងអាស្រូវនយោបាយដ៏ធំមួយក្នុងបក្សកុម្មុយនិស្តចិន) ត្រូវបានតុលាការចិន ប្រកាសសាលក្រម នៅថ្ងៃចន្ទ ទី២៤ កញ្ញា ២០១២នេះ កាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ។ ជាអតីតដៃស្តាំរបស់ លោក ប៉ូស៊ីឡៃ ប្រមុខបក្សកុម្មុយនិស្តខេត្តចុងឈីង (Chongqing) អតីតមេប៉ូលិសរូបនេះត្រូវជាប់ទោស ពីបទ ប្រព្រឹត្តអំពើពុករលួយ - ប្រើអំណាចហួសហេតុ- ប្តូរតួនាទីបន្ទាប់ពីបានលួចគេចទៅសំងំលាក់ខ្លួននៅស្ថានកុងស៊ុលអាមេរិក និងបានលួចបង្វែរច្បាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
អតីតមេប៉ូលិសចុងឈីង ដែលគេស្គាល់ច្បាស់ថាជាដៃស្តាំរបស់ឥស្សរជននយោបាយដ៏ត្រដែតត្រដឹម ប៉ូស៊ីឡៃ ត្រូវបានតុលាការរកឃើញថាមានប្រព្រឹត្តកំហុសធំៗបួន រាប់ទាំងអំពើពុករលួយមួយផង។ នៅប្រទេសចិន ទោសប្រព្រឹត្តអំពើពុករលួយអាចនឹងទទួលទោសប្រហារជីវិតផង។ នេះនៅមិនទាន់គិតអំពីទោសកំហុស លាក់បាំងឃាតកម្មសម្លាប់មនុស្ស ផ្ទេរតំណែង និងលួចស្តាប់ការពិភាក្សារបស់ប្រមុខបក្សតាមទូរស័ព្ទដោយខុសច្បាប់។
ប៉ុន្តែ ដោយបានផ្តល់សក្ខីកម្មដាក់បន្ទុកលើគ្រួសារប៉ូស៊ីឡៃ លោក វាង លីជន់ អាចជួយសង្គ្រោះជីវិតខ្លួនឯងបាន។ កាលពីថ្ងៃបិទបញ្ចប់សវនការ សប្តាហ៍មុន រដ្ឋអាជ្ញារបានថែមទាំងប្រកាសទាមទារការលើកលែងទោសផង។
ការបើកកកាយរឿងអាស្រូវ បានអនុញ្ញាតឱ្យតុលាការកាត់ទោសប្រហារជីវិត ដោយព្យួរទោស អ្នកស្រី ហ្គូ កៃឡៃ ភរិយាលោកប៉ូស៊ីឡៃ ពីបទបានដាក់ថ្នាំពុលសម្លាប់ពាណិជ្ជករជនជាតិអង់គ្លេស កាលពីខែវិច្ឆិកាឆ្នាំ២០១១។ ហ្គូ កៃឡៃ បានស្នើសុំឱ្យ វាងលីជន់ បិទបាំងសំណុំរឿងឃាតកម្ម។ អតីតមេប៉ូលិសបានធ្វើតាមបញ្ជា ប៉ុន្តែដោយលើកឡើងពីសង្ស័យមួយចំនួនទៅកាន់លោក ប៉ូស៊ីឡៃ ជាមេកើយ។ លោក ប៉ូស៊ីឡៃ បានទះកំផ្លៀង និងគំរាមភ្លាម ទើបវាងលីជន់ រត់គេចទៅស្ថានកុងស៊ុល ដើម្បីសំងំលាក់ខ្លួនអស់៣៦ម៉ោង។
វគ្គទះកំផ្លៀងត្រូវបានអាជ្ញាធររៀបរាប់បង្ហាញជាផ្លូវការ។ ដូច្នេះទម្ងន់ទោសកំពុងធ្លាក់លើលោកប៉ូស៊ីឡៃ។ លោកប៉ូស៊ីឡៃ ដែលនៅពេលនេះ ជាប់អង្កេតតែក្នុងជួរបក្សប៉ុណ្ណោះ ព្រោះជាទម្លាប់ ឱ្យតែមេធំៗមានបញ្ហា បក្សកុម្មុយនិស្តចិន តែងចាត់ការស្ងាត់ៗក្នុងរង្វាងបក្ស។
ប៉ុន្តែលើកនេះ ឈ្មោះលោក ប៉ូស៊ីឡៃ បានត្រូវលាតត្រដាងយ៉ាងច្បាស់ ដោយ វាង លីជន់ នៅចំពោះមុខចៅក្រម។ បើតាមអ្នកវិភាគ គឺមានន័យថា នឹងអាចមានសវនាការមួយទៀត។ លោក ប៉ូស៊ីឡៃ អាចនឹងត្រូវបណ្តេញពីបក្ស បន្ទាប់មកអាចនឹងត្រូវបញ្ជូនទៅតុលាការកាត់ទោសពីបទឃុបឃិតធ្វើឃាតកម្ម៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ